ភ្នំពេញៈ ក្រសួងសុខាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការធ្វើយុទ្ធនាការកម្ចាត់ជម្រកមូសខ្លា និងអប់រំប្រជាពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព នៅតាមបណ្ដាខេត្តចំនួន ៩ ជាខេត្តដែលជំងឺគ្រុនឈាមមិនទាន់ថយចុះនៅឡើយ ខណៈចាប់ពីខែមករារហូតមកដល់សប្តាហ៍ទី ២ នៃខែកក្កដានេះមានអ្នកកើតជំងឺគ្រុនឈាម ២១ ១៣០ នាក់ និងស្លាប់ ២៥ នាក់។
លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ស្ថានភាពជំងឺគ្រុនឈាមនៅតាមបណ្ដាខេត្តទាំង ៩ រួមមានខេត្ត ព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្ដាល កែប កំពត ក្រចេះ និងខេត្តមណ្ឌលគិរី គឺនៅតែបន្តឡើងចុះនៅឡើយ និងទាមទារពេលវេលាបន្ថែមទៀត ដើម្បីឱ្យក្រសួងសុខាភិបាលចាត់វិធានការផ្សេងៗ រួមមានការធ្វើយុទ្ធនាការចុះផ្ទាល់ដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក និងការអប់រំឱ្យពលរដ្ឋឲ្យចូលរួមសកម្មបំផុត ក្នុងការកម្ទេចរាល់ជម្រករបស់សត្វមូសខ្លា។
លោកស្រីថា៖ «យើងអត់មានបានគណនាទេគ្រាន់តែយើងមើលទៅតាមតួលេខ និងក្រាហ្វិក គឺខេត្តខ្លះ ក៏ថយចុះច្រើន និងខេត្តខ្លះ ក៏ថយចុះតាមដំណើរៗអ៊ីចឹងណា៎។ យើងអត់ទាន់បានវាយតម្លៃថា ប៉ុន្មានភាគរយនៅឡើយទេ ព្រោះយើងកំពុងស្ថិតនៅក្នុងការតាមដាននៅឡើយ»។
លោកស្រីបន្តថា៖ «ទី១ ពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាដើម្បីកម្ចាត់មូសខ្លា អាហ្នឹងទើបយើងអាចទប់ស្កាត់បាន ហើយទី២ សូមឱ្យប្រុងប្រយ័ត្ន ប្រសិនបើមានកូនក្ដៅខ្លួនអីហ្នឹង ត្រូវប្រញាប់ប្រញាល់ស្វែងរកសេវាព្យាបាលសាធារណៈរបស់យើងដូចជាមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលមានចំណេះជំនាញព្យាបាលជំងឺគ្រុនឈាមត្រឹមត្រូវ ហើយមិនត្រូវទៅព្យាបាលជាមួយពេទ្យឯកជនណា ដែលគ្មានឯកទេសត្រឹមត្រូវឡើយ»។
លោកស្រីបន្ថែមថា វដ្ដផ្ទុះឡើងខ្លាំងជំងឺគ្រុនឈាមក្នុងឆ្នាំ ២០១៩ នេះ គឺកើតមានទាំងទៅលើមនុស្សចាស់ និងមនុស្សក្មេង ខុសប្លែកពីវដ្តនៃការផ្ទុះខ្លាំងដូចគ្នា កាលពីឆ្នាំ ២០០៧ និងឆ្នាំ ២០១២ ដែលមានតែកុមារប៉ុណ្ណោះ ត្រូវឈឺដោយសារជំងឺគ្រុនឈាម។
លោកស្រី វណ្ឌឌីន បន្តថា មកដល់ពេលនេះ ក្រសួងសុខាភិបាល ក៏ពុំទាន់អាចវាយតម្លៃថា មនុស្សចាស់ប៉ុន្មានភាគរយ និងមនុស្សក្មេងប៉ុន្មានភាគរយ ដែលកើតជំងឺគ្រុនឈាមឡើយ។
ក្រសួងសុខាភិបាលបានរកឃើញថា ចាប់ពីខែមករា មកដល់សប្ដាហ៍ទី២ ក្នុងខែ កក្កដា ឆ្នាំ ២០១៩ នេះ មានអ្នកកើត ជំងឺគ្រុនឈាមចំនួន ២១ ១៣០ នាក់ និងអ្នកស្លាប់មានចំនួន ២៥ នាក់ ដែលអ្នកស្លាប់ទាំងនេះសុទ្ធតែជាកុមារ។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ថ្លែងក្នុងសិក្ខាសាលាស្ដីពីការចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមកាលពីម្សិលមិញដែរថា អ្នកកើតគ្រុនក្ដៅជាពិសេសកុមារ ដែលមានកម្ដៅកើនឡើងលើសពី ៣៨,៥ ហើយប្រើឱសថមិនអាចបញ្ចុះកម្ដៅបានទេ ក្នុងរយៈពេល ២ ថ្ងៃឡើង គឺត្រូវតែទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យស្វែងរកជំងឺគ្រុនឈាមដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ជីវិត។
លោកថ្លែងថា៖ «យើងឃើញហើយថា រដ្ឋាភិបាលបានពង្រីកការផ្ដល់សេវាព្យាបាលហ្នឹងសឹងតែថា ជិតដល់មាត់ទ្វារផ្ទះរបស់បងប្អូនហើយ ទាំងមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ហើយចំពោះការធ្វើដំណើរក៏មិនពិបាកដូចលើកមុនដែរ។ ខ្ញុំសូមលើកទឹកចិត្តប្រជាពលរដ្ឋ មេត្តាកុំផ្សំថ្នាំខ្លួនឯងហើយត្រូវទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យតាមមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព»។
លោក លី សូវ៉ាន់ បន្តថា ក្រសួងសុខាភិបាលបានចាត់ក្រុមពិសេសមួយដែលជាក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យថ្នាក់ជាតិដើម្បីចុះទៅបណ្ដុះបណ្ដាលបន្ថែមអំពីការព្យាបាលជំងឺគ្រុនឈាមទៅដល់មន្ត្រីពេទ្យនៅទូទាំងរាជធានីខេត្ត ហើយមានមន្ត្រីជាង ១ ពាន់នាក់ហើយ ដែលទទួលបានបណ្ដុះបណ្ដាលនេះ ដែលលោកយល់ថា ចំនួននេះ គឺគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។ លោកបញ្ជាក់ដែរថា ស្ថានភាពជំងឺគ្រុនឈាម នៅពេលនេះ អ្នកឈឺនឹងអាចបន្តកើនឡើងបន្ថែមទៀត៕