ភ្នំពេញៈ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃឲ្យដឹងថា លទ្ធផលដែលលោកទទួលបានជាបឋមគឺខេត្តចំនួន ២០ ក្នុងចំណោមរាជធានី-ខេត្តទាំង ២៥ បានគាំទ្រចំណុចនៃការហាមស្លៀកពាក់ខ្លីខើចលើខើចក្រោមខ្លាំងរបស់ស្ត្រីនៅក្នុងសេចក្តីព្រាងច្បាប់សណ្តាប់ធ្នាប់សាធារណៈ ដោយគ្រាន់តែស្នើឲ្យមានការចែងលម្អិតបន្ថែមទៀតនូវពាក្យពេចន៍ និងទីកន្លែងឲ្យបានច្បាស់លាស់ប៉ុណ្ណោះ។
ក្រសួងមហាផ្ទៃបានសម្រេចបញ្ចប់សេចក្តីព្រាងច្បាប់នេះក្នុងដំណាក់កាលក្រុមការងារនៃក្រសួងកាលពីថ្ងៃទី ១៦ ខែមិថុនា និងបានបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ដើម្បីទទួលបានមតិយោបល់ និងធាតុចូលសម្រាប់បំពេញបន្ថែម ដើម្បីធ្វើការកែតម្រូវ និងបន្ថែមពាក្យពេចន៍ក្នុងការធ្វើឲ្យច្បាប់នេះកាន់តែល្អប្រសើរ។
លោក អ៊ុក គឹមលេខ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា បន្ទាប់ពីបញ្ជូនសេចក្តីព្រាងច្បាប់បឋមនេះទៅកាន់រាជធានី-ខេត្តទាំង ២៥ ក៏មានខេត្តចំនួន ២០ បានធ្វើការជជែកពិភាក្សា និងបានប្រគល់ត្រឡប់នូវធាតុចូលរបស់ពួកគេមកកាន់ក្រុមការងារវិញ។
លោកបន្តថា ក្នុងចំណោម ២០ ខេត្តនោះ គឺបានឯកភាពលើខ្លឹមសារទាំងអស់ ដោយគ្រាន់តែស្នើឲ្យមានការកែប្រែចំណុចខ្លះៗទៅតាមពាក្យពេចន៍ និងទីកន្លែងស្របទៅតាមតំបន់របស់ខ្លួន ហើយក្នុងនោះក៏បានស្នើឲ្យមានការបញ្ជាក់ឲ្យបានលម្អិត ជុំវិញចំណុចហាមប្រាមស្លៀកខ្លី និងបុរសមិនពាក់អាវនៅតាមទីសាធារណៈផងដែរ។
លោកបញ្ជាក់ថា៖ «យើងសនិ្នដ្ឋានថា មិនមានអ្វីប្លែកទេ ការចូលរួមយោបល់របស់ខេត្តទី១ គឺគាំទ្រសេចក្តីព្រាងច្បាប់។ ទី២ ដោយគ្រាន់តែស្នើកែឃ្លាឃ្លោងខ្លះ សុំឲ្យបន្ថែមឃ្លាឲ្យច្រើន។ គាត់សុំបន្ថែមទៅតាមស្ថានភាពជាក់ស្តែងនៃខេត្តនីមួយៗ។ អត់មានការជំទាស់ទៅនឹងមាត្រាដែលមានចែងពីការស្លៀកពាក់ខ្លីទេ ភាគច្រើនពួកគាត់ព្រម តែក៏មានការស្នើសុំឲ្យបន្ថែមកន្លែងមាត់សមុទ្រ ឬកន្លែងជាក់លាក់ ព្រោះចំណុចជារួម គឺគាំទ្រ»។
បើតាមលោក អ៊ុក គឹមលេខ បន្ទាប់ពីបានទទួលធាតុចូលពីរាជធានី-ខេត្តទាំង ២៥ ក្រុមការងារនឹងកែប្រែខ្លឹមសារទៅតាមការស្នើឡើងមុននឹងឈានទៅដល់ការប្រជុំពិភាក្សាជាថ្នាក់ក្រសួង ថ្នាក់អន្តរក្រសួង និងបញ្ជូនទៅរដ្ឋាភិបាល ពិនិត្យជាចុងក្រោយមុននឹងបញ្ជូនទៅរដ្ឋសភា អនុម័ត។
