ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​មន្ត្រី​កម្លាំង​សមត្ថ​កិច្ច​ មន្ត្រី​អប់រំ​ ​សិស្សានុ​សិស្ស​ និង​ប្រជា​ពល​រដ្ឋ​ជួយចូល​រួម​​ទប់​ស្កាត់​ការប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

លោក​ មាស ​វិរិទ្ធ ​អគ្គ​លេខា​ធិ​ការ​នៃ​អគ្គ​លេ​ខា​ធិកា​រ​ដ្ឋាន ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ថ្លែង​ថា​៖​ «​បញ្ហា​គ្រឿង​ញៀន​គឺ​ជា​បញ្ហា​ប្រទាក់​ក្រឡា​គ្នា​ហើយ​អ្នក​ដែល​រង​គ្រោះ​គឺ​ជា​ប្រជា​ពល​រដ្ឋ​ដូច្នេះ​ត្រូ​វ​ការយន្ត​ការ​ផ្សេងៗ​​គ្រប់​ពហុ​វិស័យ​នៅ​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ និង​ដោះ​ស្រាយ​ហើយ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​អ្នក​ដែល​រង​គ្រោះ​ទៅ​ទទួលសេ​វា​ព្យា​បា​ល​ដើម្បី​បង្រួម​ទីផ្សារ​នៃ​ការ​ប្រើប្រាស់»។

លោក ​ថោង​ សុគន្ធា​ អគ្គ​លេខា​ធិ​ការ​រង​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ថ្លែង​ថា ​សមត្ថ​កិច្ច​​បាន​ឃាត់​ខ្លួន​មនុស្ស​ ១៦១៣៩ ​នាក់​ និង​បង្ក្រាប​បាន​ ៧ ៩៧៩​ ករណី​ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​ជួញ​ដូរ​ និង​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ បើ​គិត​ជា​មធ្យម​គឺ​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រមាណ​ ៤៤ នាក់​​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ ១ ថ្ងៃ។​

​លោក​ ថោង​ សុគន្ធា​ ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​អប់រំ​ពី គ្រោះថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ និង​សុវត្ថិភាព​ចរាចរ​ណ៍​ផ្លូវ​គោក ​កាល​ពី​ថ្ងៃ​ទី​ ១២​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៩​ នៅសាលា​គរុ​កោ​សល្យ​ខេត្ត​ស្វាយ​រៀង​ដែល​មាន​​ការ​ចូល​រួម​ពី​មន្ត្រី​នគរ​បា​ល​ មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ មន្ត្រី​អប់រំ​ និង​សិស្សានុ​សិស្ស​ក្នុង​ខេត្ត​ស្វាយរៀង​ជា​ច្រើន​រយ​នាក់។

លោកថ្លែង​ថា​ អ្នក​ប្រើ​គ្រឿង​ញៀន​ចំនួន​ ១៦ ០០០​ នាក់​ ហើយ​ក្នុង​នោះ​មាន​អ្នក​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនា​គារ មណ្ឌល​អប់រំកែ​ប្រែ និង​អប់​រំ​នៅ​តាម​ផ្ទះ។​អ្នក​ប្រើ​ប្រាស់​អាច​មាន​ច្រើន​ជាង​នេះ​ដោយ​សារ​តែ​ថា​អ្នក​ប្រើ ប្រាស់​ គ្រឿង​ញៀន​ម្នាក់បាន​ធ្វើ​ការ​ចែក​ចាយ​គ្រឿង​ញៀន​ទៅ​ឲ្យ​អ្នក​ ៣ ​នាក់​ ទៅ​ ៥ នាក់​ផ្សេង​ទៀត។

​លោក​ថ្លែង​ថា​​៖​ «​បើ​យើង​ចាប់​បាន​ម្នាក់​មាន​ន័យ​ថា ​អាច​មាន​មនុស្ស​ ៣ នាក់​ផ្សេង​ទៀត​ដែល​យើង​អត់​ទាន់​ចាប់​បាន​ដូច្នេះ ​បើ​យើង​គុណ​ទៅ​ចេញ​ប៉ុន្មាន​ម៉ឺន​នាក់​ក្នុង​ចំណោម​តែ​ប៉ុណ្ណឹងលាន​នាក់​ វា​ច្រើន​ណាស់​ អ៊ីចឹ​ង​បើ​ឡើង​ទៅដល់ ​៥ ​ទៅ​ ​៦​ ម៉ឺន​នាក់​ ដូច្នេះ​តម្រូវ​ការ​គ្រឿង​ញៀន​ច្រើន​ណាស់​ ហើយ​អ្នក​ដែល​ប្រើ​គ្រឿង​ញៀន​ម្នាក់​ អាច​ចំណាយ​អស់ $១០ »។

​លោក​បញ្ជាក់​ថា​៖ «អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​គឺ​ជា​ទីផ្សារ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​គ្រឿង​ញៀន​ ដូច្នេះ​ហើ​យ​បាន​ជាជន​ខិល​ខូច​គាត់​នៅ​តែ​ព្យា​យាម​នាំ​គ្រឿង​ញៀន​ចូល​មក​ទោះ​បី​ជា​យើង​បង្ក្រាបយ៉ាង​ណា​ក៏​ដោយ​កាល​ណា​គាត់​លក់​ ដូរ​គ្រឿង​ញៀន​ហើយ​នៅ​ក្នុង​ច្បាប់ ​គ្មាន​ការ​លើក​លែង​ទេ»។

មនុស្ស​ ១៦ ១៣៩ នាក់ និង​​ជនបរ​ទេ​ស​ ៣១០​ នាក់ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ឆ្នាំ ​២០១៨៕