ស្វាយរៀងៈ មន្ត្រី​ពេទ្យសត្វ​អះអាងថា ​សត្វ​ជ្រូក​ចំនួន​​ ៤៥ ​ក្បាល​ ដែល​ឈ្មួញ​ដឹក​ចូល​ខេត្ត​ស្វាយរៀង​ខុសច្បាប់​ពី​ប្រទេស​ វៀតណាម គឺ​ពុំមាន​ផ្ទុក​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​ឡើយ ​បន្ទាប់ពី​សត្វ​ជ្រូក​ទាំងនោះ ​ត្រូវបាន​មន្ត្រី​បូម​ឈាម​ និង​បញ្ជូនមក​ពិនិត្យ​រក​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​នៅ​អគ្គ​នាយកដ្ឋាន​សុខភាព ​និង​ផលិតកម្ម​នៅ​រាជធានី​ភ្នំពេញ។

លោក ​ប៉ែន ចន្ធី ​ប្រធាន​ការិយា​ល័យ​ផលិតកម្ម​ និង​បសុព្យា​បាល​ខេត្ត​ស្វាយរៀង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ពីម្សិលមិញ​ថា ​សត្វ​ជ្រូក​ទាំង​ ៤៥ ក្បាល ​ត្រូវ​បានមន្ត្រី​យាម​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​បង្ក្រាប​​កាលពី​ថ្ងៃ​ទី ៤ ​ខែ ឧសភា​ ហើយ​ក្រោយមក​ បានប្រគល់​ឱ្យ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​ស្វាយរៀង​រក្សា​ទុក។ លុះ​ដល់​ថ្ងៃទី ៦​ ខែ ឧសភា ​ខាង​មន្ត្រី​ពេទ្យសត្វ​ខេត្ត​បាន​បូម​ឈាម​សត្វ​ជ្រូក​ទាំងនោះ​បញ្ជូនមក​ធ្វើ តេស្ដ​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​នៅ​រាជធានី​ភ្នំពេញ។ ​ការធ្វើ​តេស្ដ​បាន​ចេញ​លទ្ធផល​នៅ​ថ្ងៃទី ៧​ បង្ហាញ​ថា​ សត្វ​ជ្រូក​ទាំងនោះ​ពុំមាន​ផ្ទុក​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិកឡើយ។

លោក​បញ្ជាក់ថា​៖ «ឥឡូវ​ខាង​ខ្ញុំ​កំពុង​រៀបចំ​សុំ​គោលការណ៍​ផាក​ពិន័យ​ទៅតាម​ច្បាប់​ពេទ្យ សត្វ ​ហើយ​បើកាលណា​មាន​ជំងឺ ​យើង​សុំ​គោលការណ៍​មួយទៀត​ដើម្បី​កម្ទេច​ចោល ​ហើយ​វា​អត់​មាន​ជំងឺ​ផង។ យើង​ធ្វើតាម​គោល​ការណ៍​ពេទ្យសត្វ ​ដោយ​ធ្វើការ​ផាកពិន័យ​ និង​ប្រគល់​ជ្រូក​ឱ្យ​ម្ចាស់​ដើម​វិញ ​តែ​ឱ្យ​ម្ចាស់​នោះ​ធ្វើ​កិច្ចសន្យា​កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​លើក​ទី​ ២ ទៀត»។

បើតាម​លោក ប៉ែន ចន្ធី ​សត្វ​ជ្រូក​ទាំង ៤៥ ក្បាល​នោះ ​ត្រូវបាន​ឈ្មួញ​ដឹក​ចេញពី​វៀតណាម​ខុស​ច្បាប់​តាម​រថយន្ត​ចំនួន​ ២ គ្រឿង​ ហើយ​ត្រូវបាន​មន្ត្រី​ប្រចាំ​ប៉ុស្ដិ៍​ព្រំដែន ​បង្ក្រាប​បាន​នៅក្បែរ​តំបន់​ព្រំដែន​ ដោយ​ ១ គ្រឿង​ បង្ក្រាប​នៅភូមិ​ធ្លក ​សង្កាត់​ច្រកម្ទេស​ ក្រុង​បាវិត​ និង ១ គ្រឿង​ទៀត ​បង្ក្រាប​នៅភូមិ​ស្វាយ​ភ្លរ ឃុំ​បាសាក់​ ស្រុក​​ស្វាយជ្រំ ​ខេត្ត​ស្វាយរៀង។