លោកបញ្ជាក់ថា៖ «ខេត្តនីមួយៗមានចំណុចខុសគ្នា...ហើយរឿងស្លៀកខ្លី ពាក់ខ្លីមិនសម្រេចលើខ្ញុំទេ អាស្រ័យលើការពិភាក្សាគ្នាបន្តទៀតក្នុងដំណាក់កាលអន្តរក្រសួង ជាពិសេសក្រសួងវប្បធម៌»។
សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈត្រូវបានរដ្ឋាភិបាល បង្កើតក្រុមការងារ ធ្វើការសិក្សា និងចងក្រងឡើងជាច្រើនឆ្នាំមកហើយដោយ សេចក្តីព្រាងច្បាប់ចុងក្រោយដែលមាន ៨ ជំពូក និង ៤៨ មាត្រាត្រូវបង្ហាញជាសាធារណៈនាពេលថ្មីៗនេះក៏ត្រូវបានសាធារណជន ជាពិសេសអ្នកលេងបណ្តាញសង្គមមួយចំនួនបានធ្វើការរិះគន់ថា ការហាមប្រាមការស្លៀកខ្លីខើចលើខើចក្រោមរបស់ស្ត្រី គឺជាការបិទសិទ្ធិសេរីភាពរបស់ស្ត្រី និងបង្កើនវប្បធម៌និទ្ទណ្ឌភាពដែលទាក់ទងនឹងអំពើហិង្សាប្រឆាំងនឹងភេទ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា ក្រសួងវប្បធម៌មិនទាន់អាចធ្វើការសម្រេចយ៉ាងណាចំពោះចំណុចស្លៀកខ្លីដែលកំពុងទទួលរងនូវការរិះគន់នេះយ៉ាងណានោះទេ ព្រោះសេចក្តីព្រាងច្បាប់នេះមិនទាន់បញ្ជូនមកដល់ដំណាក់កាលដែលក្រសួងត្រូវចូលរួមពិនិត្យ និងផ្តល់យោបល់។ ប៉ុន្តែលោកយល់ថា ច្បាប់នេះត្រូវតែមានរួមទាំងចំណុចនៃការហាមការស្លៀកពាក់ខ្លីនេះក៏ត្រូវតែមាន គ្រាន់តែត្រូវពិនិត្យឲ្យបានលម្អិតបន្ថែមទៀតមុននឹងដាក់ឲ្យអនុវត្ត។
លោកថា៖ «ទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈហ្នឹង ជាទូទៅគឺគេឲ្យការពារទៅលើអ្វីដែលធ្វើឲ្យមានការជះឥទ្ធិពល និងខូចសណ្តាប់សង្គម ហើយទោះស្រុកណាក៏ដោយ ក៏មានដូចជាករណីបទជើងតាមផ្លូវជាដើម ដែលជាការបង្កឲ្យខូចសណ្តាប់ធ្នាប់សង្គម។ ឧបមាថា ការស្លៀកលេចលើលេចក្រោមអីជាដើម ដែលជាចេតនាបង្ហាញតែម្តង ឬការអាក្រាតនៅតាមផ្លូវអី គឺគេមិនឲ្យមានតែម្តង»។
លោកបញ្ជាក់ថា ក្នុងនាមជាក្រសួងដែលពាក់ព័ន្ធនឹងព្យាយាមពិនិត្យ និងតាមដានសេចក្តីព្រាងច្បាប់នេះឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យស្របទៅតាមបរិបទសង្គម វប្បធម៌ និងសាសនារបស់ខ្មែរ៕