ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួ​ង​មហាផ្ទៃ ណែនាំ​ឲ្យ​មន្ទីរ​ជំនាញ​នានា អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឃុំ សង្កា​ត់ ដាក់​ចេញ​​ពេលវេលា​ឲ្យ​បាន​ជាក់​លាក់​ ដើម្បី​រៀបចំ​វេទិកាពិគ្រោះ​យោបល់​ឲ្យ​បាន​ ២ ដងក្នុង​ ១ ​ឆ្នាំ ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​តាម​មូល​ដ្ឋាន​របស់ខ្លួនដើម្បី​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​ចំពោះមុខ និង​បង្ហា​​ញ​ពី​ការ​ទទួល​ខុស​ត្រូវ​នៅ​​ថ្នាក់​ក្រោម​ជាតិ។

ការ​​ប្រកាស​បែបនេះបាន​ធ្វើ​ឡើង​នៅក្នុង​ទិវា​សង្គម​ស៊ីវិ​ល​កាលពី​ថ្ងៃ​អង្គារ ដោយ​លោក ប៊ុន ហុន រដ្ឋលេខា​​​​​​​ធិការ​ក្រសួង​មហា​ផ្ទៃទទួល​បន្ទុក​កិច្ចការ​ទំនា​ក់​ទំនងជា​មួយក្រុម​អង្គកា​រ​​សង្គម​ស៊ីវិលបាន​លើកឡើង​នៅ​​ចំពោះមុខ​អ្នក​ចូល​រួម​ប្រមា​ណ ៣០០ នាក់ ដែល​ភាគ​ច្រើន​ជា​សមាជិក​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល។

លោក ប៊ុន ហុន និយាយថា៖ «ចំណុច​នេះ ជា​ចំណុច​មួយ​ដែល​យើង​ចង់​ជំរុ​ញ មិន​មែន​ត្រឹមតែ​ថ្នាក់​​ជាតិ​ទេ គឺ​ថ្នាក់ក្រោម​ជាតិ​ទៀត ព្រោះ​ថា​ ថ្នា​ក់​ក្រោម​ជាតិ​នេះ យើង​បាន​ធ្វើ​សេចក្តីណែនាំ​ច្រើនដង​ហើយ​។ យើង​បាន​ណែនាំ​ឲ្យ​គា​​ត់​រៀបចំ​វេទិកា​រវាង​រដ្ឋបាល​ខេត្ត រាជធានី​ ជាមួយ​នឹង អង្គ​​ការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​សក​ម្មភាព​នៅក្នុង​ក្របខ័ណ្ឌ​ខេត្ត​ហ្នឹងក្នុង​មូលដ្ឋាន​របស់​គាត់»។

ជាមួយនឹង​ការណែនាំ​ជាថ្មី​នេះ លោក​ថា កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់បាន​ណែនាំ​​ជា​ច្រើនដង​មក​​ហើយបន្ទាប់​ពី​ចេញ​សេច​ក្តី​ណែនាំ​លេខ ០៤០ កាល​ពី​ឆ្នាំ ២០១៨ និង​លិខិត​ចុះ​ថ្ងៃទី ១​៤ ខែ មីនា ថ្មីៗនេះ​ទៀត ដោយ​ឲ្យ​រដ្ឋបាល ខេត្ត​ រាជធានី​ ទាំងអស់ កំណត់​ការរៀបចំ​នូវ​វេទិកា​រវាង​រដ្ឋបា​ល​រាជធានី​ ខេត្ត ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិលដែល​ធ្វើការ​នៅ ក្នុង​មូលដ្ឋាន​របស់​ខ្លួន យ៉ាង​តិច​ឲ្យ​បាន ២ ដង​ក្នុង ១ ឆ្នាំ។

