ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់បញ្ជាក់ថា ករណីលោក កឹម សុខា អតីតមេបក្សប្រឆាំង ដែលកំពុងត្រូវបានឃុំក្នុងផ្ទះនោះនៅតែស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការនៅឡើយ ដូច្នេះមិនទាន់ដល់ពេលដែលប្រមុខរដ្ឋាភិបាលស្នើឲ្យមានការលើកលែងទោសនោះទេ ដែលនេះជាការឆ្លើយតបទៅនឹងមេចលនាសង្គ្រោះជាតិលោក សម រង្ស៊ី ដែលប្រកាសអំពីសម្ពាធដ៏ខ្លាំងរបស់អន្តរជាតិបង្ខំឲ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថាអំណាចក្នុងការកំណត់ ឬសម្រេចលើករណីលោក កឹម សុខា ថា តើត្រូវដោះលែងឬយ៉ាងណានោះគឺជាការសម្រេចរបស់តុលាការដែលរដ្ឋាភិបាលមិនលូកលាន់ក្នុងសាច់រឿងនេះទេ។ ចំណែកសម្ពាធអន្តរជាតិក៏មិនមានអំណាចអ្វីមកបង្ខំតុលាការកម្ពុជាឲ្យអនុវត្តតាមខ្លួននោះទេ ព្រោះតុលាការធ្វើតាមដែនសមត្ថកិច្ចដែលជាអំណាចបានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលជាអង្គការឯករាជ្យមិនមានអ្នកណាលូកលាន់បាន។
លោក ស៊ីផាន ថ្លែងថា៖ «គាត់ [លោក សម រង្ស៊ី] ចេះតែនិយាយទៅនិយាយអត់បានការនិយាយអត់បានផល។ រាប់ឆ្នាំហើយគាត់និយាយមិនដែលបានផលអីទេ។ គាត់មិនដែលឲ្យតម្លៃទៅលើរដ្ឋធម្មនុញ្ញខ្មែរច្បាប់ខ្មែរបន្តិចសោះ»។
ជាមួយគ្នានេះលោក ផៃ ស៊ីផាន បន្ថែមថាវិធាននៃដំណើរការយុត្តិធម៌ហ្នឹងមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់គត់ដែលត្រូវស្នើសុំទៅព្រះមហាក្សត្រក្នុងការដោះលែង ឬសម្រួលដល់ទោសណាមួយដែលត្រូវបានសម្រេចក្តីរួចហើយ។
លោកបញ្ជាក់ថា៖ «ដំណើរការយុត្តិធម៌មិនទាន់បានពាក់កណ្តាលផងហ្នឹង! កឹម សុខា ជាជនសង្ស័យដែលជាប់បន្ទុកសង្ស័យរបស់តុលាការនៅក្នុងការតាមដានរបស់តុលាការ។ ដូច្នេះការសម្រេចរបស់តុលាការមិនទាន់បានជាផ្លែផ្កា»។
តាមរយៈហ្វេសប៊ុករបស់ខ្លួនកាលពីចុងសប្តាហ៍លោក សម រង្ស៊ី ដែលក៏ជាអតីតប្រធានគណអតីតបក្សសង្គ្រោះជាតិបានសរសើរលោក កឹម សុខា ដែលជាដៃគូនយោបាយរបស់លោកអំពីជំហរនយោបាយរឹងមាំរបស់លោក កឹម សុខា ហើយថាលោក សុខា ទោះបីមិនមានសេរីភាពនិយាយខ្លួនឯងក៏ដោយប៉ុន្តែលោកអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលគាំទ្រគណបក្សសង្គ្រោះជាតិរក្សាស្មារតីឯកភាព និងប្តូរផ្តាច់ឲ្យរឹងមាំជាទីបំផុតដោយអះអាងថា គណបក្សសង្គ្រោះជាតិនឹងចាប់ផ្តើមដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
លោក សម រង្ស៊ី សរសេរទៀតថា៖ «ក្រោមសម្ពាធអន្តរជាតិដ៏ខ្លាំងក្លាដែលមិនធ្លាប់ឃើញពីមុនមករបប ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ឲ្យទទួលបានសេរីភាពពេញលេញ និងស្ថាពរដោយទម្លាក់ចោលការចោទប្រកាន់ដែលគ្មាននរណាជឿទាល់តែសោះមកលើប្រធានគណបក្សសង្គ្រោះជាតិ»។
គួររំឭកថាកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ សហភាពអន្តរសភា (IPU) ដែលប្រមូលផ្តុំរដ្ឋសភាជាង ១៧០ ប្រទេសទូទាំងពិភពលោកបានចេញសេចក្តីសម្រេចមួយទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ហើយដោយគ្មានលក្ខខណ្ឌព្រមទាំងទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
ប៉ុន្តែលោក ផៃ ស៊ីផាន បញ្ជាក់ថាការលើកឡើងអំពីការវិលត្រឡប់មកវិញរបស់អតីតគណបក្សសង្គ្រោះជាតិនោះគឺគ្រាន់តែជាការធ្វើវិទ្ធង្សនាតែប៉ុណ្ណោះ ព្រោះបក្សប្រឆាំងមួយនេះក្រោយពីការសម្រេចរំលាយដោយអំណាចសាលដីការបស់តុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ហើយនោះមិនអាចមានវត្តមាននៅពេលនេះទៀតទេដែលយ៉ាងហោចណាស់ត្រូវទទួលទណ្ឌកម្ម ៥ ឆ្នាំសិន។
ទោះយ៉ាងណាសម្រាប់លោក ផែង ហេង ដែលជាមេធាវីការពារក្តីឲ្យលោក កឹម សុខា មិនធ្វើអត្ថាធិប្បាយថាករណីនេះស្ថិតក្រោមសម្ពាធនយោបាយខាងណាដែលតម្រូវឲ្យមានការដោះលែងកូនក្តីរបស់លោក ឬតម្រូវឲ្យបន្តឃុំខ្លួនកូនក្តីលោកនោះទេ ប៉ុន្តែក្នុងនាមជាមេធាវីលោកទទូចឲ្យមានការដោះលែងលោក កឹម សុខា ព្រោះថារហូតមកដល់ពេលនេះតុលាការនៅមិនទាន់រកឃើញភ័ស្តុតាងអ្វីដើម្បីដាក់បន្ទុកលើកូនក្តីលោកឡើយ។
លោកថ្លែងថា៖ «នីតិវិធីច្បាប់ខ្ញុំជាមេធាវីខ្ញុំពិនិត្យភ័ស្តុតាង និងអង្គហេតុហ្នឹងហើយយើងទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ ឬក៏លើកលែងការចោទប្រកាន់មកលើឯកឧត្តម កឹម សុខា ព្រោះយើងការពារក្តីរឿងហ្នឹង យើងមើលឃើញថាអង្គហេតុហ្នឹងវាមិនមានអីត្រូវដាក់បន្ទុកលើកូនក្តីយើងទេ»។
ទាក់ទងនឹងការលើកឡើងថាការស្នើសុំពីលោក ហ៊ុន សែន ក្នុងការលើកលែង ឬទម្លាក់ចោលការចោទប្រកាន់លោក កឹម សុខា មិនទាន់ដល់ពេលវេលាដែលត្រូវធ្វើការសម្រេចនោះអ្នកវិភាគនយោបាយ និងជានាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ថ្លែងថាការផ្សះផ្សាជាតិដើម្បីប្រយោជន៍ពលរដ្ឋគឺមិនរើសពេលវេលាទេ ដរាបណាភាគីជម្លោះមានឆន្ទៈ។
លោក ព្រាប កុល ថ្លែងថា៖ «ការបន្តសង្គ្រាមពាក្យសម្តីរវាងមេដឹកនាំនយោបាយ និងការចង់ឈ្នះចាញ់របស់អ្នកនយោបាយធ្វើឲ្យជាតិ និងពលរដ្ឋខាតបង់»។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលការចោទនេះផ្អែកទៅលើវីដេអូឃ្លីបដែលលោកនិយាយទៅកាន់អ្នកគាំទ្រនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ ២០១៣ ដោយថាការវិលត្រឡប់ចូលនយោបាយរបស់លោកវិញនេះគឺដោយសារមានការគាំទ្រ និងបង្ហាញពីយុទ្ធសាស្ត្រតាមបែបប្រជាធិបតេយ្យពីសំណាក់អ្នកជំនាញ និងសាស្ត្រាចារ្យល្បីៗរបស់អាមេរិកដើម្បីទទួលបានជោគជ័យក្នុងសង្វៀននយោបាយ។
ប៉ុន្តែមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនបានចាត់ទុកការចោទប្រកាន់ទៅលើលោក កឹម សុខា ថាជារឿងនយោបាយក្រោយពីអតីតគណបក្សប្រឆាំងរបស់លោកត្រូវបានគេមើលឃើញពីសម្ទុះនៃការគាំទ្រកើនឡើងខ្លាំងសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧៕