
លោក កែវ រ៉េមី ជួបជាមួយក្រុមស្រឡាញ់ភេទដូចគ្នាពីម្សិល។ សហការី
ភ្នំពេញៈ តំណាងរាជរដ្ឋាភិបាលដែលមានក្រសួងពាក់ព័ន្ធ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (ស្រីស្រឡាញ់ស្រី បុរស ស្រឡាញ់បុរស អ្នកស្រឡាញ់ទាំង ២ ភេទ អ្នកប្ដូរយេនឌ័រ និងអន្តរភេទ) តំណាងអាជ្ញាធរមូលដ្ឋាន អង្គទូត ឪពុកម្ដាយ និងអាណាព្យាបាលប្រមាណ១៥០នាក់បានជួបប្រជុំគ្នាកាលពីម្សិលមិញ ពិភាក្សាគ្នាស្ដីពីច្បាប់ និងគោលនយោបាយសាធារណៈដើម្បីគាំពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងនៅក្នុងកិច្ចពិភាក្សាកាលពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជា ស្នើមិនឲ្យមានការរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងគាំទ្ររាល់ការបញ្ចេញមតិ។
លោកថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាលគឺមានការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា នេះជាចំណុចវិជ្ជមានមួយដ៏ល្អបំផុត ហើយរឹតតែវិសេសវិសាល។
លោក រ៉េមី ថ្លែងថា៖ «សម្ដេចលោកធ្លាប់បានផ្ញើសារតាមខ្ញុំ ដើម្បីជម្រាបជូនមកបងប្អូនយើង អ្នកស្រឡាញ់ភេទដូចគ្នា ដែលធ្លាប់ជួបជុំគ្នានាពេលកន្លងមក។ លោក (នាយករដ្ឋមន្រ្ដី) បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលត្រូវហ៊ានឈានមុខចំពោះការមិនរើសអើង (អ្នកស្រឡាញ់ភេទដូចគ្នា) នេះជាសារវិជ្ជមានមួយដែលខ្ញុំបានចូលរួមនៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ យើងបានដាក់ទៅក្នុងកិច្ចប្រជុំ UPR ក្នុងកំណត់សម្គាល់នៃការបើកជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស។ យើងបានបញ្ជាក់ច្បាស់សម្រាប់ជំហររបស់រដ្ឋាភិបាលកម្ពុជា គឺមិនមានការរើសអើងទេដែលនេះជាចំណុចសំខាន់»។
លោកបានលើកឡើងថា បើសិនជាគោលនយោបាយរបស់រដ្ឋាភិបាលមានការរឹតបន្ដឹងនោះ អ្នកស្រឡាញ់ភេទដូចគ្នានឹងជួបផលលំបាកក្នុងការតស៊ូមតិ គឺមានការលំបាកខ្លាំងតែម្ដង។ ក៏ប៉ុន្ដែជាការណ៍ល្អមែនទែន ដែលអាចបង្កលក្ខណៈមួយងាយស្រួលដល់អ្នកស្រឡាញ់ភេទដូចគ្នា អាចឲ្យរួបរួមគ្នា ដើម្បីតវ៉ា តាមវិធានការអហិង្សា ដោយប្រមូលផ្ដុំគ្នាក្នុងការបន្លឺសំឡេង ឲ្យមជ្ឈដ្ឋានទូទៅបានដឹង នេះគឺមានការគាំទ្រពីរាជរដ្ឋាភិបាល។
លោក កែវ រ៉េមី ថ្លែងថា៖ «ប្រពៃណីវប្បធម៌របស់ខ្មែរយើងមានការលំបាក លំបាកត្រង់ថា យើងកុំទាន់និយាយរឿងបងប្អូនស្រឡាញ់ភេទដូចគ្នា សូម្បីតែកូនចៅដែលចង់រើសគូស្រករ ក៏មានការលំបាក មានការរៀបចំពីឪពុកម្ដាយ នេះយើងទទួលស្គាល់ទាំងអស់គ្នាអ៊ីចឹងប្រពៃណីវប្បធម៌ខ្មែរយើងគឺឪពុកម្ដាយជាអ្នករៀបចំឲ្យកូនមានគូស្រករ ក៏ប៉ុន្ដែរឿងនេះវាមានការវិវឌ្ឍហើយ ដោយឪពុកម្ដាយមានការយល់ស្របតាមចិត្ដរបស់កូនៗវិញ»។
កញ្ញា លី ពិសី ប្រធានសម្របសម្រួលសហគមន៍ឥន្ទធនូកម្ពុជាបានថ្លែងថា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមានការរីករាយ ដែលរាជរដ្ឋាភិបាលទទួលយកអនុសាសន៍ ដែលបានដាក់ស្នើទៅទាក់ទងនឹង សិទ្ធិអាពាហ៍ពិពាហ៍ ការស្មុំកូន អត្ដសញ្ញាណយេនឌ័រ និងការមិនរើសអើងដោយរដ្ឋាភិបាលបានយកទៅពិភាក្សាក្នុងក្របខ័ណ្ឌអន្ដរក្រសួង ហើយនឹងត្រូវលើកយកទៅការពារនៅក្នុងកិច្ចប្រជុំ UPR នៅទីក្រុងហ្សឺណែវនាថ្ងៃទី ៤-៥ ខែ កក្កដា ខាងមុខ ដែលនេះជាលទ្ធផលវិជ្ជមានមួយសម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
កញ្ញាបានថ្លែងថា បច្ចុប្បន្នសមាជិកសហគមន៍ឥន្ទធនូកម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នាប្រមាណ ២ ០០០ នាក់ហើយ ដែលហ៊ានចេញមុខមកតស៊ូមតិ និងអះអាងថា ខ្លួនជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ប៉ុន្ដែកញ្ញានៅតែព្រួយបារម្ភចំពោះអ្នកស្រឡាញ់ភេទដូចគ្នាវ័យក្មេង ដែលត្រូវបានមជ្ឈដ្ឋានទូទៅនៅរើសអើងពួកគេនៅឡើយនៅក្នុងសង្គម។
កញ្ញា ពិសី បានថ្លែងបន្តថា៖ «យើងនៅតែត្រូវការឲ្យមានការគាំពារទាំងផ្នែកគោលនយោបាយ និងផ្នែកច្បាប់ដល់ពួកយើង ព្រោះមានបញ្ហាជាច្រើនបានកើតឡើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា មានទាំងបញ្ហាហិង្សាគ្រួសារ សង្គមបានរើសអើងពួកគាត់ រហូតពេលខ្លះអ្នកស្រឡាញ់ភេទដូចគ្នាមានឈានដល់ការធ្វើអត្ដឃាតក៏មាន»៕