លោកបញ្ជាក់ថា៖ «អ្វី​ដែល​យើង​ចង់បាន​ គឺ​ដើម្បី​ឲ្យ​គាត់​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ប្រឈ​​ម​​​នានាដែល​កើតឡើង​រវាង​កិច្ច​ការដែល​អង្គការ​ស​ង្គ​ម​ស៊ីវិល​ធ្វើ​នោះ តើ​មាន​ការខ្វះ​ខាតអី? ប្រឈម​បញ្ហា​អ្វីខ្លះ? ប៉ុន្តែ​នៅតែ​មិនទាន់​ឃើញ​មាន​លទ្ធផល​ល្អ​នៅ​ឡើយ​ទេ នៅ​ខ្វះចន្លោះ។ ឥឡូវ​នេះ គឺ​ក្រសួង​បាន​ជំរុញ​ឲ្យ​កំណត់​កម្មវិធី ពេល​វេលា​ជាក់លាក់​ថា ក្នុង​ឆ្នាំ ២០​១​៩​ នេះក្នុង​ខេត្ត-​រាជធានី​នីមួយ​ៗ​ត្រូវ​រៀបចំ​វេទិកា​ជាមួ​យ​​អង្គការ​សង្គម​ស៊ីវិល​ហ្នឹងនៅ​ថ្ងៃ​ណា? ឲ្យ​ធ្វើ​របាយការណ៍​មក​ក្រសួង​ដើម្បី​តាម​ដាន​ក្នុង​ការ​អនុវត្ត​កិច្ចការ​នេះ»។

បើតាម​លោក ប៊ុន ហុន ការ​កំណត់​កម្មវិធី​នេះ គឺ​ដើម្បី​ឲ្យ​មានការ​ទទួល​ខុសត្រូវ​នៅក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យ​គាត់​រក​ឲ្យ​ឃើញ​​ថា​តើ​វា​មាន​បញ្ហា​ប្រឈម​រវាង​សង្គមស៊ីវិល និង​អាជ្ញាធរ​ថ្នាក់ក្រោម ព្រោះ​កន្លងមក​មាន​បញ្ហា​យល់​គ្នា​មិន​ច្បាស់លាស់ ឧទាហរណ៍​ធ្វើ​ពិធី​នេះ ពិធី​នោះមាន​ថ្នាក់​ស្រុក ថ្នាក់​ឃុំ​អី​ទៅ​​ហាម​ឃាត់​ជាដើម។

លោក​បញ្ជាក់​ថា​៖ «អ៊ីចឹ​ង​ហើយ សំណូ​ម​ពរ​ថា ពេលដែល​រៀបចំ​វេទិការ​​​​​នេះ សូម​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​មូលដ្ឋាន​នីមួយ​ៗ យក​លេខ​ទំនាក់​ទំនង​របស់​រដ្ឋ​បាល​រាជធានី ខេត្ត​មួយ ដើម្បី​ដោះស្រាយ​គ្នាភ្លាមៗ​ក្នុង​ករ​ណី​​ដោះ​មិន​ចេញ​ទេ សូម​ទាក់ទង​មក​ខ្ញុំ​មក ខ្ញុំ​ហ្នឹង​ដោះស្រាយ សម្រប​សម្រួល​បញ្ហា​ហ្នឹង»។

មន្ត្រីអង្គ​ការ The Halo Trust ម្នាក់​ដែល​បដិសេធ​បញ្ចេញ​ឈ្មោះ​​ បាន​ថ្លែង​ថា ខេត្ត​ដែល​លោក​កំពុង​ប្រចាំការ​ធ្វើការ​ ពុំទាន់​មានការ​រៀបចំ​វេទិកា​នេះ​នៅឡើយ​ទេ។ លោក​ចង់​​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ រួមគ្នា​ឲ្យ​មានការ​រៀបចំ​នូវ​វេទិ​កា​ដ៏​មាន​សារៈ​​សំខាន់​នេះឲ្យ​បាន​ឆាប់។

