ភ្នំពេញៈ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​របស់​អង្គការ​ JICA លោក សាយ បូរ៉ា បាន​អះអាង​ពីថ្ងៃ​ទី​ ៩ សីហា​ ថា ការគ្រប់គ្រង​សំរាម​គឺជា​កត្តា​សំខាន់​ក្នុង​នោះ​ក៏ត្រូវ​កែលម្អ​ឥរិយាបថ​ពលរដ្ឋ​អ្នក​ចោល​សំរាម​​ផងដែរ ខណៈ​សំណល់​ប្លាស្ទិក​កំពុង​កើនឡើង ពិសេស​នៅ​ភ្នំពេញ​ស្របពេល​ក្រសួង​បរិសា្ថន​កំពុង​ដំណើរការ​នីតិវិធី​រក​មូលនិធិ​ពី​ជប៉ុន ដើម្បី​ជួយ​គាំទ្រ​ដល់​គម្រោង ​“​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​”​។

លោក សាយ បូរ៉ា បាន​បន្តថា នៅ​រាជធានី​ភ្នំពេញ​សំរាម​មាន​យ៉ាងច្រើន​ដែល​តែង​បង្ក​ការស្ទះ​ដល់​ប្រព័ន្ធ​លូ​បង្ហូរ​​ទឹកជា​រៀងរាល់ឆ្នាំ ហើយ​ពេល​ខ្លះ​បង្ក​ជា​ទឹកជំនន់​ទៀតផង​។ ​ការគ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ មាន​សារៈសំខាន់​មិន​ត្រឹម​តែ​ដើម្បី​កែលម្អ​បរិស្ថាន​រស់នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ការគ្រប់គ្រង​ហានិភ័យ​ដូចជា ការការពារ​ទឹកជំនន់​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ទីក្រុង​ភ្នំពេញ​យើង​ទទួល​ស្គាល់​ថា កន្លែង​ចាក់សំរាម​ដែល​មាន​ស្រាប់​នោះ​នឹង​ពេញ​នាពេល​អនាគត ហើយ​សេវាកម្ម​ប្រមូល​សំរាម​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​នៅ​តំបន់​ខ្លះ​ដោយសារ​ការកើនឡើង​យ៉ាងឆាប់រហ័ស​នៃ​ចំនួន​ប្រជាជន និង​ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម ដូច្នេះ​យើង​គិត​ថា បញ្ហា​ការគ្រប់គ្រង​កាកសំណល់​សំរាម​គឺជា​កត្តា​សំខាន់​»​។

បើ​តាម​លោក បូរ៉ា មាន​កត្តា​ជាច្រើន​ដែល​អាច​គ្រប់គ្រង​សំរាម​ឲ្យ​ប្រសើរ​។

លោក​ថា​៖ «​យើង​ឃើញថា មាន​សំរាម​​ជាច្រើន​កំពុង​តែ​អណ្តែត​នៅតាម​ប្រព័ន្ធ​​លូ​បង្ហូរទឹក​កខ្វក់​នៅ​ក្នុង​ទីក្រុង​។ ​យើង​គិតថា វា​តម្រូវ​ឲ្យ​មាន​វិធីសាស្ត្រ​ផ្សេងៗ​គ្នា មិន​ត្រឹម​តែ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​ប្រមូល​សំរាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាជន​​ផង​ដែរ​» ។

លោក បូរ៉ា បាន​បន្តថា ដើម្បី​ចូលរួម​ក្នុង​ការគ្រប់គ្រង​កាកសំណល់​ប្លាស្ទិក​នៅ​​កម្ពុជា​ក្រុមហ៊ុន​ឯកជន​ជប៉ុន (Gomi Recycle 110) ​ដែល​មាន​បច្ចេកវិទ្យា​កែច្នៃ​សំណល់​ប្លាស្ទិក​កំពុង​សាងសង់​រោងចក្រ​កែច្នៃ​សំណល់​ប្លាស្ទិក​ដោយមាន​ការគាំទ្រ​ពី​ JICA ហើយ​ក៏​រំពឹងថា​រោងចក្រ​កែច្នៃ​នោះ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខេត្ត​ស្វាយរៀង​ឆាប់ៗ​នេះ​។

