កំពតៈ លំ​ហាត់​នាគ​មាស​ទ្រង់ទ្រាយ​ធំ រវាង​កង​យោធពល​ខេមរ​ភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​ចាប់​ធ្វើ​នៅ​ថ្ងៃ​នេះ ត្រូវ​មន្ត្រី​កម្ពុជា​ពន្យល់​ថា គឺ​ធ្វើ​ឡើង «ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ» រវាង​កងទ័ព​ប្រទេស​ទាំង ២ និង​ក៏​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ ដែល​មាន​កង​កម្លាំង​មក​ពី​ប្រទេស​ទាំង ២ ចូលរួម ជិត ៣ ០០០ នាក់​ដោយ​មាន​ប្រើប្រាស់​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ដូចជា​កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ ឧទ្ធម្ភាគ​ចក្រ និង​អាវុធ​គាំទ្រ​ពី​លើ​អាកាស។

ការធ្វើ​លំ​ហាត់​នាគ​មាស​ទ្រង់ទ្រាយ​ធំ​លើក​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​កម្ពុជា បាន​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា ជាមួយ​កងទ័ព​សហ​រដ្ឋអាមេរិក កាល​ពី​ឆ្នាំ ២០១៧ ដែល​អ្នក​វិភាគ​យល់​ថា កម្ពុជា​កំពុង​បង្កើន​ការ​ពឹង​ផ្អែក​លើ​ចិន​កាន់​តែ​ខ្លាំង​ឡើង និង​ជា​សញ្ញា​នៃ​ការ​ឃ្លាត​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក។

បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ឲ្យ​ដឹងថា លំ​ហាត់​នាគ​មាស​លើក​ទី៣ រវាង​កង​យោធពល​ខេមរ​ភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​បើក «លំហាត់​នាគ​មាស ឆ្នាំ ២០១៩» ចាប់​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ដល់​ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ ២០១៩ នៅ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ហ្វឹកហ្វឺន​តេជោ​សែន ជុំគិរី ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំគិរី ខេត្ត​កំពត។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស ឆ្នាំ ២០១៩ ​ធ្វើ​ឡើងដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ល្អ រវាង​កងយោធពល​ខេមរ​ភូមិន្ទ ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដើម្បី​​ផ្លាស់ប្តូរ​បទពិសោធធ្វើ​ លំ​ហាត់​រួមគ្នាលើ​កិច្ចការ​មនុ​ស្ស​​ធម៌ ការ​ជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ ការប្រឆាំង​ភេ​រវកម្ម ការរក្សា​សន្តិភាព ក្នុង​ក្រប​ខ័ណ្ឌ​របស់​អង្គការសហ​ប្រជាជាតិក្នុង​មួយឆ្នាំ​ម្តងៗ និង​គ្រប់​​ប្រភេទ​ទ័ពស្រប​តាម​កិច្ច​សហប្រតិ​បត្តិការរ​បស់​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង ២»។

លោក​បន្តថា​ លំ​ហាត់​នេះ ក៏​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គោល​​​​ជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាល កម្ពុជា​ជាពិសេស​កង​យោធពល​ខេមរ​ភូមិន្ទ ក្នុងការ​អនុវត្ត​ន​យោ​បាយ​ ការពារជាតិ​រវាង​ប្រទេស​ទាំង ២ (កម្ពុជា-ចិន) លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង ការ​​ជួយ​គ្នា​លើ​គ្រប់​វិស័យ និង​គ្រប់​ជ្រុង​ជ្រោយ។ លោក​បន្ត​ថា លំ​ហាត់​នាគ​មាស​លើក​នេះ ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយ​ចំនួនដូចជា​ការប្រឆាំង​ភេ​រវ​កម្ម ការ​រំដោះ​ចំណាប់​ខ្មាំង ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ ការ​បំពេញ​ភារកិច្ច ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាជាតិ និង​វិស្វកម្ម​ជាដើម។

លោក​បញ្ជាក់​​ថា៖ «លំ​ហាត់​ហ្វឹក​ហ្វឺន​នេះ មាន​ភាគី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ចូលរួម​ចំនួន ​២៥២ ​នាក់ និង​ភាគី​កម្ពុ​ជា ចូលរួម​ចំនួន ២ ៥៤២ នាក់ ក្នុងនោះ​មាន កម្លាំង​ធ្វើ​លំ​ហាត់​ចំនួន ៣៨២ នាក់ កម្លាំង​បម្រើការ​ក្នុង​លំ​ហាត់​ចំនួន​ ៤៤៨ នាក់។ អាវុធ​យុទ្ធ​ភណ្ឌ សំខាន់ៗ ដែល​ប្រើប្រាស់​នៅ​ក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ រួមមាន​ដូចជា រថពាស​ដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ ឧទ្ធម្ភាគ​ចក្រ អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម»។

