ភ្នំពេញៈ មន្ត្រី​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា សហគមន៍​ព្រៃឡង់​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដែល​ការលើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​ចុះ​រារាំង​សហគមន៍​មិន​ឱ្យ​ធ្វើដំណើរ​ចូល​ទៅក្នុង​តំបន់​ព្រៃឡង់ ដើម្បី​ប្រារព្ធ​កម្មវិធី​បុណ្យ​បំបួស​ដើមឈើ​។

បណ្ដាញ​សហគមន៍​ព្រៃឡង់​គ្រោង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​បំបួស​ដើមឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២២ ដល់​ថ្ងៃទី​ ២៣ ខែកុម្ភៈ ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន ដោយសារ​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​រារាំង​។ ក្រុម​អ្នក​ចូលរួម​ដែលមាន​យុវជន និង​ព្រះសង្ឃ​ដែល​ធ្វើដំណើរ​តាម​រថយន្តក្រុង​មកពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង​ ៤ ​បាន​ត្រឡប់​មក​លំនៅឋាន​រៀងៗ​ខ្លួន​វិញ​នៅ​ថ្ងៃ​ម្សិលមិញ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ២២ ខែ​កុម្ភៈ​បាន​សរសេរ​បញ្ជាក់​តាម​ប្រព័ន្ធ​តេឡេក្រាម​ដោយ​បាន​ហៅ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​ ៤ ​ខេត្ត​រួមមាន​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ​ថា ជា​ក្រុម​មិន​ស្របច្បាប់ និង​បង្ហាញ​ពី​ការសោកស្ដាយ​ដែល​សហគមន៍​ទាំងនេះ​បាន​ប្រព្រឹត្ត​ខុសច្បាប់​ម្ដង​ហើយ​ម្ដងទៀត​។

លោក​ចាត់ទុក​ការព្យាយាម​រៀបចំ​បំបួស​ដើមឈើ​របស់​សហគមន៍​ព្រៃឡង់​រួមសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា ជា​ទង្វើ​បំពាន​ច្បាប់​ជា​គំរូ​មិនល្អ និង​ជា​ការបង្កជម្លោះ​ជាមួយ​ច្បាប់​ក្រោម​លេស​សិទ្ធិ​សេរីភាព​ «​ដាច់បង្ហៀរ​»​។

លោក​ថា​៖ «​តំបន់​ដែល​បណ្តាញ​សហគមន៍​ព្រៃឡង់​មាន​បំណង​ចូល​ទៅ​នោះ​ជា​តំបន់​ដែល​ត្រូវ​អភិរក្ស និង​ការពារ​ជាពិសេស​កុំ​ឱ្យ​ប៉ះពាល់​ដល់​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​តំបន់​នោះ​។ មន្ត្រី​ឧទ្យានុក្ស​នៃ​ក្រសួង​បរិស្ថាន​បាននិង​កំពុង​បំពេញបេសកកម្ម​របស់​ខ្លួន​ការពារ​ព្រៃឈើ សត្វព្រៃ​ក្នុង​តំបន់​ព្រៃឡង់​ទាំងយប់​ទាំង​ថ្ងៃ ចុះ​ដើរល្បាត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​ក្នុង​តំបន់​អភិរក្ស​ក៏​ដូចជា​ដើរ​ដោះ​អន្ទាក់​ដែល​ជនល្មើស​បាន​លបលួច​ដាក់​ចាប់​សត្វព្រៃ​ខុសច្បាប់​ផងដែរ​»​។