លោក​ថា៖ «តាំងពី​ចុងឆ្នាំ ២០១៨ រហូត​មកដល់​ឆ្នាំ ២០១៩ នេះ ខ្ញុំ​មិន​ដែល​ទាន់​បាន​ទទួល​លិខិតឲ្យ​ចូលរួម​ដូចជា​សេចក្តី​រៀប​រាប់​នេះ​ទេ មិន​ដែល​មាន​ទេ»។

ចំណែក​លោកស្រី នេ​ត ចិន្តា នាយិកា​ប្រតិបត្តិ​អង្គការ OIC ក៏​ថ្លែង​ដែរ​ថា លោក​ស្រី​​ចង់​ឲ្យ​មាន​វេទិកា​នេះ កើត​ឡើង​ឲ្យ​បាន ឆាប់ៗ ហើយ​ក្នុង​នាម​សង្គម​ស៊ីវិល​មួយ​ដែរ លោ​ក​ស្រី​​ក៏​ចង់ឃើញ​មានការ​ពិភា​ក្សា​​គ្នា​ឲ្យ​បាន​ច្បាស់លាស់ និង​ទៀង​​ទាត់​​រវាង​​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន។

លោកស្រី​បញ្ជាក់ថា៖ «ដោយ​​សារ​តែ​ផែនការ​​នេះ​ថ្មី ដូច្នេះ​អាជ្ញា​​​​ធ​រ​​មូលដ្ឋានត្រូវការ​ពេលវេលា​ក្នុង​ការរៀបចំ​ដាក់បញ្ចូល​ទៅ​ក្នុង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ប្រចាំឆ្នាំ​ដែរ ហើយ​ម្យ៉ាង​ទៀត​អាច​នឹង​ខ្វះខាត​កញ្ច​ប់​​ថវិ​កាដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនទាន់​អាច​រៀបចំ​វេទិកានេះ​ឡើង។ តែ​យើង​រំពឹងថា វេទិកា​នៅ​តាម​ខេត្ត​នេះ​នឹង​លេច​ចេញ​ជា​រូបរាង​ឡើង​ក្នុង​ពេល​ឆាប់ៗ»។

លោក ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តា​ល បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ ពី​ម្សិល​មិញ​ថា ខេត្ត​របស់លោក​មិន​ទាន់​បាន​រៀបចំ​វេទិកា​​នេះ​នៅ​ឡើយ​ទេ ព្រោះតែ​ពេលវេលា​មមាញឹក​ច្រើន។ យ៉ាងណា​ក្តី​លោក អះអាងថា រដ្ឋបាល​ថ្នាក់​ខេត្តនឹង​ខិតខំ​ព​ន្លឿ​ន​យ៉ាង​ណា​ឲ្យ​មាន​វេទិកា​នេះ​ជាមួយ​សង្គម​ស៊ីវិល​តាម​មូលដ្ឋាន នៅ​ក្នុង​​ត្រីមាស​ទី ២ ក្នុង​ឆ្នាំ​នេះ។

លោក​បញ្ជាក់ថា៖ «ការរៀបចំ​វេទិកាមិនទាន់​ពេលវេលា​នេះ មិន​ទាក់ទង​នឹង​បញ្ហា​ថវិកា​អី​ទេគឺ​ដោយ​សារ​យើង​គ្មាន​ពេ​ល​វេលា​គ្រប់​គ្រាន់​។ ការ​ជួបគ្នា​នេះ គឺជា​ការល្អដែល​គេ​អាច​ស្វែងយល់បាន​អ្វី​ជា​បញ្ហាដើ​ម្បី​រួមគ្នា​ពិនិត្យ ដោះ​ស្រាយ ដែល​កន្លង​ទៅ ខេត្ត​ពុំ​ដែល​មាន​បញ្ហា​អ្វី​ជាមួយ​សង្គម​ស៊ីវិល​នោះ​ទេ»៕