ភ្នំពេញៈ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​ (ACU) លោក ​ឃឹម ខុម​ ដែល​រង​គ្រោះ​ដោយ​សារ​មន្ត្រី​នគ​របាល​ខណ្ឌ​ដង្កោ​​ប្រើ​អំពើ​ហិង្សា​ រំពឹង​ទទួលបាន​យុត្តិ​ធម៌​ឆាប់ៗ​ ខណៈ​លោក​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​អះ​អាង​ថា គ្រោង​​នឹង​កោះ​ហៅ​ភាគី​ទាំង​ ២ ​មក​ចរចា​គ្នា​ដើម្បី​បញ្ចប់​រឿង។

គម្រោង​ចរចា​គ្នា​នេះ បន្ទាប់​ពី​អធិការ​រង​នគរ​បាល​ខណ្ឌ​ដង្កោ​ ២ ​នាក់​ និង​មន្ត្រី​នគរ​បាល​ចរាចរ​ណ៍​ម្នាក់ ​ត្រូវ​បាន​កោះ​ហៅ​ទៅ​សាក​សួរ​នៅ​ការិ​យា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ក្រោយ​មាន​​អំពើ​ហិង្សា​លើ​មន្ត្រី​ជាប់​កិច្ច​សន្យា​នៃ​អង្គ​ភាព (ACU) ម្នាក់ ដោយ​សារ​យល់​ច្រឡំ​ករ​ណី​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ កាល​ពី​យប់​ថ្ងៃទី ​៩ ខែ​ មេសា ​ឆ្នាំ​នេះ។​

លោក​ ឃឹម ខុម ​ដែ​លជា​ជ​ន​រងគ្រោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិ​ល​មិញ​ថា រហូត​មក​ទល់​ពេលនេះ លោក​មិន​ទាន់​ត្រូវបាន​កោះ​ហៅ​ពីករណី​មន្ត្រីន​គរបាល​ខណ្ឌ​ដង្កោ​​ព្រួត​គ្នា​ប្រើ​អំពើ​ហិ​ង្សា​លើ​រូប​លោក​នៅ​ឡើយ​ទេ។​

លោក​បន្តថា ខណៈ​លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​លោក ស ថេត ស្នងការ​នគ​របាល​រាជធានី​ភ្នំពេញ ក៏មាន​មន្ត្រី​ន​គ​រ​បាល​ខណ្ឌ​ដង្កោ​តែង​សុំ​ឲ្យ​លោក​ដក​ពាក្យ​បណ្ដឹង​វិញ ដើម្បី​សម្រួល​គ្នា​ក្រៅ​ផ្លូវ​ច្បាប់​ ប៉ុន្ដែ​លោក​មិន​ទាន់​បាន​ឆ្លើយ​តប​ទេ ដោយ​រង់ចាំ​ជជែក​គ្នា​នៅ​ចំពោះ​មុខ​មន្ត្រី​យុត្តិធម៌​សិន។

លោក ​ឃឹម ខុម បញ្ជាក់​ថា៖​ «តាំងពី​កើត​មាន​បញ្ហា​នេះ ខ្ញុំ​បានដាក់​ពាក្យ​បណ្ដឹង​ទៅ​លោកស្នង​ការ​នគរ​បាល​ក្រុង​រួច​ហើយ ប៉ុន្ដែ​​មិន​ទាន់មា​ន​ដំណឹង​​ទេ។ ទោះ​យ៉ាង​ណា ខ្ញុំ​នៅតែ​រំពឹង​ថា ​ឯកឧត្តម​ស្នង​ការ​ ស ថេត នឹង​ផ្ដល់​យុត្តិ​ធម៌​ជូន​ខ្ញុំ ព្រោះ​ឯក​ឧត្តម ស ថេត បាន​ជួយ​ពល​រដ្ឋ​រងគ្រោះ​ជាច្រើន​មក​ហើយ ហើយ​ការ​ចរ​ចាឬ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ផ្សេង​ទៀត​ខ្ញុំ​អត់​អាច​និយាយ​បាន​ទេ ទុកឲ្យ​ច្បាប់​ជា​អ្នក​ចាត់​ចែង ហើយ​បើ​រក​ឃើញ​ថាខ្ញុំ​ខុស​ខ្ញុំ​នឹង​ទទួល​កំហុស​តាម​ច្បាប់»។

លោក​ ជឹម ស៊ីថា អធិ​ការ​នគរ​បាល​ខ​ណ្ឌ​ដង្កោ​បាន​ថ្លែង​កាលពី​ម្សិល​មិញ​ថា សំណុំ​រឿង​នេះ ​លោក​បាន​បញ្ជូន​ទៅ​ដល់​​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ហើយ «ខ្ញុំ​អត់​ផ្ដល់​ព័ត៌មាន​អ្វី​បាន​ទេ»។​

លោក ​ស ថេត អគ្គ​ស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំ​ពេញ​​ប៉ុស្ដិ៍​ពី​ម្សិល​មិញ​ថា សំណុំ​រឿងនេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​កោះ​ហៅ​ភាគី​ជន​បង្ក​មក​សួរ​បន្ថែម​រួច​ហើយ។