លោក មាស នី អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា សមយុទ្ធ​លំ​ហាត់​នាគ​មាស ​រវាង​កងយោធ​ពល​ខេមរភូមិ​ន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​នេះ បង្ហាញ​កាន់តែច្បាស់​ថា​ ប្រទេស​កម្ពុជា​ បាន​និង​កំពុង​ពឹងផ្អែក​​ប្រទេស​ចិន​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ការពារ​ផល​ប្រយោជន៍​ និង​អំណាច ខណៈ​ពេលដែល​កម្ពុជា​បោះបង់​ចោល​ប​ស្ចិម​ប្រទេស ហើយ​ថា​ ចិន​បាន​​និង​កំពុង​ប្រើប្រាស់​កម្ពុជា​ដើម្បីចំណេញ​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោ​បាយ។

លោកបន្ត​ថា​៖ «សមយុទ្ធ​លំ​ហាត់​នាគ​មាស​នេះ​​វា​នឹងធ្វើ​ឲ្យមាន​ការយក​ចិត្ត​ទុក​ដាក់​កាន់តែខ្លាំង​ឡើង​ថែ​ម​ទៀត​ ពី​មហា​អំណាច​បស្ចិម​ប្រទេស ហើយ​ថា ​កម្ពុជា​មិន​គួរ​រុញ​​ប្រទេស​ឲ្យ​ចូល​ទៅ​ក្នុង​ស្ថានភាព​សង្គ្រាម​ត្រជាក់»។

ប៉ុន្តែ លោក​ ​គិ​ន​ ភា​​ ប្រធាន​វិទ្យាស្ថាន​ទំនា​ក់ទំន​ង​អន្តរជាតិ​កម្ពុជានៃ​រាជបណ្ឌិ​ត្យ​សភា ចាត់ទុក​ការលើកឡើង​ដែលថា ប្រទេស​ កម្ពុជា​ បាន​និង​កំពុង​ពឹងពាក់​ប្រទេស​ចិន ហើយ​បោះ​បង់​ចោល​សហរដ្ឋ​អាមេរិក​ថា​ ជាការ​យល់ច្រឡំ ដោយ​សារ តែ​​សហរដ្ឋអាមេរិក​ គឺជា​អ្នក​ដែល​បានធ្វើព្រ​​ងើយ​​កន្តើយ​ចំពោះ​ប្រទេស ​កម្ពុជា​ ជាមុន។

លោកបាន​បញ្ជាក់ថា៖ «ឥឡូវ​យើង​មាន​ភាព​ជិតស្និទ្ធ ស៊ីចង្វាក់ និង​ស៊ីជម្រៅ​ខ្លាំង ជាមួយ​ចិន ហើយ​តិច​ ឬ​ច្រើន​ដែល​ធ្វើ​ឲ្យ​គេយល់ច្រឡំ ដោយ​គេ​វាយតម្លៃយើង​ថា​ ទោ​ទន់​ទៅ​​រក​ប្រទេស ​ចិន»។

លោក​បន្ថែមថា ​ប្រទេស ​កម្ពុជា ​ត្រូវការ​ជំនួយ​ពី​ប្រទេស​ចិន​ទាំង​បច្ចេកទេស សម្ភារ បទពិសោធ និង​យុទ្ធសាស្ត្រ​កង​ទ័​ព ដើម្បី​ធ្វើការ​អភិវឌ្ឍ​សមត្ថភាព​កង​ទ័​ពរបស់ខ្លួន​ ក្នុង​ការការ​ពារជាតិ​និង​អធិបតេ​យ្យភាព ហើយ​ប្រទេស ​កម្ពុជា មិនអាច​រង់ចាំ សហរដ្ឋ​អាមេរិក​បាន​ទេ​ ដោយ​សារ​អាមេរិក​បាន​ធ្វើ​ព្រ​ងើយ​កន្តើយ​ចំពោះ​កម្ពុជា។

កង​កម្លាំងយោ​ធាកម្ពុជា-ចិន នៅ​ក្នុង​សម​យុទ្ធ​យោ​ធា​នៅ​ខេត្ត​កំពត កាលពី​ឆ្នាំ​ ២០១៨​​។ ហេង ជីវ័ន

