
ទិដ្ឋភាពនៅមុខអគារកាណាឌីយ៉ា កាលពីម្សិលមិញ។ រូប James Ong Soon Teck
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះកម្ពុជារកឃើញអ្នកដែលវិជ្ជមានវីរុសកូរ៉ូណាបង្ហាញរោគសញ្ញានៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័កជាមូលហេតុដែលក្រសួងតម្រូវឱ្យមានការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវរយៈពេល ១៤ ថ្ងៃ។
នៅថ្ងៃម្សិលមិញនេះដែរ រាជរដ្ឋាភិបាលបានសម្រេចធ្វើការផ្អាកដំណើរការអគារកាណាឌីយ៉ា បន្ទាប់ពីមានមនុស្សចំនួន ២ នាក់ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នាបានធ្វើការនៅក្នុងធនាគារចិន និងធនាគារកាថេយូណៃធីត ដែលស្ថិតនៅក្នុងអគារនេះមានវិជ្ជមានកូវីដ១៩។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃទី ២ ខែធ្នូថា៖ «តាមការសង្កេតរបស់ខ្ញុំក្នុងរយៈពេលថ្មីៗនេះ ដែលប្រហែលជា ២ ទៅ ៣ ខែចុងក្រោយនេះ យើងរកឃើញអ្នកដែលមានវិជ្ជមានកូវីដ១៩នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់»។
តាំងពីថ្ងៃទី ៧ ខែមករាឆ្នាំ ២០២០ មកក្រសួងសុខាភិបាលរកឃើញវីរុសនេះឆ្លងចេញរោគសញ្ញា ឬមិនចេញរោគសញ្ញា ភាគច្រើនក្នុងខ្ទង់ប្រហែលពី ៦០ ទៅ ៧០% នៃចំនួនអ្នកឆ្លងគឺមិនមានរោគសញ្ញាទេ ប៉ុន្តែវាត្រូវបានរកឃើញនៅក្នុងអំឡុងថ្ងៃទី ៣ ទី ៥ អ្នកខ្លះថ្ងៃទី ៦ គឺនៅក្នុងចន្លោះនោះ។
លោកស្រីបន្តថា៖ «សម្រាប់ប្រទេសកម្ពុជាយើងក៏យើងសង្កេតឃើញថា ក្នុងដំណាក់កាលចុងក្រោយនេះការរកឃើញ ការសម្ងំរបស់វីរុសដែលបុគ្គលនោះ មិនមានចេញរោគសញ្ញាគឺរហូតមកដល់ថ្ងៃទី ១៣ ទើបយើងរកឃើញ»។
លោកស្រីថា នេះជាការវិវឌ្ឍមួយទៀត ដែលជាការបង្ហាញច្បាស់ថា តម្រូវការនៃការធ្វើចត្តាឡីស័កឱ្យបានគ្រប់ ១៤ ថ្ងៃត្រឹមត្រូវគឺចាំបាច់មែនទែន ហើយយើងត្រូវអនុវត្តវិធានការនេះឱ្យបានគ្រប់ៗគ្នា។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីម្សិលមិញបានឱ្យដឹងថា ក្រសួងបានរកឃើញមានករណីវិជ្ជមានកូវីដ១៩ចំនួន ២ នាក់ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាក្នុងនោះមានបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំមានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគារចិនក្នុងអគារកាណាឌីយ៉ាផ្លូវព្រះមុនីវង្ស ដែលបានប៉ះពាល់ផ្ទាល់ជាមួយស្រ្តីអាយុ ៣៦ ឆ្នាំដែលវិជ្ជមានកូវីដ១៩នៅថ្ងៃទី ២៩ ខែវិច្ឆិកា។
ករណីទី ២ គឺស្រ្តីជនជាតិខ្មែរអាយុ ២១ ឆ្នាំស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅជាបុគ្គលិកធនាគារកាថេយូណៃធីត និងត្រូវជាប្អូនស្រីបង្កើតរបស់អ្នកជំងឺខាងលើ។ ក្រសួងបានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងដោយសារធនាគារកាថេយូណៃធីតមានបុគ្គលិកជាច្រើន ដែលកំពុងបម្រើការនៅទីនោះ ធនាគារនេះត្រូវបានសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្នក្នុងរយៈពេល ១៤ ថ្ងៃ និងធនាគារចិននៅអគារកាណាឌីយ៉ា ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នសិនក្នុងរយៈពេលខ្លី ដោយគិតចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ នេះតទៅ។
ការផ្អាកនេះគឺដើម្បីឱ្យក្រុមការងារក្រសួងសុខាភិបាល ចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់ និងតម្រូវឱ្យបុគ្គលិកទាំងអស់នេះធ្វើចត្តាឡីស័ក ១៤ ថ្ងៃផងដែរ។
ក្រសួងសុខាភិបាលក៏បានលើកឡើងទៀតថា ចំពោះលទ្ធផលនៃការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គិតពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ទាំងអស់សរុបបានចំនួន ៨ ៧៦៦ នាក់ដែលនៅក្នុងចំនួននេះមានអ្នកវិជ្ជមានសរុបចំនួន ១៩ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គណៈគ្រប់គ្រងរបស់អគារកាណាឌីយ៉ាបានជូនដំណឹងនៅថ្ងៃម្សិលមិញថា ជាការឆ្លើយតប និងចាត់វិធានការការពារ អគារកាណាឌីយ៉ានឹងត្រូវបិទប្រតិបត្តិការជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី ៣ ខែធ្នូ។ សេចក្តីជូនដំណឹងបន្តថា អតិថិជនរបស់ធនាគារកាណាឌីយ៉ាទាំងអស់ដែលត្រូវការធ្វើប្រតិបត្តិការសេវាកម្មធនាគារ សូមអញ្ជើញប្រើប្រាស់សេវាកម្មធនាគារតាមរយៈប្រព័ន្ធ Mobile Banking, Internet Banking, ម៉ាស៊ីនដក-ដាក់ប្រាក់ ATM/CRM និងតាមបណ្ដាសាខារបស់ធនាគារនៅខេត្ត-រាជធានីភ្នំពេញ រួមទាំងសាខាកោះពេជ្រ។
ចំណែកវិទ្យុបារាំងអន្តរជាតិ RFI ក៏បានប្រកាសពីម្សិលមិញផងដែរថា ចាប់ពីពេលនេះតទៅការផ្សាយរបស់វិទ្យុនេះត្រូវផ្អាកដោយហេតុថា ការិយាល័យវិទ្យុ RFI ដែលមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ាត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ។
ក្រសួងសុខាភិបាលក៏បានសម្រេចយកទីតាំងចំនួន ២ កន្លែងគឺក្រសួងមហាផ្ទៃ និងស្តាតអូឡាំពិក សម្រាប់ធ្វើតេស្តលើកទី ២ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០។
យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃម្សិលមិញកម្ពុជាមានអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៣១ នាក់ (ស្រ្តី ៧៥ នាក់) ហើយអ្នកដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួនសរុប ៣០៤ នាក់ឯអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែមានចំនួន ២៧ នាក់៕