ភ្នំពេញៈ មន្ត្រីទី​ភ្នាក់​ងារ​ជាតិ​មុខ​របរនិង​ការ​ងារ​ (NEA) បាន​ចាត់​ទុកភាពរីក​រាយ​​​របស់​ក្រុម​គ្រួសារ​នៃ​អ្នក​ស្វែង​រក​ការ​ងារ​ធ្វើ​ថា​ជា​កម្លាំង​ជំរុញ​ ខណៈ​ក្នុង​ឆ្នាំ​នេះ​បា​នជួយ​​ពល​រដ្ឋ​ខ្មែរឲ្យ​ទទួល​បាន​ការ​ងារ​ធ្វើ​ចំនួន​ ៥ ៤៦៤​ នាក់ និង​បាន​បញ្ជូន​អ្នក​ផ្សេង​ទៅ​និយោ​ជក​ដែល​ត្រូវ​ការ​កម្លាំង​ពលក​ម្ម​​ចំនួន ២២ ៨៥៤ ​នាក់​ ។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិស​ការងារ​ឆ្នាំ​ ២០១៩​ កាល​ពី​ថ្ងៃទី១៤ខែ​ធ្នូ លោក ហុង ជឿន ប្រធាន​ NEA ​បាន​លើក​ឡើង​ថា​គ្រួសារ​នៃអ្នក​ដែល​បាន​ការងា​រ​ធ្វើតា​មរ​យៈ NEA តែង​មាន​ក្ដី​រីករា​យហើយ​នេះ​​ជា​កម្លាំង​ចិត្ត​មួយ​ដើម្បី​ឲ្យ​ការ​បំពេញ​ការ​ងារ​ឲ្យ​រឹត​តែ​ប្រសើរ​ជាង​មុន​ខណៈ​រាជ​រដ្ឋាភិ​បាល​ចាត់​ទុក​ជា​អាទិ​ភាព​មួយ​​។

លោក​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​មន្ត្រី​ NEA មក​ពី​បណ្តា​ខេត្ត​ចំនួន​ ១១ ថា​៖ «ស្នាម​ញ​ញឹម​របស់​អ្នក​ស្វែង​រក​ការងារនិង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​បន្ទាប់​ពី​គាត់​ទទួល​បាន​ការងារ​គឺជា​កម្លាំង​ជំរុញ​​ទឹក​ចិត្ត​ដល់​មន្ត្រី NEA ទាំង​អស់​គ្នា»។«​ការ​ផ្តល់​សេវា​ជួយ​ស្វែង​រក​ការងារ​ជូន​​ពល​រដ្ឋគឺជា​អាទិ​ភាព​ចម្បង​របស់​រាជ​រដ្ឋា​ភិ​បាល​ដើម្បី​បែង​ចែក​ឱកាស​ការងារ​ជូន​ដល់​​ពល​រដ្ឋ​ស្មើៗ​គ្នា ជាពិ​សេស​យុវ​ជន​ ​ប្រ​កប​ដោយ​សម​ធម៌​និង​តម្លា​ភាព​»។

លោក ហុង ជឿន បាន​ឲ្យ​ដឹង​ថា ដើម្បី​ផ្តល់​សេវា​ការងារ​ជូន​​ពល​រដ្ឋ​ កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​សេវា​ការងារ NEA តែង​បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ជំនាញ​ទន់និង​ភាពជា​អ្នក​ដឹកនាំ​ដល់​មន្ត្រី​របស់ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ឆាប់​ទទួល​បាន​ការងារ​ធ្វើ។

លោក​បន្ថែម​ថា​៖«​ចក្ខុ​វិស័យ​របស់​យើងគឺ​ប្រែ​ក្លាយ​ជា​ទីភ្នាក់​ងារ​ផ្តល់​សេវា​ការងារ​ប្រកប​ដោយ​គុណ​ភាព​ឈាន​មុខ​គេ​នៅ​កម្ពុជា​ដើម្បី​ឱ្យ​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​បំណង​ចង់​ស្វែង​រក​ការងារ​អាច​ទទួល​បាន​ព័ត៌​មាន​ការងារ​ក្នុង​ស្រុកនិង​ទទួល​ការ​ជួយ​ជ្រោម​ជ្រែង​រហូត​ពួកគាត់​ទទួល​បាន​ការ​ងារ​និង​ប្រាក់​ចំណូល​ទៅ​តាម​ក្តី​ប្រា​ថ្នា​»។

បើតាម​របាយ​ការណ៍ NEA ក្នុងឆ្នាំនេះ ​អ្នក​ទទួល​បាន​ការងា​រ​ធ្វើ​មាន​ចំនួន ៥ ៤៦៤ នាក់, បញ្ជូន​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ទៅ​ឱ្យ​និយោ​ជក​ដែល​ត្រូវ​ការ​កម្លាំង​ពល​កម្ម​មាន​ចំនួន​២២ ៨៥៤ នាក់, បាន​ចុះឈ្មោះអ្នក​ស្វែង​រក​ការងារ​ធ្វើ​ ១៥ ៤៨៥ នាក់, ប្រ​មូល​ដំណឹង​ជ្រើស​រើស​កម្លាំង​ពល​កម្ម​គ្រប់​ប្រភេទ​៨៣ ៤៦៦ កន្លែង និង​ផ្តល់​ព័ត៌​មាន​ទីផ្សា​រការងា​រ​តាម​រយៈ​ទូរស័ព្ទ​ទៅ​អ្នក​ស្វែង​រក​ការ​ងារ​ធ្វើ​បាន ៣៥ ២៩៥ នាក់​។

គួរ​បញ្ជាក់​ថា NEA ជាទី​ភ្នាក់​ងារ​ផ្តល់​សេវា​ការងារ​សាធា​រណៈ​របស់​រាជ​រដ្ឋា​ភិបាល​ដែលមាន​តួនាទី​ភារ​កិច្ច​ក្នុងការ​ផ្តល់ សេវា​ការងារ និង​ព័ត៌​មាន​ទីផ្សារ​ការងារ​ទូលំ​ទូលាយ​ជាង​គេ​នៅ​​កម្ពុជា​។

ទីភ្នាក់​ងារ​នេះ​កំពុង​ផ្តល់​សេវា​កា​រងារ​ដោយ​ឥត​គិត​កម្រៃ​ជូន​ដល់​សា​ធារណ​ជន​ទូទៅ​តាម​រយៈ​គេហទំព័រ www.nea.gov.kh និង​មជ្ឈ មណ្ឌល​ការ ងារ​ដែលជា​អ្នកផ្តល់​សេវា​ជួរមុខ​នៅ​តាម​រាជ​ធានី-ខេត្ត​ចំនួន​១១​រួម​មាន​៖ រាជ ធានី​ភ្នំពេញ ខេត្ត​បាត់​ដំបង សៀម​រាប កំពត ​ស្វាយ​រៀង តា​កែវ កំពង់​ចាម កំពង់ ធំ ព្រៃវែង បន្ទាយ មាន ជ័យ និង​ព្រះ​សី ហនុ​៕