ភ្នំពេញៈ ស្ត្រី​ស៊ីឈ្នួល​ពពោះ​ចំនួន​ ៣២ ​នាក់​ដែល​កំពុង​ជាប់ឃុំ​ពី​បទ​ជួញដូរ​មនុស្ស​កំពុង​ស្ថិត​នៅ​ក្នុង​ការពិចារណា​​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​អំពី​ការដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ឬ​ត្រូវ​បន្ត​ឃុំ​ខ្លួន បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ខែ​កក្កដា​កន្លង​មក​។ នេះ​បើ​យោង​តាម​ការអះអាង​របស់​លោកស្រី ជូ ប៊ុនអេង ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី ៣១ ខែ​តុលា ឆ្នាំ​ ២០១៨​។

លោកស្រី ជូ ប៊ុនអេង បាន​ឲ្យ​ដឹង​ថា​ការពិចារណា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មេធាវី​ការពារ​ឲ្យ​ស្ត្រី​ពពោះ​ទាំង​ ៣២ ​នាក់​បាន​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ធ្វើការ​ពិចារណា​ដោះលែង​ពួកគេ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​ពួកគេ​បាន​ចិញ្ចឹម​កូនៗ​ដែល​ពួកគេ​ស៊ីឈ្នួល​បង្កើត​ឲ្យ​អ្នក​ផ្សេង​នោះ ដោយ​ពួកគេ​មិន​បញ្ជូន​កូន​ទាំង​នោះ​ទៅ​ឲ្យ​អ្នក​ដែល​ជួល​ពួកគេ​ឡើយ​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​វា​អាស្រ័យ​លើ​ទឡ្ហីករណ៍​មួយ​ចំនួន​ដែល​តុលាការ​អាច​ជឿជាក់​ថា ពេល​ដែល​គាត់​នៅ​ក្រៅ​ឃុំ តើ​គាត់​នឹង​ប្រព្រឹត្ត​បទល្មើស​បន្ត​ទៀត​ទេ​ដោយសារ​តែ​កូន​នៅ​ក្នុង​ដៃ​គាត់​។ បើ​គាត់​ចង់​ដោះដូរ​កូន​គាត់​នៅពេល​ណា​គឺជា​រឿង​មួយ​ដែល​គាត់​នឹង​អាច​ធ្វើ បើ​គាត់​នៅ​តែ​មាន​ចេតនា ហើយ​យើង​ក៏​ត្រូវការ​វិធានការ​មួយ​ចំនួន​ដូច្នេះ​យើង​ចាំ​មើល​ថា តើ​តុលាការ​លោក​នឹង​សម្រេច​យ៉ាង​ណា​? វា​អាស្រ័យ​លើ​ចេតនា​របស់​គាត់ និង​ចម្លើយ​របស់​គាត់​»​។

លោកស្រី​បាន​បន្ថែម​ថា​៖ «​យើង​ខ្ញុំ​គ្មាន​ចេតនា​ចង់​ធ្វើឲ្យ​មាន​ភាព​អយុតិ្តធម៌​ទេ​ទៅ​លើ​ស្ត្រី​ទាំងអស់​ហ្នឹង​។ វា​អាស្រ័យ​លើ​ទង្វើ​របស់​គាត់​ថា បើ​គាត់​នៅ​តែ​មាន​​ចេតនា​ប្រព្រឹត្ត​បទល្មើស​គឺជា​ការទទួល​ខុសត្រូវ​របស់​គាត់​ខ្លួនឯង​»​។

លោកស្រី​បាន​បន្ត​ថា​ក្នុង​ចំណោម​ស្ត្រី​ ៣២ ​នាក់​គឺ​មាន​ស្ត្រី​ ៣ ​នាក់​បាន​រលូត​កូន ស្ត្រី​ម្នាក់​ដែល​បាន​សម្រាល​កូន​តែ​កូន​របស់​គាត់​បាន​ស្លាប់​មុនពេល​ការបង្ក្រាប​មាន​ស្ត្រី​​ ៩ ​នាក់​បាន​បង្កើតកូន​ក្រោយ​ការបង្ក្រាប​ផង​ដែរ​។

លោកស្រី​បាន​អះអាង​ថា​ស្ត្រី​ទាំង​នោះ​គឺ​មាន​ចេតនា​ក្នុង​ការពពោះ​ដើម្បី​យក​ទារក​ទៅ​ដោះដូរ​យក​ផលប្រយោជន៍​ដោយ​ពួកគេ​បាន​អះអាង​ថា​គឺជា​ការលើក​កម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​ ឬ​ដោះដូរ​បំណុល​។

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​ករណី​ពពោះ​ជំនួស​នេះ​គឺជា​រឿង​រំលោភ​សិទិ្ធ​ទារក​យ៉ាង​ធ្ងន់ធ្ងរ ហើយ​មិនមែន​ជា​រឿង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ទេ​ពីព្រោះ​ស្ត្រី​មិន​មាន​សិទ្ធិ​ក្នុង​ការលក់​កូន​ខ្លួនឯង​អ៊ីចឹង​ទេ​»​។

លោក សួស វិទ្យារ៉ាន់ឌី អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ករណី​ស្ត្រី​ពពោះ​ជំនួស​នេះ​គឺ​ស្ថិត​នៅ​ក្នុង​នីតិវិធី​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើបសួរ​។

ស្ត្រី​ចំនួន ៣២ នាក់​កាលពី​ដំបូង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​នាម​ជា​ជនរងគ្រោះ ប៉ុន្តែ​នៅ​ទីបំផុត​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំ​ខ្លួន​មុន​ការជំនុំជម្រះ​ដោយ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា​ក្រោម​ការចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​លក់ ទិញ ឬ​ដោះដូរ​មនុស្ស​សម្រាប់​ការផ្ទេរ​ឆ្លង​ព្រំដែន និង ប្រព្រឹត្ត​ជា​អន្តរការី​រវាង​ឪពុក ម្តាយ​ស្មុំ​កូន និង​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​ផ្លូវភេទ និង​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អន្តរការី​រវាង​ឪពុកម្តាយ​ស្មុំ​កូន និង​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​ ១ ទៅ ៦ ខែ ប៉ុន្តែ​ឥឡូវ​នេះ​ស្ត្រី​ទាំង ៣២ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ឯ​មន្ទីរពេទ្យ ១៦ ឧសភា ជា​មន្ទីរពេទ្យ​នគរបាល​ដែល​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ ២០ ឆ្នាំ​។

មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​ធ្លាប់​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​ត្រូវ​បាន​ជួល​ឲ្យ​ពពោះ​ជំនួស​ក្នុង​តម្លៃ​ ១ ​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់​ដោយ​ពួកគេ​ទទួល​បាន​ប្រាក់​កក់​ដំបូង​ពេល​មាន​ផ្ទៃពោះ​ចំនួន ៥០០ ​ដុល្លារ ហើយ​ពេល​កូន​កើត​មក​ពួកគេ​ទទួល​បាន ៣០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​រហូត​គ្រប់​ចំនួន​៕