កោះកុងៈ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​លោក​ សុខ សុទ្ធី បាន​ឱ្យ​ដឹងថា ផ្អែក​តាម​ទិន្នន័យបឋម​របស់​ខេត្ដ​គិត​ត្រឹម​ចុងឆ្នាំ​ ២០២០ គឺមាន​ពលរដ្ឋ​ជាង​ ២ ​ម៉ឺន​គ្រួសារ​​ បានមក​ចុះឈ្មោះ​ស្នើសុំ​កាត់ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ និង​តំបន់​ការពារ​របស់​រដ្ឋ​ផ្សេងៗ​ខណៈ​គោលការណ៍​ប្រគល់​ដី​នេះ​ធ្វើ​ចំពោះតែ​អ្នករស់នៅ​អាស្រ័យផល​ក្នុង​រយៈពេល​​យូរ​ប៉ុណ្ណោះ​។

ការស្នើសុំ​កាត់​ឆ្វៀល​ដី​របស់​ពលរដ្ឋ​នេះ​គឺ​បន្ទាប់ពី​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​បញ្ជា​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៣ កក្កដា ​ឆ្នាំមុន​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​បានរស់នៅ​ និង​អាស្រ័យ​ផល​ជាក់ស្ដែង​​ក្នុង​តំបន់​អភិរក្ស និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​។

លោក សុខ សុទ្ធី បាន​ថ្លែង​ពី​​ថ្ងៃទី​ ៥ មករា​ថា ការកំណត់​អត្តសញ្ញាណ​ពលរដ្ឋ ដើម្បី​កាត់ឆ្វៀល​ដី​ក្នុង​តំបន់​ការពារ និង​តំបន់​អភិរក្ស បើតាម​ទិន្នន័យ​បឋម​នៃ​ពលរដ្ឋ​ដែល​បាន​មក​ចុះឈ្មោះ​ស្នើសុំ​មាន​ប្រមាណ​ជាង​ ២ ​ម៉ឺន​គ្រួសារ តែ​ក៏មាន​អ្នក​រស់នៅ​យូរ​ផ្សេងទៀត​មិនទាន់​បានមក​ចុះឈ្មោះ​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទិន្នន័យ​បឋម​នេះ យើង​ត្រូវ​ចុះទៅ​សិក្សា​មួយៗ​ឱ្យ​ច្បាស់​ថែមទៀត ទិន្នន័យ​នេះ​វា​នឹង​មាន​ការប្រែប្រួល​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​...​ជំហរ​របស់​ថ្នាក់ដឹកនាំ​ក៏ដូចជា រដ្ឋបាលខេត្ត​មិនឱ្យ​ពលរដ្ឋ​ខ្វះខាត​ដី​ទេ​។ ​យើង​ត្រូវ​អនុវត្ដ [​ការកាត់​ឆ្វៀល​] ​គឺ​តាម​គោលការណ៍​ដល់​អ្នករស់នៅ​អាស្រ័យផល​ជាក់ស្តែង​ជាយូរ​ឆ្នាំ​មកហើយ មិនមែន​ជា​ការកាប់​ទន្ទ្រាន​ថ្មីៗ​នោះទេ​»​។

បើតាម​លោក សុខ សុទ្ធី ការចុះឈ្មោះ​ស្នើសុំ​កាត់​ឆ្វៀល​នេះ​គ្រាន់តែ​ជា​ទិន្នន័យ​បណ្តោះអាសន្ន​ប៉ុណ្ណោះ តែ​ពលរដ្ឋ​ខ្លះ​​ដែល​មិន​បាន​មក​ចុះឈ្មោះ​ក៏ត្រូវ​ផ្ដល់​ដី​ឱ្យ​ដែរ ព្រោះ​អ្វីដែល​សំខាន់​គឺ​ពលរដ្ឋ​ទាំងនោះ​ជា​​អ្នក​ដែល​អាស្រ័យផល​រស់នៅ​ពិតប្រាកដ​យូរ​ឆ្នាំ​។

លោក​ ម៉ន ផល្លា ប្រធាន​មន្ទីរបរិស្ថាន​ខេត្ដ​នេះ​ថ្លែង​ពីថ្ងៃ​ទី​ ៥ ​មករា​ថា ការងារ​កាត់​ឆ្វៀល​ដី​​រដ្ឋ​ឱ្យ​ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​នេះ ក្រសួង​ពាក់ព័ន្ធ​បាន​ខិតខំ​ពន្លឿន​កិច្ចការ​បច្ចេកទេស​ដើម្បី​ដាក់ជូន​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​សម្រេច និង​ឆាប់​បានចេញ​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ​ធ្វើការ​កាត់​ឆ្វៀល​ដី​នេះ​។

លោក​បញ្ជាក់ថា​៖ «​គោលបំណង​នៃ​ការកាត់​ឆ្វៀល​ដី​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​អាចឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​អាស្រ័យផល​»​។

