ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលបានចាត់ទុកការចេញផ្សាយរបាយការណ៍របស់អង្គការសង្គមស៊ីវិល ដែលថាមានការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងមានការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ក្រុមអង្គការសង្គមស៊ីវិលថា អាចបង្កឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិដោយសាររបាយការណ៍នេះបានគាំទ្រចំពោះក្រុមមនុស្សដែលតែងបំពានច្បាប់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា របាយការណ៍ស្ដីពីការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានឆ្នាំទី ៤ របស់អង្គការអាដហុកមជ្ឈមណ្ឌលសាមគ្គីភាព និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជារបាយការណ៍ចម្លងចេញពីរបាយការណ៍ដដែល ហើយការសន្និដ្ឋានធ្វើឡើងមិនគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ និងគ្មានលក្ខណៈបែបវិទ្យាសាស្ដ្រ។
លោកថា៖ «ព្រឹត្តិការណ៍ដែលពួកគេចងក្រងគឺពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់សមត្ថកិច្ចទៅលើក្រុមគោលដៅដែលគេការពារក្នុងនោះមានសកម្មជនបរិស្ថាន សកម្មជននយោបាយ សកម្មជនអង្គការសង្គមស៊ីវិល ដែលជាក្រុមគោលដៅដែលគេត្រូវការពារ និងមានរបៀបវារៈច្បាស់លាស់។ គេអត់វិភាគស៊ីជម្រៅទៅលើឫសគល់នៃព្រឹត្តិការណ៍ទាំងអស់ហ្នឹងទេ ថាតើព្រឹត្តិការណ៍ ហេតុអ្វីបានកើតឡើង និងមានធាតុផ្សំគ្រប់គ្រាន់បង្កទៅជាបទល្មើសឬអត់ដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ ប៉ុន្តែគេវិភាគតែលើរូបភាពប៉ុណ្ណោះឱ្យតែការអនុវត្តច្បាប់របស់សមត្ថកិច្ចទៅលើគោលដៅដែលគេត្រូវការពារអាហ្នឹងគេថា ជាការរំលោភបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋ»។
លោកបន្តថា ប្រសិនបើក្រុមអង្គការទាំងនេះនៅតែបន្តចេញរបាយការណ៍មានភាពលម្អៀង និងមិនមានមូលដ្ឋានច្បាស់លាស់ទៀត គឺវាអាចនាំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ ដូចជាប៉ះពាល់ដល់សន្ដិសុខ ស្ថិរភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈធ្ងន់ធ្ងរ។
លោកថា៖ «ព្រោះរបាយការណ៍បែបនេះហាក់ដូចរបាយការណ៍លើកទឹកចិត្តដល់គោលដៅដែលតែងធ្វើសកម្មភាពបង្កចលាចល និងបំពានច្បាប់នៅកម្ពុជា គឺថាឱ្យធ្វើសកម្មភាពនេះបន្ថែមទៀត ដោយមិនខ្លាចញញើតច្បាប់ និងសមត្ថកិច្ចអ្វីទាំងអស់។ ពីព្រោះពួកគេដឹងថាមានក្រុមការពារគេរួចទៅហើយគេហ៊ានធ្វើអ្វីគ្រប់យ៉ាងទៅតាមការចាត់តាំង ដើម្បីសម្រេចគោលបំណង និងរបៀបវារៈនយោបាយរបស់គេ ទោះត្រូវបំពានច្បាប់យ៉ាងណាក៏ដោយ»។
ប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលនេះធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលទាំង ៣ បានចេញរបាយការណ៍កាលពីថ្ងៃទី ២៨ កក្កដាស្ដីពីការឃ្លាំមើលសេរីភាពមូលដ្ឋានចាប់ពីខែមេសា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ ២០២០ ដែលបានវិភាគលើអត្ថបទនៃសារព័ត៌មានសរុបចំនួន ១ ១៩៤ ទទួលបានការរាយការណ៍ពីហេតុការណ៍ចំនួន ១១៩ បានស្ទង់មតិសាធារណជនចំនួន ៧៧៩ នាក់ និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពចំនួន ១៤២ នាក់ រួមទាំងវិភាគលើក្របខ័ណ្ឌច្បាប់កម្ពុជាដែលទាក់ទងនឹងសេរីភាពមូលដ្ឋាន។
