ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានបញ្ជូនមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៣ នាក់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីព្រឹកម្សិលមិញ ពាក់ព័ន្ធនឹងករណីពុករលួយ ជួយអន្តរាគមន៍ឲ្យមានការដោះលែង ជនជាតិចិនដែលប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមអុីនធឺណិតចំនួន ១៨ នាក់។ នេះបើតាមលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីនគរបាលទាំង ៣ នាក់ ដែលត្រូវបានបញ្ជូនទៅកាន់ ACU មានឈ្មោះ សឿ ស៊ីថា មានតួនាទីជាអនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឈ្មោះ រ័ត្ន ពិន មន្ត្រីការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ឈ្មោះ វណ្ណ សុភាព មន្ត្រីការិយាល័យអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ មន្ដ្រីនគរបាលទាំង ៣ នាក់នេះ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩ នៅខេត្តកំពង់ស្ពឺ នៅពេលដែលពួកគេជួយធ្វើអន្តរាគមន៍ឲ្យមានការដោះលែងជនជាតិចិន ១៨ នាក់ ដែលប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមអ៊ីនធឺណិត។
លោក សាយ ណូរ៉ា បានថ្លែងកាលពីម្សិលមិញថា មន្ត្រីតុលាការ បានបញ្ជូនជនសង្ស័យទាំង ៣ នាក់ ទៅកាន់ ACU ដើម្បីធ្វើតាមនីតិវិធី ដោយសារតែករណីនេះ គឺជាករណីបទល្មើសពិសេសដែលពាក់ព័ន្ធនឹងមន្ត្រីនគរបាលយុត្តិធម៌។
លោកថា៖ «ទាក់ទងនឹងការសូកប៉ាន់ និងបន្ទាប់ពីខ្ញុំពិនិត្យ និងសួរចម្លើយរួចរាល់យើងបានបញ្ជូនទៅខាង ACU ដើម្បីពិនិត្យអំពីបទល្មើសពិសេសហ្នឹងបញ្ជូនទាំងសំណុំរឿងនឹងឯកសារ ហើយស្អែក ឬខានស្អែកគាត់បញ្ជូនមក (តុលាការ) វិញ»។
ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ បានថ្លែងថា៖ «យើងបានបញ្ជូន (ជនសង្ស័យ) ទៅតុលាការហើយហើយឮថា តុលាការគេបានបញ្ជូនទៅឲ្យ ACU ទៀតដោយសារតែពាក់ព័ន្ធនឹង អំពើពុករលួយ»។
លោកបានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានប្រតិបត្តិការឃាត់ខ្លួនបានជនជាតិចិនចំនួន ១៨ នាក់ ដែលបានពួនសម្ងំលាក់ខ្លួនធ្វើសកម្មភាពក្នុងភូមិសាស្ត្រភូមិចា ឃុំស្វាយ ចចឹប ស្រុកបសេដ្ឋ ប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមអុីនធឺណិត (VOIP)។
លោកបន្តថា មន្ត្រីនគរបាលទាំង ៣ នាក់នេះ បានយកប្រាក់ចំនួន ៤ ម៉ឺនដុល្លារអាមេរិក ទៅសូកប៉ាន់មន្ត្រីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីដោះលែងជនជាតិចិនទាំង ១៨ នាក់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងកាលពីម្សិលមិញថា បន្ទាប់ពីបានឃាត់ខ្លួនជនជាតិចិន ១៨ នាក់ហើយ មន្ដ្រីនគរបាល ៣ នាក់ បានធ្វើអន្តរាគមន៍ឲ្យមានការដោះលែងជនជាតិចិនដែលប្រព្រឹត្តបទល្មើសទាំងនោះ។
លោកបញ្ជាក់ថា៖ «គេគិតថា មន្ត្រីយើងពុករលួយដែលគេស្មាន គេបានយកលុយមកដោះលែង ហើយយើងប្រាប់ថា ដោះបានតែ ៨ នាក់ទេ ៤ ម៉ឺនដុល្លារនោះហើយគេថា ៨ នាក់ក៏យកដែរ។ គេនិយាយថា ប្រសិនបើយើងឲ្យ ១២ នាក់ គេនឹងប្រគល់ឲ្យយើង ១៥ ម៉ឺន យើងចាប់បានទាំងមនុស្ស ៣ នាក់ និងលុយ ៤ ម៉ឺន»៕