លោក​ថា៖​ «យើង​សួរ​នាំ​ខ្លះៗហើយ​ពី​ហេតុ​ការណ៍​ហ្នឹង​គាត់​បាន​ធ្វើ​អ្វីខ្លះ​? យើង​អត់​បាន​ឃាត់​ខ្លួន​គាត់​ទេ គ្រាន់តែ​​ហៅ​គាត់​មក​សួរ​ទេ។រឿង​ហ្នឹងខ្ញុំ​បានដឹង​អស់​ហើយ​អត់​អី​ទេយើង​កំពុង​ធ្វើការ​ងារ​ហ្នឹងហើយ​ចាំ​មើលទៅ​បន្ដិ​ច​ទៀ​ត​ ខ្ញុំ​ហៅ​មក​សម្រប​សម្រួល​គ្នា​ហើយ​»​។

លោក នាក់ ណា​រ៉ូ អធិ​ការ​រង​ទទួល​ការងារ​ចរាច​រណ៍​ខណ្ឌ​ដង្កោ ​និង​លោក ​ជុំ រដ្ឋា អធិ​ការរង​ទទួល​ការងារ​សណ្ដាប់​ធ្នាប់ ​មិន​អាច​ស្វែង​រក​​ការ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ​កាល​ពី​ម្សិលមិញ។

តាម​ពាក្យ​បណ្ដឹង​របស់​លោក ​ឃឹម ខុម អាយុ ​៦៤ ​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ ជា​មន្ត្រី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​ដាក់​ទៅ​លោក ស ថេត គឺ​បាន​ប្ដឹង​អធិ​ការ​រង​ខណ្ឌ​ដង្កោ និង​មន្ដ្រី​នគ​របាល​ចរា​ចរ​ណ៍​ខណ្ឌ​ដង្កោ​​ ៤ ​នាក់ ពីបទ​ប្រើ​អំពើ​ហិង្សាកា​លពី​យប់​ថ្ងៃទី​ ៩ ខែ មេសា។​

លោក ឃឹម ខុម បាន​រៀប​រាប់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ខណៈ​លោក​កំពុង​បើក​រថ​យន្ត​ម៉ាក Prius តា​មផ្លូវ ៥០ ម៉ែត្រ ក៏​ស្រាប់​តែមា​ន​រថយន្ត​ ១ គ្រឿង​ទៀត​ម៉ាក Prius ដែរ ​បាន​បើក​មក​កៀរ​រថយន្ត​លោក​នាំ​ឲ្យខូច​ខាត ប៉ុន្តែ​លោក​មិន​បាន​ដេញតាម​រថយន្ត​នោះទេដោយ​សារ​បើក​លឿន​ពេក។ ភ្លាមៗ​នោះ​ស្រាប់​តែមាន​នគរបាល ១ ក្រុម​មាន​ទាំង​រថយន្ត និង​ម៉ូតូ​ប្រហែល ៦ គ្រឿងផង បាន​បើក​ដេញ​ពីក្រោយ​រហូត​តាម​រថយន្ត​លោក​ទាន់ នៅក្នុង​វត្ត​ព្រែក​ថ្លឹង រហូត​ប្រើ​ហិង្សា​យ៉ា​ង​ដំ​ណំមិន​សួររក​ហេតុផល បើ​ទោះ​លោក​បាន​សុំ​អង្វរ និង​សុំ​ឲ្យ​សួរ នាំ​រក​ខុស​ត្រូវ​សិន​ក៏ដោយ។

ពាក្យបណ្ដឹង​បញ្ជាក់​ថា៖ «ក្នុង​នាម​ខ្ញុំ​ជាជនរង​គ្រោះ ខ្ញុំ​សូម​ឯក​ឧត្តមស្នងការយក​ជនល្មើស​ដែល​ប្រ​ព្រឹ​ត្ដ​ការវាយដំ​មក​លើ​​រូប​ខ្ញុំ​ជា​ពលរដ្ឋ​ស្លូត​ត្រង់​ រូបរាង​ស្គម​ស្គាំង​គ្មានអ្វី​ការពារ​ខ្លួន ហើយ​ជនល្មើស​ទាំងនេះ ក្រៅពី​មាន​គ្នាច្រើន នៅមាន​ឯកសណ្ឋាន​ជា​នគរបាល​ទៀត មក​ផ្តន្ទា​ទោស​ឲ្យ​បាន​ធ្ងន់​ធ្ងរ​បំផុត និង​សុំ​សង​ការ​ខូច ខាត​ថ្នាំ​ព្យាបាល និង​ជំងឺ​ចិត្ត ៥ ម៉ឺន​ដុល្លារ​»។

តាម​បណ្ដាញ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ខ្លះបាន​បង្ហាញ​អត្ត​សញ្ញាណ​ជន​បង្ក​រួ​មមាន៖ លោក​វរសេនីយ៍​ទោ ​នាក់​ ណា​រ៉ូ អធិកា​ររង​ទទួល​ការងារ​ចរា​ចរណ៍​ខណ្ឌ​ដង្កោ លោក​វរសេនីយ៍​ត្រី ​ជុំ រដ្ឋា អធិការរង​ទទួល​ការងារ​សណ្ដាប់​ធ្នាប់​ និង​លោ​ក​អនុ​សេនីយ៍​ទោ ម៉េ​ត រតនា មន្ដ្រី​នគរ​បាល​ចរាច​រណ៍​ខណ្ឌ​ដង្កោ និង​មន្ត្រី​នគរបាល​ខណ្ឌ​ដង្កោ​មួយ​ចំនួន​ទៀត ​ដោយ​បាន​ចោទ​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី ACU នោះ៕