ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា អាច​នឹង​មិន​ត្រូវ​បាន​ពិនិត្យ​ក្នុង​ការដក​បម្រាម​ពី​សកម្មភាព​នយោបាយ​ដូច​ក្នុង​ចំណោម​អតីតមន្ត្រី ១១៨ ​រូប​របស់​អតីត​បក្ស​លោក​នោះ​ទេ ព្រោះ​មេដឹកនាំ​រូប​នេះ​មាន​សំណុំ​រឿង​នៅ​តុលាការ​ ខណៈ​មន្ត្រី​ខ្លះ​ក្នុង​ចំណោម​នោះ​ដែល​មិន​បាន​ធ្វើ​នយោបាយ​បំពាន​សាលក្រម​អាច​នឹង​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ បន្ទាប់ពី​វិសោធនកម្ម​លើ​មាត្រា​ ៤៥ ​ថ្មី​ (​ស្ទួន​) ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

ដោយ​ថ្លែង​ប្រហាក់​ប្រហែល​គ្នា​លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​ កឹម សុខា អាច​នឹង​មិន​ត្រូវ​បាន​ពិនិត្យ​ក្នុង​ការដក​បម្រាម​ហាមឃាត់​ចេញ​ពី​សកម្មភាព​នយោបាយ​របស់​លោក​នោះ​ទេ ដោយសារ​លោក​នៅ​ពាក់ព័ន្ធ​សំណុំ​រឿង​ឯ​តុលាការ​។

លោក ​ផៃ ស៊ីផាន បាន​ថ្លែង​ថា៖ «​លោក កឹម សុខា នៅ​មិន​ទាន់​វិនិច្ឆ័យ ហើយ​ត្រូវ​រង់ចាំ​ការវិនិច្ឆ័យ​ក្តី​ពី​តុលាការ​»​។

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ថ្លែង​​ថា៖ «​កឹម សុខា លោក​កំពុង​តែ​ស្ថិត​នៅក្នុង​នីតិវិធី​របស់​តុលាការ​ដំបូង​នៅ​ឡើយ​ទេ​មិន​ទាន់​ជម្រះក្តី​នៅ​ឡើយ​។ ប្រហែល​ជា​មិន​មាន​នៅក្នុង​នោះ​ទេ​មើល​ទៅ​»​។

លោក​បន្ថែម​ថា​នៅពេល​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មាត្រា​ ៤៥ ​ថ្មី​ (​ស្ទួន​)​ ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ក្រសួង​មហាផ្ទៃ​នឹង​ពិនិត្យមើល​មន្ត្រី​ទាំង​ ១១៨ ​រូប​នោះ​ដែល​ត្រូវ​បាន​សាលដីកា​តុលាការ​កំពូល​ដក​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​ថា​ក្រសួង​សង្ឃឹម​ថា​អ្នក​ដែល​បាន​គោរព​តាម​បាន​យ៉ាង​ត្រឹមត្រូវ​តាម​សាលដីកា​របស់​តុលាការ​កំពូល​នឹង​ទំនង​មាន​ឈ្មោះ​ដើម្បី​សុំ​ទៅ​ព្រះមហាក្សត្រ ប្រគល់​សិទ្ធិ​ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​ដែល​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​បាន​ធ្វើ​នយោបាយ​វាយប្រហារ​ និង​ប្រមាថ​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ជាតិ​អាច​នឹង​មិន​មាន​នៅក្នុង​បញ្ជី​ស្នើសុំ​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ​។

លោក​បញ្ជាក់​ថា៖ «​យើង​គិត​តាំងពី​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ២០១៧ រហូត​ដល់​ពេល​នេះ​ថា​តើ​គាត់​បានធ្វើ​អី​ខ្លះ បាន​ចូលរួម​បាតុកម្ម​ប៉ុន្មាន​ដង​? បាន​សម្ភាស​កាសែត​វាយប្រហារ​រដ្ឋាភិបាល​ប៉ុន្មាន​ដង បាន​ធ្វើ​នយោបាយ​ប៉ុន្មាន​ដង ហើយ​បាន​ចូលរួម​ធ្វើ​អ្វី​ប៉ុន្មាន​ដង​? យើង​មាន​បញ្ជី​ទាំងអស់​ហើយ​បាន​ធ្វើអ្វី​ខ្លះ​នៅក្នុង​ហ្វេសប៊ុក ហើយ​បាន​ជេរប្រមាថ​ដល់​រដ្ឋាភិបាល អី​ខ្លះ​យើង​មាន​ទាំងអស់ ហើយ​កាន់​តែ​ធ្ងន់​នោះ​គឺ​អ្នក​សុំ​ដាក់​ទណ្ឌកម្ម​។ យើង​មើល​ដឹង​យើង​មើល​ឃើញ​ដូច​បាតដៃ​យើង​អ៊ីចឹង យើង​ឃើញ​ផ្ទាល់​ភ្នែក និង​ឮ​ផ្ទាល់​ត្រចៀក​»​។

លោក​បន្ថែម​ថា៖ «​យើង​ឃើញ​ទាំងអស់​គ្នា​ហើយ​សកម្មភាព​របស់​បុគ្គល​ទាំង​ ១១៨ ​នាក់​។ អ្នក​ដែល​បាន​ធ្វើ​ (​បំពាន​សាលក្រម​) ហើយ​អ្នក​ដែល​អត់​បាន​ធ្វើ​ (​បំពាន​សាលក្រម​) ​យើង​ដឹង​ទាំងអស់​»​។

កាលពី​ថ្ងៃទី​ ៥ ខែ​ធ្នូ គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​បាន​អនុម័ត​ឲ្យ​គណៈកម្មការ​ជំនាញ ពិនិត្យ និង​សិក្សា​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អាច​នឹង​បើក​ផ្លូវ​ដល់​អ្នក​នយោបាយ​ដែល​ជាប់​បម្រាម​រយៈពេល​ ៥ ឆ្នាំ​ឱ្យ​មាន​នីតិសម្បទា​ឡើង​វិញ ដើម្បី​ត្រឡប់​ចូល​ឆាកនយោបាយ​ជាថ្មី​ដែល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ធ្វើឲ្យ​មាន​ការ​គាំទ្រ​ពី​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ស្នាក់នៅ​ក្នុង​ផ្ទះ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​បទចោទ​ «​ក្បត់​ជាតិ​»​។

ជាមួយ​គ្នា​នេះ​លោក ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ពី​ម្សិលមិញ​ថា ក្រសួង​មហាផ្ទៃ​នឹង​ពិនិត្យ​លើ​ការដក​បម្រាម​លើ​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨ រូប​ក្រោយពី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​។

លោក ស ខេង បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​យល់​ថា​អ្នក​ណា​ដែល​បាន​គោរព​សាលក្រម​គិត​ដល់​អ្នក​គោរព​សាលក្រម​មុន​។ អាទិភាព​គឺ​អ្នក​ដែល​គោរព​សាលក្រម​មុន​»​។

ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​ករណី​លោក​ កឹម សុខា ថា​តើ​ត្រូវ​ដក​បម្រាម​ពី​សកម្មភាព​នយោបាយ​ឬ​យ៉ាង​ណា​នោះ​ទេ នៅពេល​អ្នកកាសែត​សួរ​ដោយ​គ្រាន់តែ​ថ្លែង​ថា​៖ «​បើ​យល់​ថា អ្នកណា​គោរព​សាលក្រម យើង​យល់​បាន​ហើយ​»៕