ភ្នំពេញៈ មន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) កាលពីម្សិលមិញបានចោទប្រកាន់អតីតគណបក្សសង្គ្រោះជាតិថាជាអ្នករុញច្រានឲ្យគណបក្សប្រជាជនឈ្នះឆ្នោត និងបានចោទគណបក្សកាន់អំណាចថា បានប្រើវិធីគំរាមកំហែង និងទិញសន្លឹកឆ្នោតជាអ្វីដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាថាជាការបង្ហាញពីក្ដីអស់សង្ឃឹម។
ការលើកឡើងនេះបន្ទាប់ពី GDP មិនបានទទួលអាសនៈក្នុងការបោះឆ្នោតកាលពីថ្ងៃ ២៩ កក្កដាស្របពេលដែលប្រទេសលោកសេរីមួយចំនួនមានសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងបណ្ដាប្រទេសនៅសហភាពអឺរ៉ុបបានចាត់ទុកការបោះឆ្នោតនេះថាមិនមានប្រជាធិបតេយ្យ និងគ្មានការប្រកួតប្រជែង ថ្វីបើមានប្រទេសខ្លះដែលនៅប្រកាន់របបកុម្មុយនីស្ដគាំទ្រដំណើរការបោះឆ្នោតនេះក្ដី។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក និងជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានថ្លែងក្នុងកម្មវិធីតុពិភាក្សាស្ដីពី «ទិដ្ឋភាពទូទៅមុន និងក្រោយការបោះឆ្នោត និងគោលជំហរគណបក្សប្រជាធិបតេយ្យមូលដ្ឋាន» ថាអតីតគណបក្សសង្គ្រោះជាតិបានរុញឲ្យគណបក្សប្រជាជនបានទទួលអាសនៈរហូតដល់ ១២៥ តាមរយៈជំរុញឲ្យពលរដ្ឋមិនទៅបោះឆ្នោត និងឲ្យប្រជាជនគូសសន្លឹកឆ្នោតទៅជាមិនបានការ។
លោកបានបន្តថា៖ «យើងឃើញសម្ទុះអ្នកគាំទ្រយើងច្រើនទៅៗក៏ប៉ុន្តែរយៈពេលពី ២ ថ្ងៃចុងក្រោយជាពិសេសថ្ងៃសគឺថារុញទៅឲ្យគណបក្សប្រជាជនបាន ១២៥ អាសនៈ ហេតុអ្វីបានជាយើងធ្វើអ៊ីចឹង ហើយយើងធ្វើអ៊ីចឹងក្នុងបំណងអ្វី? មុនដំបូងយើងរុញប្រជាជនមិនឲ្យទៅបោះឆ្នោតដូចជា «ដេកផ្ទះឈ្នះឯង» ប៉ុន្តែបន្ទាប់មកយើងរុញឲ្យទៅបោះ និងគូសចោលហើយនៅភ្នំពេញគ្រាន់តែគូសចោល ១ សែនសន្លឹកគឺជាកាដូជូនគណបក្សប្រជាជន ៣ អាសនៈ ដោយស្វ័យប្រវត្តិ»។
លោកបានបន្ថែមថាអតីតគណបក្សសង្គ្រោះជាតិបានបង្ការប្រជាជនមិនឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពីព្រោះគាត់គិតថា កាលណាមានតំណាងក្នុងរដ្ឋសភាធ្វើឲ្យសហគមន៍អន្តរជាតិមិនសូវថ្កោលទោសលើគណបក្សប្រជាជន។
លោកថា៖ «គាត់ចង់ឲ្យមានការផ្លាស់ប្តូរតាមរយៈអន្តរជាតិដាក់គំនាបលើរដ្ឋាភិបាលបច្ចុប្បន្នហើយដើម្បីធ្វើដូច្នេះបានគាត់ចង់ឃើញមនុស្សទៅបោះឆ្នោតតិច ប៉ុន្តែចុងក្រោយគាត់ដឹងថាមនុស្សនឹងទៅបោះឆ្នោតច្រើន...គាត់ក៏បានរុញឲ្យគណបក្សប្រជាជនបាន ១២៥ ...គាត់គិតថា អន្តរជាតិនឹងដាក់គំនាបវានឹងធ្វើឲ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនធ្វើការផ្លាស់ប្តូរចិត្តគំនិតរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ហើយឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញបើមិនដូច្នេះទេនឹងរងនូវទណ្ឌកម្មផ្នែកសេដ្ឋកិច្ច»។
ទន្ទឹមនឹងនេះដែរលោក សាម អ៊ីន អ្នកនាំពាក្យ GDP ក៏បានចោទប្រកាន់គណបក្សប្រជាជនដែរថា បានប្រើការគំរាមកំហែង និងការទិញសន្លឹកឆ្នោតទើបបានសំឡេងដល់ ១២៥ អាសនៈ។
លោកបានបញ្ជាក់ថា៖ «ដោយសារតែការសម្លុត គំរាម និងទិញសន្លឹកឆ្នោតនៅកើតមានយ៉ាងច្រើននៅក្នុងសង្គមកម្ពុជា»។
ទោះយ៉ាងណាក្ដីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធការចោទប្រកាន់នេះ ដោយថ្លែងថានេះគ្រាន់តែជាមតិរបស់ពួកគាត់ ហើយអះអាងថាម្ចាស់ឆ្នោតមើលឃើញគណបក្សប្រជាជនថា បានធ្វើកំណែទម្រង់ស៊ីជម្រៅ ខណៈច្រើននាក់ទៀតបាត់ជំនឿលើគណបក្សប្រឆាំងហើយក៏ងាកមកគាំទ្របន្ថែម។
លោកបានបញ្ជាក់ថា៖ «គណបក្សប្រជាជនមានការភ្ញាក់រឭកក្នុងការកែលម្អចំណុចខ្វះខាតរបស់ខ្លួនដែលធ្វើឲ្យប្រជាពលរដ្ឋលោកស្វាគមន៍ និងអបអរសាទរ ហើយងាកមកគាំទ្រ...ឡើងវិញ។ ប្រជាជនបានបាត់ជំនឿទៅលើគណបក្សប្រឆាំងអស់ទៅហើយ»។
ទាក់ទងនឹងការចោទប្រកាន់ដែលថា គណបក្សប្រជាជនប្រើវិធីគំរាមកំហែង និងទិញសន្លឹកឆ្នោតនោះលោក ឥសាន បានថ្លែងថានេះគឺការលើកឡើងដោយអត្តនោម័តដោយសារមុនឃោសនាបោះឆ្នោតគាត់មានក្តីសង្ឃឹម តែឥឡូវក្តីសង្ឃឹមរបស់គាត់បានធ្លាក់ទឹកទៅហើយ។
លោកថា៖ «ការលើកឡើងនេះគ្រាន់តែជាការផាត់ក្រែមលាបម្សៅមុខមាត់គាត់កុំឲ្យវាធ្លាក់ធ្ងន់ពេក»។
លោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្របក្សប្រឆាំងក៏បានថ្លែងដែរថា ការចោទប្រកាន់របស់ GDP គឺគ្មានមូលដ្ឋាន និងហេតុផលច្បាស់លាស់ទេ។
លោកថា៖ «នេះគឺជាការយល់ឃើញរបស់គាត់ដូចដែលអ្នកទាំងអស់គ្នាបានឃើញថា គណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយ...ដូច្នេះការចោទប្រកាន់មកលើគណបក្សសង្គ្រោះជាតិគឺមិនត្រឹមត្រូវទេ»។
ស្រដៀងគ្នានេះលោក សម គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាបានថ្លែងថា ការចោទប្រកាន់លើអតីតគណបក្សសង្គ្រោះជាតិបែបនេះគឺមិនត្រឹមត្រូវ តែបានយល់ថាមានរូបភាពគំរាមកំហែង និងទិញសន្លឹកឆ្នោត។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនឯកភាពទេពីព្រោះថាការគាំទ្រគណបក្សប្រជាជនបានកើនឡើងពីព្រោះដោយសារគណបក្សប្រជាជនបានទាញយកការគាំទ្រតាមរយៈការដំឡើងប្រាក់ខែគោលសម្រាប់កម្មកររោងចក្រច្រើនជាង ២០១៣ ...ការលើកឡើង [ការគំរាមកំហែង...] នេះវាត្រឹមត្រូវ...ហើយរឿងនេះវាកើតសឹងគ្រប់ទីកន្លែង»។
នៅមុនពេលបោះឆ្នោតលោក យ៉ង សាំងកុមារ ធ្លាប់បានប៉ាន់ស្មានថា យ៉ាងតិចមានពលរដ្ឋ ៧៥ ភាគរយទៅបោះឆ្នោតដោយលោកថា បើមានអ្នកបោះឆ្នោតច្រើន GDP មានឱកាសឈ្នះឆ្នោតច្រើន៕