សារព័ត៌មាន​ខ្លះ​បាន​ផ្សាយ​ដែរ​ថា ​ឈ្មួញ​បាន​ប្រើ​រូបភាព​បណ្ដើរ​សត្វ​ជ្រូក​ចេញពី​វៀតណាម ​ហើយ​​បាន​ប្រើ​រថយន្ត​ដឹក​ជ្រូក​ទាំង​នោះ​ពេល​ចូល​មក​កម្ពុជា។

ក្រសួង​កសិកម្ម​ចេញ​វិធានការ​ការពារ​ជំងឺឆ្លង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​ តាំងពី​ចុងខែ​កុម្ភៈ​ ដោយ​ជំរុញ​ឱ្យ​មន្ទីរ​គ្រប់​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​ការនាំ​ចូល​ជ្រូក​រស់​ និង​ផលិត​ផល​ជ្រូក​គ្រប់​ប្រភេទ​ដែល​ខុស​ច្បាប់​ពី​ប្រទេស​វៀតណាម ​គឺ​មុន​ជំងឺ​នេះ​ត្រូវ​បាន​រកឃើញ​ផ្ទុះឡើង​លើក​ដំបូង​នៅ​កម្ពុជា​តាំង​​ពីថ្ងៃ​ទី ២២ ​ខែមីនា​ទៅ​ទៀត។

លោក​ តាន់ ផាន់​ណារ៉ា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខ​​ភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិល​មិញ​ដែរ​ថា ​គិត​ចាប់តាំងពី​មាន​ករណី​ផ្ទុះឡើង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ​គឺ​មកដល់​ពេលនេះ ​ការ​លួច​នាំចូល​ជ្រូក​ខុសច្បាប់​ចេញពី​ប្រទេស​ វៀតណាម​ មាន​ចំនួន ​២០ ករណី​ ហើយ​ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​បង្ក្រាប​បាន។ «វា (ករណី)​ មាន​តិច ​វា​មាន​ច្រើន​ទៅតាម​ហ្នឹង ​ជួន​កាល​ករណី​ខ្លះ​វា​មាន​ ៧០ ក្បាល​ វា​មាន​ ២០ ក្បាល​ ជួនកាល​វា ៥ ទៅ​ ៧ ក្បាល ​ក៏មាន​ដែរ»។

បើតាម​លោក ផាន់​ណា​រ៉ា ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​មិនទាន់​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ឡើយ​ ក្រៅ​ពី​កំពុង​កើតឡើង​ក្នុង​ស្រុក​អូរ​យ៉ា​ដាវ ​និង​ស្រុក​អូរជុំ ខេត្ត​រតនគិរី។

លោក សយ សូ​ណា ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​រតនគិរី ​លើកឡើង​ថា ​គិត​ចាប់ពីមានការ​ផ្ទុះឡើង​ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិកដំបូង​នៅ​កម្ពុជា​ដែល​ស្ថិតក្នុង​ស្រុក​អូរ​យ៉ាដាវ ​ហើយ​បន្ត​រាលដាល​ដល់​ស្រុក​អូរ​ជុំ គឺ​បានធ្វើឱ្យ​ជ្រូក​ឈឺ​ងាប់​ និង​យកទៅ​សម្លាប់​ចោល​អស់​ជាង ១ ពាន់​ក្បាល​ហើយ។ ប៉ុន្តែ​លោក​អះអាងថា ​ជំងឺឆ្លង​នេះ​​បាន​ស្ងប់ស្ងាត់​ដោយសារ​លែង​មាន​ជ្រូក​ឈឺ​ និង​ងាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​រួច៕