របាយការណ៍នេះបញ្ជាក់ថា លំហក្នុងការអនុវត្តសេរីភាពមូលដ្ឋានដូចជាសេរីភាពខាងសមាគម សេរីភាពខាងបញ្ចេញមតិ និងសេរីភាពការជួបជុំ នៅតែមានការរឹតត្បិត និងរំលោភបំពានក្នុងនោះការបន្តបង្ក្រាបលើអ្នកមានទស្សនៈនយោបាយផ្ទុយ ការបំបិទការបញ្ចេញមតិ ការអនុវត្តក្រមព្រហ្មទណ្ឌតាមទំនើងចិត្តតាមរយៈការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ រួមគំនិតក្បត់ ញុះញង់ និងបទក្លែងព័ត៌មានធ្វើឲ្យមានការថយចុះការយល់ដឹងរបស់សាធារណជនចំពោះសេរីភាពជាមូលដ្ឋាន។
នៅក្នុងការឃ្លាំមើលនោះក្រុមអង្គការសង្គមស៊ីវិលទាំងនេះបានកត់ត្រាការអនុវត្តសេរីភាពមូលដ្ឋានចំនួន ៦៥៦ ករណីនៅក្នុងរាជធានី-ខេត្តក្រុងទាំងអស់ ហើយក្នុងនោះមានចំនួន ៤៤០ ករណីត្រូវបានរឹតត្បិត និងចំនួន ២៤៦ ករណីត្រូវបានរំលោភបំពាន ហើយព្រឹត្តិការណ៍ដែលបង្កើតឱ្យមានការរឹតត្បិតចំពោះសេរីភាពជាមូលដ្ឋាន មានដូចជាព្រឹត្តិការណ៍ខួប ៣ ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ផែនការវិលត្រឡប់មកកម្ពុជារបស់លោក សម រង្ស៊ី នៅខែតុលា និងខែវិច្ឆិកា និងព្រឹតិ្តការណ៍ចាប់ផ្ដើមរីករាលដាលនៃជំងឺកូវីដ១៩។
របាយការណ៍បញ្ជាក់ថា សិទ្ធិសេរីភាពរបស់សមាគម គឺមានការរឹតត្បិតចំនួន ៣៣៨ ករណី និងរំលោភបំពានមានចំនួន ១៨៦ ករណី ហើយសិទ្ធិសេរីភាពបញ្ចេញមតិត្រូវបានរឹតត្បិតចំនួន ២៤៥ ករណី និងរំលោភបំពានចំនួន ១០៣ ករណីក្នុងនោះមានការកោះហៅចំនួន ១៦៦ ករណី និងការចាប់ខ្លួន ៩៩ ករណីហើយពាក់កណ្ដាល គឺជាការរំលោភសេរីភាពបញ្ចេញមតិ តាមប្រព័ន្ធអ៊ីនធឺណិត។ ចំណែកនៅក្នុងចំណោមសេរីភាពជួបជុំចំនួន ១៨៥ ដែលបានកត់ត្រា គឺក្នុងនោះមានការរឹតត្បិតមានចំនួន ៥៣ ករណី និងការរំលោភបំពានចំនួន ២១ ករណី។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកបានបញ្ជាក់ថា ព្រឹត្តិការណ៍ដែលចងក្រងទាំងនេះមិនមែនធ្វើឡើងតែចំពោះក្រុមគោលដៅឡើយ ប៉ុន្តែគឺធ្វើឡើងសម្រាប់ពលរដ្ឋទូទៅទាំងអស់ ហើយគឺជាបញ្ហាដែលកើតឡើងពិតប្រាកដ។
លោកថ្លែងបន្តថា វាមិនមានអ្វីចម្លែកឡើយ ដែលរដ្ឋាភិបាលតែងច្រានចោលរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សផ្សេងៗទាំងអង្គការសង្គមស៊ីវិលទាំង ៣ នេះរួមទាំងរបាយការណ៍របស់អង្គការសហប្រជាជាតិជាដើម។ លោកយល់ថា រដ្ឋាភិបាលគួរប្រើប្រាស់ទិន្នន័យក្នុងរបាយការណ៍នេះដើម្បីដោះស្រាយបញ្ហាធ្វើយ៉ាងណាកុំឱ្យមានការរឹតត្បិត និងការរំលោភបំពានលើសិទ្ធិទាំងនោះបន្តកើតឡើងទៀត។
លោក ករុណា បញ្ជាក់ថា៖ «សិទ្ធិទាំង ៣ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់សង្គមប្រជាធិបតេយ្យ ហើយប្រសិនបើសិទ្ធិទាំងអស់ហ្នឹងមិនអាចអនុវត្តបាន អ៊ីចឹង តើប្រទេសហ្នឹងគេហៅថា ប្រទេសប្រជាធិបតេយ្យទៀតឬយ៉ាងម៉េច? ការតវ៉ានឹងអាចកាន់តែកើតឡើង ប្រសិនបើនៅតែមានការរឹតត្បិត»។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលបានធ្វើគឺដើម្បីទប់ស្កាត់កុំឱ្យសង្គមជាតិកើតមានចលាចល និងដើម្បីការពារសុខសន្ដិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសកុំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសេដ្ឋកិច្ចជាតិជាដើម។
លោកថា៖ «ការបញ្ចេញមតិកន្លងមក វាបង្កើតចលាចលដែលយើងមិនចង់ឃើញឱ្យមានទេ»។
ចំណែកលោក ជិន ម៉ាលីន បានលើកឡើងថាក្នុងនាមជាអ្នកជំនាញសិទ្ធិមនុស្ស ក្រៅពីធ្វើរបាយការណ៍វិភាគអំពីកង្វះខាតរបស់រដ្ឋាភិបាល ពួកគេគួរតែអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ និងឱ្យយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដើម្បីចៀសវាងការប្រឈមមុខជាមួយផ្លូវច្បាប់៕