ភ្នំពេញៈ មន្ត្រីក្រសួងសុខាភិបាលបានព្រមានពីលទ្ធភាពឆ្លងចូលទៅក្នុងសហគមន៍ បន្ទាប់ពីករណីឆ្លងសរុបកើនឡើង ២២៥ នាក់ ដែលភាគច្រើនជាជំងឺនាំចូលពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ រដ្ឋាភិបាលបានសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំង ២ នេះ ដើម្បីបញ្ចៀសកុំឱ្យមានការចម្លងនៅថ្ងៃឈប់សម្រាកសងចូលឆ្នាំនាពេលខាងមុខនេះ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃសៅរ៍ថា លទ្ធភាពនៃការចម្លងវីរុសកូវីដ១៩នៅក្នុងសហគមន៍គឺមិនអាចមើលរំលងបានឡើយ និងតម្រូវឱ្យពលរដ្ឋត្រូវបន្តការពារខ្លួនឱ្យបានជាប់ជានិច្ច។
លោកស្រីបន្តថា ការរកឃើញអ្នកឆ្លងជំងឺ ២៣ នាក់ចុងក្រោយនេះ គឺជាចំនួនដ៏ច្រើនមួយ និងពុំអាចឱ្យគេដឹងច្បាស់ថា តើវានឹងបន្តកើតឡើងទៀតយ៉ាងណានោះទេ។
លោកស្រីថ្លែងថា៖ «សូមអ្នកដើរកម្សាន្តទាំងអស់ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ១៩អាចកើតមានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ ១៩ នេះឲ្យសោះ»។
កាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារបង្ហោះនៅក្នុងហ្វេសប៊ុកដែរថា ករណីឆ្លងរកឃើញនៅកម្ពុជាគឺភាគច្រើនជាអ្នកដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីដែលត្រូវឱ្យកម្ពុជាសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំង ២ នេះបណ្ដោះអាសន្ន។
លោក ហ៊ុន សែន បន្តស្នើឱ្យពលរដ្ឋអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា ការពាក់ម៉ាស់ឱ្យបានជាប្រចាំដើម្បីចៀសផុតពីការឆ្លងជំងឺនេះ។
លោកសរសេរថា៖ «សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ ១៩ ឱ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាស់ឲ្យបានជាប្រចាំ។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានដាច់ខាត»។
នៅក្នុងលិខិតចេញផ្សាយកាលពីថ្ងៃទី ២៥ កក្កដា របស់ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាសម្រេចផ្អាកជាបណ្ដោះអាសន្នជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ១ ខែសីហា ខាងមុខនេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការផ្អាកនេះក្រោយក្រសួងបានរកឃើញអ្នកឆ្លង ១០៨ នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនៅក្នុងចំណោមអ្នកដំណើរមកពីក្រៅប្រទេសសរុបជាង ២ ម៉ឺន ៣ ពាន់ (២៣ ៥៦៧) នាក់ដែលចូលមកកម្ពុជាចាប់ពីថ្ងៃទី ២០ មិថុនាដល់ថ្ងៃទី ២៥ ខែកក្កដា។
សេចក្ដីប្រកាសនេះសរសេរថា៖ «ម្យ៉ាងទៀតចាប់ពីខែសីហា និងខែកញ្ញា ប្រទេសយើងនឹងមានការឈប់សម្រាកក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ១៩»។
ប្រទេសកម្ពុជា បានប្រកាសការរកឃើញអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតកាលពីថ្ងៃទី ២០ កក្កដា ដែលមានអ្នកឆ្លងសរុប ២៦ នាក់ក្នុងនោះ ២៥ នាក់គឺអ្នកធ្វើដំណើរមកពីប្រទេសអេហ្ស៊ីប និងរុស្ស៊ីដែលតជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី ហើយការប្រកាសរកឃើញអ្នកឆ្លងមានចំនួនខ្ពស់លើកទី ២ គឺនៅថ្ងៃទី ២៥ កក្កដា មានចំនួន ២៣ នាក់ ដែលសុទ្ធតែជាករណីនាំចូលពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