លោក​បន្ថែម​ថា៖ «សមយុទ្ធ​នឹង​ជួយ​ផ្លាស់ប្តូរ​បទពិសោធ ហើយ​នឹង​ទទួលបាន​នូវ​ចំណេះ​ដឹងថ្មីៗយុទ្ធសាស្ត្រ​ថ្មីៗ​ក្នុង​វិស័យ​​កងទ័ព​ហើយ​ធ្វើ​ឲ្យ​យើង​ត្រៀម​​​លក្ខណៈសម្រាប់​យុទ្ធ​ស​ស្ត្រ​ការពារ​ជាតិ​របស់​យើង»។

នៅ​ពេ​ល​ទាក់​ទង​កាលពីម្សិ​ល​​មិញ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​បា​នប​ដិ​សេធ​​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​រឿង​លំហាត់​នេះ​។

ប៉ុន្តែលោក​នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិអ្នក​នាំពាក្យ​ក្រសួ​ង​​ការពារ​ជាតិ​ បាន​ថ្លែង​ថា ប្រទេ​ស​​កម្ពុ​ជាមាន​សិទ្ធិ​ជ្រើសរើស​​ធ្វើ​សមយុ​ទ្ធ​​​ជា​មួយ​ប្រទេស​ណា ​ដែល​ចេះ​យោគយល់​គ្នា ចេះ​ធ្វើ​សម្ប​ទាន​គ្នា​ទៅវិញទៅមក ហើយ​មាន​ផលប្រយោជន៍​ចំពោះ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ក៏​មិន​បោះបង់​ប្រទេស​ណាមួយ​​នោះ​ដែរ​ គឺ​កម្ពុជា​ស្វាគមន៍​គ្រប់​ប្រទេស​ទាំងអស់​ដែល​ចង់​ធ្វើ សមយុទ្ធ​ជាមួយ​​ម្ពុជា។

លោក​បញ្ជាក់​ថា៖ «ជាមួយ​ប្រទេស​ចិន​កន្លងមក​យើង​បានធ្វើ​ ២ ដង​រួចមកហើយ។ នេះ​គឺជា​លើក​ទី៣ ហើយ​ឆ្លង​​កាត់ តាម​ការ​​ធ្វើ​​សមយុទ្ធ​ ២ ​ដង​កន្លងមក ​យើង​ឃើញថា វា​បាន​ជួយ​បង្កើន​នូវ​សមត្ថភាព​កម្រិត​ខ្ពស់​ដល់​កង​យោធពល​ខេមរភូមិន្ទ ពី​ការប្រើប្រាស់​វិស័​យ​ទំនើប​ផ្នែក​អាវុធ​ក៏ដូច​ជា​​​​បច្ចេ​ក​ទេស​ក្នុង​ការការពារ​និង​ប្រយុទ្ធ​គួរ​ឲ្យ​កត់សម្គាល់។ ចិន​ និង​កម្ពុជាមាន​មិត្តភាព​ដ៏​រឹងមាំ ហើយ​គឺជា​ទីពឹងពាក់​របស់​ ក​ម្ពុ​ជាដើម្បី​ថែរក្សា​បូរណ​ភាព​ទឹកដី​របស់​យើង»។

​អ្នកវិភាគ​នយោបាយម្នាក់​ទៀត​​លោក ​ឡៅ​ ​ម៉ុង​ហៃ​ ក៏​កត់សម្គាល់​ដែរ​​​ថា ប្រទេស​ ចិន មាន​ប្រយោជន៍​យុទ្ធសាស្ត្រ​ជា​ច្រើន នៅ​ក្នុង​ប្រទេស កម្ពុជា​ ហើយ​កង​យោធពល​ខេមរ​ភូមិន្ទ​គឺជា​អ្នក​ការពារ​ដ៏សំខាន់ ដែល​អាច​ការ​ពារ​នូវ​ផល​ប្រយោជន៍​​​ទាំង​នេះ​របស់​ប្រទេស​ ចិន។

សម​យុទ្ធ​យោធា​រវាង​ប្រទេស​ចិន​ និង​កម្ពុជា នឹង​រឹត​តែ​ជួយ​ពង្រឹង​ទំនាក់​ទំនង​ និង​កិច្ចសហ​​ប្រត្តិបត្តិ​ការរវាង​កង​យោធ​​ពល​ខេមរ​ភូមិន្ទ ​(RCAF) និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន (PLA)។​

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «ចូរ​ធ្វើ​ការ​កត់​សម្គាល់​ថា កិច្ច​សហ​ប្រតិបត្តិ​ការ​និង​ជំនួ​យ​​របស់​ប្រទេស​ចិនមក​កាន់​ក្រសួ​ង​ការពារ​ជាតិ​កម្ពុជា​គឺមាន​ភាព​រឹង​មាំ​ជាង​ និង​មាន​ចំនួន​ច្រើន​ជាង​ឆ្ងាយបើ​ប្រៀប​ធៀប​ជាមួ​យ​​នឹង​កិច្ច​សហ​ប្រតិបត្តិ​ការ និង​ជំនួយ​របស់​ប្រទេស​ចិន ទៅ​កាន់​ក្រសួង​មហាផ្ទៃ»។