ជាមួយ​គ្នា​នេះ​លោក ផល្លា បាន​ឱ្យ​ដឹង​ទៀតថា រយៈពេល​ ១ ​ឆ្នាំ​ ២០២០ មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​​បាន​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​​បទល្មើស​ធនធានធម្មជាតិ​បាន​​ចំនួន ១ ០៨៣ លើក ​ដោយ​បង្ក្រាប​បទល្មើស​បាន ៧៣៣ ​ករណី​ក្នុង​នោះបាន​កសាង​សំណុំរឿង​បញ្ចូន​ទៅ​តុលាការ​បាន​ ៨៣ ​ករណី​រួមមាន​បណ្តឹង​អញ្ញាតជន​ចំនួន​ ៦៩ ​ករណី និង​​បណ្តឹង​មាន​ជនសង្ស័យ​ ១៤ ​ករណី​។ រីឯ​ការពិន័យ​អន្តរការណ៍​មាន​ ៣១ ​ករណី និង​ធ្វើ​កិច្ចសន្យា​អប់រំ​ ១១៩ ​ករណី​។

លោក​ថា​៖ «​អ្វីដែល​លំបាក​បំផុត​ក្នុងពេល​មន្ដ្រី​ឧទ្យានុរក្ស​យើង​ចុះបង្ក្រាប​បទល្មើស​ការកាប់​រានទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​ការពារ​គឺ​ពួក​ជនខិលខូច​បាន​ប្រមូល​ផ្ដុំគ្នា​ជា​ក្រុមៗ​មក​តវ៉ា​ប្រឆាំង​នឹង​ការអនុវត្ដ​ច្បាប់​»​។

«​ពេល​មន្ដ្រី​យើង​ចុះ​អនុវត្ដ​ច្បាប់​កន្លងទៅ​ក៏​ធ្លាប់​រងរបួស​ និង​ខូចខាត​សម្ភារ​ប្រើប្រាស់​មួយចំនួន​ដែរ​ប៉ុន្ដែ​មន្ដ្រី​យើង​បាន​រក្សា​ភាព​អត់ធ្មត់​មិន​តបត​វិញ​ទេ​»​។

បើតាម​លោក ផល្លា បទល្មើស​កាប់​រានទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​ការពារ​ក្នុង​ទឹកដី​ខេត្ដ​កោះកុង​បាន​កើតឡើង​ស្ទើរ​គ្រប់​ស្រុក​។ រីឯ​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ខេត្ដ​បច្ចុប្បន្ន​មានតែ​ ១១០ ​នាក់​​ប៉ុណ្ណោះ រីឯ​ផ្ទៃដី​ត្រូវ​ចុះ​ល្បាត​ទូទាំង​ខេត្ដ​មាន​ទំហំ​រហូត​ជិត​ ១ ​លាន​ហិកតា​។

លោក ថោង ច័ន្ទតារា មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ដ​កោះកុង​បាន​ថ្លែងថា តាម​ការសង្កេត​ករណី​វិវាទ​ដីធ្លី​ក្នុង​ខេត្ដ​នេះ​កំពុង​បន្ត​កើតឡើង​តាម​រូបភាព អ្នកមានអំណាច មាន​លុយ​ជួល​ពលរដ្ឋ​ឱ្យទៅ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ដើម្បី​ស្នើសុំ​ការកាត់​ឆ្វៀល​ធ្វើជា​កម្មសិទ្ធិ​។

លោក​ថ្លែងថា​៖ «​យើង​ឃើញ​ករណីនេះ​កំពុង​កើតមានឡើង​ដូចជា ការចាក់ដី លុប​អូរ​ប្រឡាយ ដី​ព្រៃកោងកាង​លិច​ទឹក​ និង​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដីព្រៃ​របស់​រដ្ឋ​ថ្មីៗ​។ ​យើង​មិនដឹងថា​ជា​អ្នកមានអំណាច​ខាងក្នុង​ខេត្ដ ឬ​មកពី​ក្រៅ​ទេ​»​។

បើតាម​លោក ច័ន្ទតារា បច្ចុប្បន្ន​​លោក​ទទួល​ពាក្យស្នើសុំ​ការជួយ​អន្តរាគមន៍​ពី​ពលរដ្ឋ​លើ​សំណុំ​រឿង​ដីធ្លី​ជាង​ ១០ ​ករណី​។ លោក​​ថា កន្លងមក​អាជ្ញា​ខេត្ដ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​មួយចំនួន​ក្នុងករណី​វិវាទ​ដីធ្លី​តូចតាច ប៉ុន្ដែ​ករណី​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​និង​ការចាក់ដី​លុប​បឹង អូរ និង​លុប​ព្រៃកោង​កាង​គឺ​មិនទាន់​ឃើញ​ឃាត់​ខ្លួន​ជនល្មើស​បានទេ​៕