លោក​ ភក្ត្រា បានស្នើ​អង្គការ​មួយ​ចំនួន​ដូចជា​អង្គការ​សមធម៌​កម្ពុជា ជាពិសេស​អង្គការ​ស្ពាន​សន្តិភាព និង​អង្គការ​ដាន់មិសិន​ (Danmission) ដែល​មិនមាន​ដែន​សមត្ថកិច្ច​ និង​មិនបាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​បរិស្ថាន គួរ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​របស់​ខ្លួន​នៅក្នុង​តំបន់​អភិរក្ស​ និង​នៅ​ពីក្រោយ​បណ្តាញ​ព្រៃឡង់​ធ្វើ​សកម្មភាព​ខុសច្បាប់​តទៅទៀត​។ «​ប្រសិន​បើ​អង្គការ​ទាំងនេះ​ចង់​សហការ និង​ចូលរួម​ការងារ​អភិរក្ស​ជាមួយ​ក្រសួង​បរិស្ថាន​ស្វាគមន៍ ហើយ​គួរ​ស្នើសុំ​ជា​ផ្លូវការ​តាម​នីតិវិធី​ច្បាប់​ជា​ជាង​ការធ្វើការ​ដោយ​លួចលាក់​ខុសច្បាប់​លើស​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែល​បង្កើត​ឱ្យ​មាន​ការសង្ស័យ​ពី​ភាពមិន​ស្មោះត្រង់​ក្នុង​ការអនុវត្ត​កិច្ចការ​របស់ខ្លួន​»​។

លោក នេត្រ ភក្ត្រា បន្តថា បណ្តាញ​សហគមន៍​ព្រៃឡង់​តែង​ព្យាយាម​ធ្វើ​សកម្មភាព​ក្រៅច្បាប់ និង​ធ្វើខ្លួន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​សមូហភាព​នៃ​ការដឹកនាំ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។ លោក​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ ១៤ និង​ថ្ងៃទី​ ១៥ ខែ កុម្ភៈ​ ឆ្នាំ ២០២០ ក្រសួង​បរិស្ថាន​រួម​នឹង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទូទាំង​ប្រទេស អាជ្ញាធរខេត្ត​នៃ​តំបន់​ព្រៃឡង់​បានរៀបចំ​កម្មវិធី​បោះតង់​ និង​បំបួស​ដើមឈើ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ដោយ​មាន​អ្នកចូលរួម​ជាង​ ៥០០ ​នាក់​ ប៉ុន្តែ​អង្គការ​ទាំងនេះ​បែរ​ជា​បង្កើត​កម្មវិធី​ដោយឡែក​មួយ​ផ្សេង​ដោយ​បំពាន​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

យ៉ាងណាក្តី​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​បំបួស​ដើមឈើ​គឺមាន​បំណង​ធ្វើ​ពិធី​រំឭក​គុណ​ព្រៃឈើ និង​បួងសួង​ឱ្យ​ព្រៃឡង់​នៅ​គង់វង្ស ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ទៅ​ដល់​សាធារណជន​ថា ព្រៃឡង់​ត្រូវ​រដ្ឋាភិបាល​បង្កើត​ជា​ដែនជម្រក​សត្វព្រៃ និង​ការពង្រឹង​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ក្នុង​តំបន់​ព្រៃ​នេះ​។

លោក ស្រី ថី បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្តព្រះវិហារ​បាន​លើកឡើង​ថា បុណ្យ​បំបួស​ដើមឈើ​ក្នុង​តំបន់​ព្រៃឡង់​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​ ៣ ​ឆ្នាំ​មកហើយ​ដោយ​គ្មាន​ការរារាំង​នោះទេ​ហើយ​កន្លងមក​ក៏​អាជ្ញាធរ​ដែនដី​រួមទាំង​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ចូលរួម​ដែរ​។

លោក​បន្តថា ការ​ប្រារព្ធ​លើក​ទី​ ៤ ​ក្នុង​ ឆ្នាំ​ ២០២០ នេះ​គឺ​ខាង​សហគមន៍ បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នៅ​តាម​បណ្ដា​ខេត្ត​ទាំង ៤ រួមទាំង​ក្រសួង​បរិស្ថាន​តាំងពី​ ១ ​ខែ​មុន​។ លោក​បន្ថែមថា សហគមន៍​ព្រៃឡង់​គឺជា​ក្រុម​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត និង​អនុវត្ត​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល ការពារ​ព្រៃឈើ​កុំឱ្យ​បាត់បង់​។

លោក​ថា​៖ «​យោងតាម​ឯកសារ​ពាក់ព័ន្ធ និង​ច្បាប់​រដ្ឋធម្មនុញ្ញ​ក៏​បាន​និយាយ​ដែរ​ថា ប្រជាពលរដ្ឋ​ទាំង​ ២ ​ភេទ​ត្រូវ​ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​ទាំងអស់​គ្នា​មិនមែន​របស់​ក្រសួង​បរិស្ថាន ឬ​របស់​អ្នកណាម្នាក់​ទេ ហើយ​យើង​ត្រូវការពារ​ទាំងអស់​គ្នា​បាន​វា​ (​ព្រៃ​) ​នៅ ហើយ​គាត់​ថា​ខុសច្បាប់ ខ្ញុំ​អត់​យល់​តើ​វា​ខុសច្បាប់​រឿង​អី​?»​។

