ភ្នំពេញ: មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ១៨១ នាក់ ត្រូវបានជ្រើសរើសឲ្យហ្វឹកហាត់សម្រកទម្ងន់ និងសម្រកក្បាលពោះដើម្បីឲ្យមានតុល្យភាពរាងកាយចៀសវាងបានពីជំងឺផ្សេងៗដែលបណ្តាលមកពីការលើសទម្ងន់ ឬការធាត់ខ្លាំងជាអ្វីដែលមន្ត្រីសម្ដែងការរីករាយនឹងចូលរួមក្នុងវគ្គហ្វឹកហាត់នេះ។
លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវបានគេហទំព័របញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដកស្រង់សម្ដីថា ការបើកវគ្គហ្វឹកហាត់សម្រកទម្ងន់ និងសម្រកក្បាលពោះដល់នាយទាហាន នាយទាហានរង និងពលទាហាននេះគឺជាលើកទី ៣ ហើយដោយមានសមាជិកជាប់ឈ្មោះចំនួន ១៨១ នាក់ ត្រូវបានជ្រើសរើសចេញពីអាវុធហត្ថរាជធានីភ្នំពេញ។
លោកបានបន្តថា វគ្គសម្រកទម្ងន់ និងសម្រកក្បាលពោះនេះគឺដើម្បីជួយឲ្យមានតុល្យភាពរាងកាយចៀសវាងបានពីជំងឺផ្សេងៗដែលបណ្តាលមកពីការលើសទម្ងន់ ឬការធាត់ខ្លាំងពេក។ លោកបានស្នើឲ្យសមាជិកអាវុធហត្ថរាជធានីភ្នំពេញដែលជាប់ឈ្មោះត្រូវមានអំណត់អត់ធ្មត់ឲ្យបានច្រើនកុំធុញទ្រាន់ កុំខ្ជិល មិនថារបបអាហារ ឬលំហាត់ប្រាណ ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមការណែនាំរបស់គ្រូឧទ្ទេស។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះដោយលោកអះអាងថា កំពុងជាប់រវល់កាលពីម្សិលមិញ។
លោក ឡុង វិចិត្រ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោកបានថ្លែងកាលពីម្សិលមិញថា កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកចំនួន ១០ នាក់ បានជាប់ឈ្មោះចូលរួមកម្មវិធីហ្វឹកហាត់សម្រកក្បាលពោះ និងជាតិខ្លាញ់នេះដើម្បីថែរក្សាសុខភាពដែលធ្វើឲ្យរាងកាយរឹងមាំ កម្លាំងខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃ។
លោកបញ្ជាក់ថា៖ «ខ្ញុំក៏កំពុងហាត់ប្រាណសម្រកខ្លាញ់ជារៀងរាល់ថ្ងៃដែរ ព្រោះបើយើងហាត់រាល់ថ្ងៃ អ៊ីចឹងទៅគឺធ្វើឲ្យយើងមានសុខភាពល្អ។ ជាក់ស្ដែងនៅពេលព្រឹកមុនចេញមកធ្វើការ ខ្ញុំរត់ ២ ឬ ៣ គីឡូម៉ែត្រ ហើយពេលល្ងាច ពេលខ្ញុំមកពីធ្វើការវិញ ខ្ញុំរត់បន្ថែមទៀត ប៉ុន្ដែពេលខ្លះក៏រវល់អត់បានរត់ហាត់ប្រាណដែរ តែយើងត្រូវតែឆ្លៀតហាត់វារាល់ថ្ងៃ»។
លោកបន្ថែមថា វគ្គហ្វឹកហាត់នេះធ្វើនៅទីតាំងបញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញរយៈពេល ១ ថ្ងៃ ដោយសិក្ខាកាមត្រូវទៅស្ដាប់តាមការណែនាំរបស់គ្រូបង្គោលពីវិធីសាស្ត្រ និងក្បួនធ្វើយ៉ាងណាឲ្យឆាប់ស្រកក្បាលពោះ និងឆាប់អស់ជាតិខ្លាញ់ពីរាងកាយ។ បន្ទាប់មកសិក្ខាកាមទាំងអស់ត្រូវយកមេរៀនមកហាត់ដោយខ្លួនឯងនៅផ្ទះរបស់ខ្លួនទៅហាត់នៅក្លិបឯកជន (Gym) និងអាចទៅហាត់នៅមូលដ្ឋានបញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញក៏បានដោយប្រើរយៈពេល ៣ ខែ ប៉ុន្ដែបើនៅមិនទាន់ស្រក គ្រូបង្គោលនឹងមានវិធីសាស្ត្រផ្សេងៗទៀត។
លោក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានថ្លែងដែរថា លោកគាំទ្រឲ្យមានការហ្វឹកហាត់បែបនេះ ដើម្បីឲ្យរាងកាយរឹងមាំ ជាពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធ «ខ្ញុំបានចូលរួមហាត់ជារៀងរាល់ថ្ងៃក្រោយពីទំនេរពីការងារ ១ ថ្ងៃខ្ញុំហាត់ ១ ម៉ោង ឬ ២ ម៉ោងដែរ ជួនកាលរត់ ហើយថ្ងៃខ្លះចូលហាត់ក្នុងក្លិប Gym ខ្លួនឯង»។
លោកបានលើកទឹកចិត្តឲ្យកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាពលរដ្ឋចូលរួមហាត់ប្រាណទាំងអស់គ្នា ដើម្បីទទួលបានសុខភាពល្អ ចៀសឆ្ងាយពីជំងឺផ្សេងៗ ជាពិសេសជំងឺលើសឈាម ដាច់សរសៃឈាមខួរក្បាល លើសជាតិអាស៊ីត លើសជាតិស្ករ និងជំងឺកាចសាហាវជាច្រើនទៀត។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ការជ្រើសអ្នកលើសទម្ងន់ដែលអាវុធហត្ថរាជធានីភ្នំពេញបានអនុវត្តគឺមិនមែនគ្រាន់តែពិនិត្យនឹងភ្នែកចំពោះអ្នកធាត់ ឬអ្នកដុះក្បាលពោះនោះទេ គឺការជ្រើសរើសតាមរយៈការវាស់កម្ពស់ និងថ្លឹងទម្ងន់ផងដែរ។ ដូច្នេះអ្នកដែលជាប់ឈ្មោះជាអ្នកលើសទម្ងន់ អ្នកធាត់ និងអ្នកដុះក្បាលគឺត្រូវមានឈ្មោះចូលរួមក្នុងការហ្វឹកហ្វាត់នេះ៕