លោក​បន្ថែម​ថា ប្រទេស​ កម្ពុជា ត្រូវ​តែ​ប្រកាន់​គោលជំ​ហ​រ​ប្រឆាំង​អាមេរិក​ជាសា​ធារណៈ​មួយ​ ដើម្បី​បញ្ជាក់​ជំហរខ្លួន​តាម​រយៈ​ពាក្យ​សម្ដី​ និងទង្វើ ថា ខ្លួន​ពិត​ជា​មិត្ត​គួរជាទី​ទុក​ចិត្ត​របស់​ប្រទេស​ចិន ខណៈ​ដែល​ភាពជឿ​ទុកចិត្ត គឺ​ជា​ស្នូល​​នៃ​មិត្ត​ភាព​ចិន-កម្ពុជា ដូច​ដែល​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​ ៣ ទំព័ររប​ស់​លោក​ប្រធានា​ធិបតី ស៊ី ជីនភីង នៅ​ក្នុង​អំឡុង​ទស្ស​ន កិច្ច​ចុង​ក្រោយ​បំផុត​របស់​លោក​នៅ​កម្ពុជា។

ទន្ទឹម​នឹង​នេះ​ដែរ នៅ​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ គណ​​ប្រតិភូ​ជាន់​ខ្ពស់​កង​ទ័ព​ជើងគោក​នៃកង​យោធពល​ខេមរ​ភូមិន្ទ​ដឹក​នាំ​ដោយ​ឧត្តម​សេនី​យ៍​​ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជា​​ការ​រង​នៃកង​យោធ​ពលខេម​រភូ​មិន្ទនិងជាមេ​បញ្ជាការ​កង​ទ័ព​ជើង​​​គោ​​ក បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេ​នីយ៍ ហាន វេហ្គូ (HAN WEIGUO) មេ​បញ្ជា​​ការកង​ទ័ព​ជើង​គោក​នៃកង​ទ័​ព​រំដោះ​ប្រជា​ជន​ចិន​នៅ​ប្រទេស ​ចិន​។ នេះ​បើយោង​តាមសេច​ក្តី​​​​ប្រកាសព័​ត៌​មាន​ ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ។

សេចក្តី​ប្រកាសព័ត៌​មាន​បាន​ឲ្យដឹង​ថា លោក ហាន វេហ្គូ (HAN WEIGUO) បាន​សម្តែ​​ង​​សេចក្តីសោមន​ស្ស​រីក​រាយ​ដែ​ល​​បាន​ទទួល​ស្វាគ​មន៍លោក​ឧត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណែ​ត ហើយ​លោក​បាន​ចាត់​ទុក​ថា​ ប្រទេស ​កម្ពុជា និង​ប្រទេស​ ចិន ជា​បង​ប្អូន​ដែល​មាន​មិត្តភាព​ជា «ដែក​ថែប»។

លោក ហាន វេហ្គូ សង្ឃឹម​ថា ប្រទេស​ទាំង​ ២ ​ចិន-កម្ពុជា នឹង​បន្ត​ពង្រឹង ពង្រី​ក ទំនាក់​ទំនងនិង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឲ្យកាន់​តែរឹង​មាំថែម​ទៀត​ ក្រោម​យុទ្ធសាស្រ្ត​ចង្អុល​ទិស​របស់​លោក ប្រធា​នាធិប​តី ស៊ី ជីន​ភីង និង​លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ធ្វើ​យ៉ាង​​ណា​ដើម្បី​អភិវ​ឌ្ឍ​កិច្ច​សហ​ប្រតិ​បត្តិការ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ប្រទេស​ទាំង ២។

ជាការ​ឆ្លើយ​តប​លោក ហ៊ុន ម៉ាណែត ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ លោក ហាន វេហ្គូ ដែលបា​ន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ចំពោះ​គណៈ​ប្រតិភូកង​ទ័ព​ជើង​គោក​កម្ពុជា។

លោក ហ៊ុន ម៉ាណែត​បញ្ជាក់​ថា​៖ «កិច្ច​ពិភាក្សា​នេះគឺជា​ការ​រក្សាការ​ពង្រឹងពង្រីក​ចំណង​មិត្ត​ភាព និង​កិច្ច​សហ​ប្រតិបត្តិការ​នៃកង​ទ័ព​ប្រទេស​ទាំង ​២ ​កម្ពុជា-ចិន»៕