រដ្ឋាភិបាលបានចាប់ផ្ដើមធ្វើតេស្ដ និងធ្វើចត្តាឡីស័កអ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ចាប់ពីថ្ងៃទី ២០ ខែឧសភា និងបានបើកឱ្យពលរដ្ឋជាប់គាំងក្នុងប្រទេសម៉ាឡេស៊ី កាលអំឡុងខែមេសាអាចវិលចូលស្រុកវិញ។ កាលពីដើមសប្ដាហ៍មុនលោក ហ៊ុន សែន ធ្លាប់បញ្ជាក់ថា រដ្ឋាភិបាលនឹងមិនហាមឃាត់ពលរដ្ឋនៅក្រៅប្រទេសមិនឱ្យធ្វើដំណើរចូលប្រទេសវិញម្ដងទៀតឡើយ ថ្វីដ្បិតករណីឆ្លងរកឃើញរយៈពេលចុងក្រោយនេះគឺជានិស្សិត និងពលករខ្មែរមកពីក្រៅប្រទេសក្ដី។
កាលពីថ្ងៃម្សិលមិញលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមិនបានបញ្ជាក់បន្ថែមទេ ដោយសន្យាថានឹងបញ្ជាក់នៅពេលក្រោយវិញ។
លោក មឿង តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានលើកឡើងថា ប្រសិនបើការបិទជើងហោះហើរនៅពេលខាងមុខបានធ្វើឱ្យពលករខ្មែរដែលបាត់បង់ការងារដែលចង់ត្រឡប់មកស្រុកវិញ ប៉ុន្តែមិនអាចមកបានគឺរដ្ឋាភិបាលត្រូវជួយពួកគេឱ្យមានចំណូលអាចរស់បានមួយរយៈអំឡុងពេលជាប់គាំង ឬអាចជួយឱ្យពួកគេត្រឡប់មកស្រុក ហើយត្រូវធ្វើតេស្ដ និងដាក់ឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃឱ្យមានប្រសិទ្ធភាពបំផុត។
លោកបានថ្លែងថា៖ «ឥឡូវនេះកំពុងមានពលករខ្លះកំពុងធ្វើដំណើរជាបន្តបន្ទាប់មកស្រុកវិញ ប៉ុន្តែគឺធ្វើដំណើរតាមផ្លូវគោក ដោយសារគាត់អត់មានលទ្ធភាពធ្វើដំណើរតាមផ្លូវអាកាស និងអ្នកខ្លះដោយសារអត់មានឯកសារគ្រប់គ្រាន់។ នៅពេលមានពលករខ្មែររាប់ពាន់នាក់ទៀតដែលចង់ត្រឡប់មកស្រុកវិញ ដោយសារពួកគាត់ជួបឧបសគ្គមួយចំនួន ដោយសារពួកគាត់នៅទីនោះក៏អត់មានការងារធ្វើដែរ អត់ប្រាក់ចំណូល»។
លោក មឿង តុលា បន្តថា ប្រសិនបើការបើកឱ្យជនបរទេសដែលត្រូវតជើងហោះចេញពីម៉ាឡេស៊ីអាចបន្តធ្វើដំណើរមកកម្ពុជាក៏ជារឿងល្អមួយដែរ ដោយសារលោកយល់ថានឹងអាចជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។
ទោះជាយ៉ាងណាលោក ជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ឲ្យដឹងថា ការបិទជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនៅពេលខាងមុខនេះនឹងមិនធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចឡើយ ដោយសារលោកអះអាងថា នៅក្នុងអំឡុងពេលផ្ទុះឡើងជំងឺកូវីដ ១៩ នេះគ្មានអ្នកដំណើរជាអ្នកទេសចរនោះទេ ហើយភាគច្រើនបំផុតគឺជាពលករ និងនិស្សិតខ្មែរនៅក្រៅប្រទេស។
លោកបញ្ជាក់ថា បច្ចុប្បន្នក្នុងរយៈពេល ១ សប្ដាហ៍គឺមានជើងហោះហើរមកពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ប្រហែល ១ ទៅ ២ ជើងហោះហើរប៉ុណ្ណោះ ហើយជើងហោះហើរមកពីក្រៅប្រទេសមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភាគច្រើនគឺមកពីប្រទេសចិន និងកូរ៉េខាងត្បូង។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «យើងមានជនជាតិខ្មែរយើងនៅហ្នឹង (ម៉ាឡេស៊ី) គាត់ត្រូវត្រឡប់មកផ្ទះវិញ ហើយមិនមានច្រើនទេ គឺទាល់តែគាត់មានការចាំបាច់ប៉ុណ្ណោះ។ អ៊ីចឹងវាមិនមានអីប៉ះពាល់ខ្លាំងទេ»៕