លោក​បញ្ជាក់​ថា កន្លងមក​អ្នកចូលរួម​ពិធីបុណ្យ​បំបួស​ដើមឈើ​នៅ​ព្រៃឡង់ គឺ​មាន​ចំនួន​ប្រហែល ៤០០ ​នាក់​។

លោកស្រី ថី បន្ថែម​ថា សហគមន៍​ព្រៃឡង់​មកពី​ខេត្តព្រះវិហារ​ដែល​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ដែល​ត្រូវបាន​អាជ្ញាធរ​រារាំង គឺ​មាន​ចំនួន​ជាង​ ១០០ ​នាក់​ហើយ​លោក​ក៏បាន​អញ្ជើញ​អង្គការ​មួយចំនួន​រួមទាំង​អង្គការ​លីកាដូ​ជាដើម ប៉ុន្តែ​ក្រុមមន្ត្រី​អង្គការ​លីកាដូ​ក៏​ត្រូវ​អាជ្ញាធរ​រារាំង​នៅ​កណ្ដាល​ផ្លូវ​មិន​ឱ្យចូល​ទៅកាន់​កន្លែង​រៀបចំ​ពិធីបុណ្យ​បំបួស​ដើមឈើ​នេះដែរ​។

អង្គការ​លីកាដូ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ ១ នៅ​ថ្ងៃទី​ ២១ ​កុម្ភៈ​ បញ្ជាក់ថា អាជ្ញាធរ​មកពី​ក្រសួងបរិស្ថាន និង​មន្ត្រី​មូលដ្ឋាន​ដែល​មួយចំនួន​ប្រដាប់​ដោយ​កាំភ្លើង​បាន​ប្រាប់​ទៅ​ក្រុម​សហគមន៍​ទាំង​ ៤ ​ខេត្ត​ថា ចាំបាច់​តម្រូវ​ឱ្យ​មាន​ការអនុញ្ញាត​ពី​ «​ថ្នាក់លើ​» ទើប​អាច​ចូលទៅ​កាន់​ព្រៃឡង់​បាន និង​បានទាមទារ​ឱ្យ​អ្នកចូលរួម​ទាំងនេះ​មាន «​លិខិតអនុញ្ញាត​ជា​ផ្លូវការ​»​។ អង្គការ​លីកាដូ​បញ្ជាក់ថា ការចូលរួម​ការពារ​ធនធាន​ធម្មជាតិ​គឺ​មិន​មាន​តម្រូវ​ក្នុង​ច្បាប់​ណាមួយ​ឲ្យ​សុំ​ការអនុញ្ញាត​នោះទេ​។

សហគមន៍​ព្រៃឡង់​ត្រូវ​ក្រសួង​បរិស្ថាន​ឈប់​អនុញ្ញាត​ឱ្យចូល​ដើរល្បាត​នៅក្នុង​ព្រៃ បន្ទាប់ពី​សហគមន៍​នេះ​កាលពី​ថ្ងៃទី​ ៣ ​ខែ​កុម្ភៈ​ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដោយ​បាន​អះអាង​ថា​ចាប់ពី​ឆ្នាំ​ ២០០១ ដល់​ឆ្នាំ​ ២០១៨ ព្រៃឈើ​ជាង​ ៤ ​ម៉ឺន​ហិកតា​ ឬ​ស្មើ​ជិត​ ១០ ​ភាគរយ ​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ដែលមាន​ទំហំ​សរុប​ជាង​ ៤ ​សែន​ហិកតា​ត្រូវ​បាត់បង់​។ ប៉ុន្តែ​របាយការណ៍​នេះ​ត្រូវ​បាន​លោក នេត្រ ភក្ត្រា ចាត់ទុក​ថា បាន​ប្រើប្រាស់​ទិន្នន័យ​ព័ត៌មាន​មិន​ពិត និង​គ្មាន​ការទទួល​ស្គាល់​៕