ភ្នំពេញៈ លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា អ្នកជំងឺ​កូវីដ ​១៩ ដែល​នៅសល់​ម្នាក់​ចុងក្រោយ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​គឺ​មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះទេ​ហើយ​នឹង​អាច​ចេញពី​មន្ទីរពេទ្យ​ក្នុងពេល​ឆាប់ៗ​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់​កាលពី​យប់​ថ្ងៃទី​ ៩ កញ្ញា​ ថា អ្នក​ជំងឺ​កូវីដ​ ១៩​ ចុងក្រោយ ដែល​ត្រូវបញ្ជូន​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ ទៅ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​វិញ គឺ​ដើម្បី​បង្កើន​ការយក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ក្នុង​ការផ្តល់​ការព្យាបាល​ដោយ​សារមន្ទីរពេទ្យ​នេះ​គឺ​បណ្តុំ​ទៅដោយ​អ្នក​ឯកទេស​ផ្នែក​ជំងឺ​សួត និង​ក្រុមគ្រូពេទ្យ​ជំងឺ​ទូទៅ​។

លោកស្រី​ថា​៖ «​អ្នកជំងឺ​គាត់​មិនមាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ឬ​មិនមាន​ជំងឺ​ប្រចាំកាយ​នោះទេ​។ គ្រាន់តែ​ភាព​វិជ្ជមាន​វីរុស​កូវីដ​១៩​របស់គាត់​បាន​បន្ត​ក្នុង​រយ:ពេល​យូរ ដែល​មាន​អ្នកជំងឺ​ខ្លះ​ក៏​ធ្លាប់​ព្យាបាល​មាន​រយ:ពេល​យូរ​ដែរ​»​។

លោកស្រី​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា ការផ្លាស់ប្តូរ​ទីកន្លែង និង​ក្រុម​គ្រូពេទ្យ​ព្យាបាល​សម្រាប់​គាត់​ និង​អាចជួយ​ជំរុញ​ឲ្យ​ស្ថានភាព​អ្នកជំងឺ​នឹង​អាចមាន​ការប្រែប្រួល​ទៅរក​ភាពឆ្លើយតប​សរីរាង្គ​របស់​គាត់​កាន់តែ​បាន​ល្អ​បន្ថែមទៀត ដោយ​នីតិវិធី​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​ទីនោះ​។ អ្នកជំងឺ​ក៏​ប្រហែល​ជា​នឹង​អាច​វិវត្ត​ទៅរក​ភាពជា​សះស្បើយ​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​»​។

នៅក្នុង​រយៈពេល​ជិត​ ១ ​ខែ​ចុងក្រោយ​នេះ​កម្ពុជា​បាន​រកឃើញ​ករណី​នាំចូល​កូវីដ​ថ្មី​តែមួយ​ករណី​ប៉ុណ្ណោះ​គឺ​អ្នកដំណើរ​មកពី​ប្រទេស​បារាំង​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ៣០ ​ខែ​សីហា ប៉ុន្តែ​អ្នកជំងឺ​រូបនេះ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​រាយការណ៍​ថា បាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​ ៧ កញ្ញា​។

គិត​ចាប់តាំងពី​ថ្ងៃ​រកឃើញ​​ករណី​ជំងឺ​កូវីដ​ ១៩ ​ដំបូង​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២៧ ខែ មករា ឆ្នាំ​ ២០២០ គឺ​មកដល់​ពេល​នេះ​មាន​មនុស្ស​ចំនួន​ ១០៩១៣៣ នាក់​ត្រូវបាន​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ ១៩ ហើយ​ក្នុងចំណោម​នោះ​មាន​ចំនួន ២៧៤ នាក់​ត្រូវបាន​រកឃើញ​វិជ្ជមាន​។ ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ​មាន ២៧៣ នាក់​ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​ម្នាក់ទៀត​ប៉ុណ្ណោះ​មិន​ទាន់​ជាសះស្បើយ​។

ទោះយ៉ាងណា​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឱ្យបាន​ជាប់​ជានិច្ច​ដូចជា​ពាក់ម៉ាស់ លាង​សម្អាត​ដៃ អង្គុយ​ និង​ឈរ​ត្រូវ​រក្សា​គម្លាត​ពីគ្នា ពន្យារពេល​រៀប​អាពាហ៍ពិពាហ៍ ពិធី​ជប់លៀង​ការចាក់​ធុងបាស់​រាំ​ជាដើម និង​មិនត្រូវ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឡើយ​ក្នុង​ករណី​ដែល​មិនមាន​ការចាំបាច់​។

ការក្រើន​រំឭក​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​នេះ​គឺ​ដោយសារ​កម្ពុជា​នៅតែ​បន្ត​រង​ការគំរាមកំហែង​ឆ្លង​ចេញពី​ប្រទេស​នៅក្នុង​តំបន់​ និង​ពិភពលោក​ដែល​ជំងឺ​កូវីដ​ ១៩ ​នៅតែ​កំពុង​បន្ត​រាតត្បាត​ខ្លាំងក្លា​នៅឡើយ​៕