ទាក់ទិន​បញ្ហា​សំណល់​ប្លាស្ទិក​នេះ​កាលពី​ដើមខែ​នេះ​លោក ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​​ដឹកនាំ​កិច្ចប្រជុំ​ប្រមូលធាតុ​ចូល​ធ្វើ​សេចក្ដីព្រាង​សំណើ​មួយ​ដើម្បី​ស្នើសុំ​មូលនិធិ​ពី​ប្រទេស​ជប៉ុន​លើ​គម្រោង ​“​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​” ​ដោយ​ត្រូវ​អនុវត្ត​លើ​គោលដៅ​ចំនួន​ ៣ រួមមាន ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ​ និង​រាជធានី​ភ្នំពេញ​។

គម្រោង​នេះ​នឹង​ធ្វើ​សម្រាប់​រយៈពេល​ ២ ​ឆ្នាំ និង​ ៦ ​ខែ ​ដោយ​ផ្តោតលើ​សកម្មភាព​មួយចំនួន​រួមមាន​ទី​ ១ អនុវត្ត​គំរូ​សេដ្ឋកិច្ច​សំដៅ​ជំរុញ​ការប្រើប្រាស់ និង​ផលិតកម្ម​ដោយ​និរន្តរភាព​សម្រាប់​​ប្លាស្ទិក​នៅ​កម្ពុជា និង​ទី​ ២ ​ការពារ និង​​កាត់បន្ថយ​ការបំពុល​ពី​សំណល់​ប្លាស្ទិក លើដី និង​សមុទ្រ​តាមរយៈ​ការជំរុញ​ក្របខ័ណ្ឌ 4 Rs (Reduce, Reuse, Recycle និង Recovery)​។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​កំពុង​ដំណើរការ​នីតិវិធី​ដើម្បី​ស្វែងរក​មូលនិធិ​ពី​ប្រទេស​ជប៉ុន​ក្នុង​ការគាំទ្រ​ដល់​គម្រោង​ “​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​” ​នេះ​ដើម្បី​អនុវត្ត​គំរូ​សេដ្ឋកិច្ច​សំដៅ​ជំរុញ​ការប្រើប្រាស់ និង​ផលិតកម្ម​ដោយ​និរន្តរភាព​សម្រាប់​ប្លាស្ទិក​នៅ​កម្ពុជា ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​លម្អិត​នោះទេ​។

ទោះជា​យ៉ាងណា​លោក នេត្រ ភក្ត្រា ធ្លាប់បាន​ថ្លែង​ក្នុងពេល​ផ្សព្វផ្សាយ​សៀវភៅ​ស្តីពី​ពិភព​ប្លាស្ទិក​កន្លងមក​ថា សំណល់​ប្លាស្ទិក​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ដែល​ជា​ក្តីកង្វល់​មួយ​សម្រាប់​​ពិភពលោក ហើយ​នៅ​ឆ្នាំ​ ២០៥០ ​ខាងមុខ អាច​នឹង​កើនឡើង​ដល់​ ៣៤ ​ពាន់​លានតោន​។ ​នៅ​ឆ្នាំ​ ២០៥០ ​នេះ​ប្លាស្ទិក​អាច​​មាន​ច្រើន​ជាង​ត្រី​នៅក្នុង​សមុទ្រ ប្រសិន​​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេនោះ​។

លោក​ថា​៖ «​សំណល់​ប្លាស្ទិក​ជា​ក្តីកង្វល់​រួម​របស់​ពិភពលោក​ដែល​យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​រួមគ្នា​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ធ្វើ​ពី​ប្លាស្ទិក និង​​ចូលរួម​ប្រើប្រាស់​ឡើងវិញ​ការកែច្នៃ​ ឬ​បដិសេធ​ការប្រើប្រាស់​ប្លាស្ទិក​ដើម្បី​លុប​បំបាត់​ការបំពុល​ដោយ​ប្លាស្ទិក​ការពារ​​បរិស្ថាន និង​ភពផែនដី​យើង​»៕