ព្រះសីហនុៈ កូន​ឈើ​ប្រភេទ​នាង​នួន​ ​និង​កោង​កាង​ ​ជាង​ ១៥ ០០០ ​ដើម​ ​ត្រូវ​បាន​ក្រុ​ម​មន្ត្រី​ពាក់​ព័ន្ធក្នុង​​​ខេត្ត​ព្រះ​សីហនុ​ ​រួម​ទាំង​ប្រ​ជា​សហ​​គមន៍​ ​និង​សិស្សា​នុ​សិស្ស​ ​ដាំ​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ក្រុង​ព្រះ​សីហនុ ​ដង​អូរ​ឈើ​ទាល​ ​និង​ជុំ​វិញ​បរិ​វេណ​​អាង​ចម្រោះ​ទឹក​កខ្វក់​ទាំង​ ៤​ ដើ​ម្បី​ជួយ​កាត់​បន្ថយ​ការ​បំពុល​​បរិស្ថា​ន​ទឹក​សមុទ្រ​ នៅ​ពេល​មាន​ទឹក​កខ្វក់​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ។

​លោក ​នេ​ន​ ​ចំរើន​ ​ប្រធាន​មន្ទីរ​កសិ​កម្ម​ ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ខេត្ត​ព្រះ​សីហនុ​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ថា​ ​កូន​ឈើ​កោង​កាង​ ​ចំនួន​ ១១ ៥០​០ ​ដើម​ ​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ព្រះ​សីហនុ​ ​និង​ ​ប្រជា​សហ​គមន៍​ ​សិស្សា​នុ​សិស្ស ​និង​មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​នេះ ​នាំ​យក​ទៅ​ដាំ ​នៅ​អម​តាម​ដង​អូរ​ឈើ​ទាល​ ​ដោយ​ចាប់​តាំង​​ពី​ក្នុង​បរិវេ​ណ​នៃ​ទីតាំង​អាង​ចម្រោះ​ទឹក​កខ្វក់​ទាំង ​៤​​ រហូត​ដល់​ចុង​អូរ​ឈើ​ទាល​ជាប់​មាត់​ឆ្នេរ។​

​លោក​បាន​បន្ត​ថា​ ​ចំណែក​កូន​ឈើ​នាង​នួន​ប្រមាណ​ ៤ ០០០​ ដើម​ផ្សេង​ទៀត​ ​ត្រូវ​បាន​ក្រុម​មន្ត្រី​នៃ​មន្ទីរ​រៀបចំដែន​ដី​នគ​រូប​នីយកម្ម​ និង​សំណង់​​ខេត្ត​ព្រះសីហនុ​ ​នាំ​យក​ទៅ​ដាំ​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ក្រុង​ចំនួន​ ៤ ​ខ្សែ ​និង​ ​តាម​លើ​ខ្នង​ទំនប់​បង្ហូរ​ទឹក​កខ្វក់​ ដែល​ស្ថិត​នៅស្រប​តាម​ដង​អូរ​ឈើ​ទាល​ផងដែរ។

លោ​ក​ចំរើន​ ​បាន​បញ្ជាក់​​ថា៖​ «ការ​ដាំ​កូន​ឈើ​ទាំង​នេះ​នៅ​តាម​ដង​អូរ ​និង​ក្នុង​បរិវេណ​អាង​ចម្រោះ​ទឹក​កខ្វក់​​គឺ ​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខ​ភាព​មនុស្ស ​សត្វ​ ​និង​បរិស្ថាន ព្រោះ​វា​មិន​ត្រឹមតែ​មាន​តួនា​ទី​ស្រូប​យក​និង​បញ្ចេញ​ចោល​នូវ​ឧស្ម័ន​អុក​ស៊ីហ្ស៊ែន​ ​និង​កាបូ​និចប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​កាត់​​បន្ថយ​ក្លិន​ស្អុយ​នៃ​ទឹក​កខ្វក់ និង​ជួយ​ចម្រោះ​ជាតិ​ពុល​នៅ​ក្នុង​ទឹក​ផង​ដែរ»។

​​​លោក​ ​គីម​ ​ថៃស័រ​ ​ប្រធាន​ភូមិ​បាល​ក្រុង​ព្រះ​សីហនុ​ ​បាន​ថ្លែង​ថា​ ការ​ដាំ​កូន​ឈើ​នៅ​ស្រប​តាម​ដង​វិថី​ ​ក្នុង​ក្រុង​ព្រះ​សីហនុ ​និង​ ​ស្រប​តាម​ដង​អូរ​ឈើ​ទាល​នេះ ​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ​ជា​ ​សុផារ៉ា​ ​រ​ដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែន​ដី​នគរូបនី​យ​កម្ម ​និ​ង​សំណង់​ ​ដើម្បី​លើក​ស្ទួយ​សោភណភាព​ក្នុង​ទី​ក្រុង​ ​និង​ការ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។

​លោក​​បាន​បន្តថា​ ​មក​ទល់​ពេល​នេះ ​ក្រុម​ការ​ងារ​របស់​លោក​ បាន​ដាំ​កូន​ឈើ​នាង​នួន​បាន​ជាង​​ ៤ ០០០ ​ដើម​ ​នៅ​អមសង​ខាង​ផ្លូវ​ក្នុង​ក្រុង​ ​បាន​ ៣ ​ខ្សែ ​រួម​មាន​ ផ្លូវ​ឯក​រាជ្យ​ ផ្លូវ​ ២ ​ធ្នូ ​និង ផ្លូវ​ ២៨​ មិថុនា​ ​និង​ អម​តាម​ប្រឡាយ​អូរ​ឈើ​ទាល​ រហូត​ដល់​ចុង​អូរ​ឈើ​ទាល​ជាប់​ជើង​ភ្នំ​ដំណាក់​ស្តេច មាន​ប្រវែ​ង​ជាង ៣ គីឡូម៉ែត្រ។​

​លោក​បាន​បញ្ជាក់​ថា​៖ «ការ​ដាំ​កូ​ន​ឈើនៅ​តា​ម​ដង​វិថី​នានា​ក្នុង​ក្រុង​ ​ដើម្បី​កែ​លម្អ​ប​រិ​ស្ថាន​ និង ​សោភណភាព​ក្នុង​ទី​ក្រុង​ ​​ឲ្យ​មា​​ន​ភាព​បៃតង​ស្រស់​បំព្រង​ និង​ជួយ​កាត់​បន្ថយ​ទឹក​កខ្វក់​​ហូរ​ចូល​សមុទ្រ»។

កាល​ពី​ឆ្នាំ​ ២០១១​ ​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ក្រុម​គណៈ​កម្មការ​ក្លិប​ឆ្នេរ​សមុទ្រ​អន្តរ​ជាតិ​ បាន​ផ្ដល់​ចំ​ណាត់​ថ្នាក់ ​ជា​ឆ្នេរ​ស្អាត​ជាង​គេ​លើ​សកល​លោក ​និង​បាន​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា​​ ជា​សមា​ជិក​ក្លិប​ឆ្នេរ​សមុទ្រ​អន្តរជាតិ​ទៀត​ផង៕