ភ្នំពេញៈ នាយកប្រចាំកម្ពុជារបស់អង្គការ UNDP លោក Nick Beresford កាលពីម្សិលម្ង៉ៃបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាកែច្នៃ និងកាត់បន្ថយសំរាម ខណៈប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងនៃកាកសំណល់ក្រុង និងកាកសំណល់ឧស្សាហកម្មជាអ្វីដែលក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធកំពុងសិក្សាពីការកែច្នៃឲ្យមានប្រយោជន៍។
ការថ្លែងរបស់លោកធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានវេទិកា World Circular Economy លើកទីពីរកាលពីថ្ងៃទី ២២‑២៤ ខែតុលានៅជប៉ុននាឆ្នាំនេះដោយមានអ្នកចូលរួមជាង ១០០០ នាក់ពីជាង ៨០ ប្រទេសរួមទាំងកម្ពុជាផង។
វេទិកានេះបានអំពាវនាវឲ្យសហគមន៍សកលពិនិត្យគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ពួកគេ និងបានជំរុញឲ្យសហគមន៍សកលអនុវត្តគំរូសេដ្ឋកិច្ចរង្វង់ [វិលជុំ] នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំពុលបរិស្ថាន និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោក Nick Beresford បានថ្លែងកាលពីថ្ងៃពុធថា៖ «ដើម្បីកាត់បន្ថយការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ និងដើម្បីធ្វើឲ្យមាននិរន្តរភាពដល់ធនធានធម្មជាតិសំខាន់ និងជីវចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ យើងត្រូវរកដំណោះស្រាយបន្ទាន់ ដើម្បីកែប្រែរបៀបដែលយើងប្រតិបត្តិសេដ្ឋកិច្ចរបស់យើង និងរបៀបដែលយើងប្រើប្រាស់ និងប្រើប្រាស់ធនធានរបស់យើង»។
លោកបានបន្ថែមថា តាមរយៈការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ការកែច្នៃឡើងវិញ និងការកាត់បន្ថយកាកសំណល់អាចនឹងកាត់បន្ថយបានច្រើននូវការប្រើប្រាស់ធនធានធម្មជាតិ ថាមពល កាកសំណល់ និងការបំពុលបរិស្ថាន។
លោកថា៖ «យើងដាក់ចេញ និងបង្ហាញពីសេដ្ឋកិច្ចរង្វង់ ជាពិសេសជាដំណោះស្រាយបរិស្ថាន និងសេដ្ឋកិច្ចដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់បញ្ហាដែលកម្ពុជាប្រឈមមុខពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់»។
លោកថា៖ «ជាមួយនឹងកំណើនសេដ្ឋកិច្ច និងប្រជាជនយ៉ាងលឿនកម្ពុជាឥឡូវនេះប្រឈមមុខនឹងបញ្ហាប្រឈមថ្មីនៃទំហំកើនឡើងនៃកាកសំណល់ក្នុងក្រុង និងកាកសំណល់ឧស្សាហកម្ម»។
បើយោងតាមលោក Nick Beresford មានការយល់ដឹងមានកម្រិតអំពីរបៀបលើកកម្ពស់ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការកាត់បន្ថយសម្ភារ និងកាកសំណល់នៅទ្រង់ទ្រាយធំនៅកន្លែងចាក់សំរាម និងរបៀបធ្វើកាកសំណល់ឲ្យទៅជាថាមពល។
លោកបានថ្លែងថា៖ «ប្រសិនបើគំរូសេដ្ឋកិច្ចរង្វង់ត្រូវបានអនុវត្តសម្រាប់ការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជាជាជាងត្រូវបានចាក់ចោលកាកសំណល់នឹងត្រូវកែច្នៃជា «ផលិតផលថ្មី ឬថាមពល» ដើម្បីប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ ដើម្បីបន្ថែមតម្លៃសេដ្ឋកិច្ចសម្រាប់សេដ្ឋកិច្ច»។
លោក ឯ វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែរថា សេដ្ឋកិច្ចរង្វង់នឹងរួមចំណែកយ៉ាងសំខាន់ដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការធានាវិបុលភាពរយៈពេលវែងទាំងសម្រាប់កំណើនសេដ្ឋកិច្ច និងចីរភាពនៃបរិស្ថាន។
លោកថា៖ «ចក្ខុវិស័យរង្វង់សម្រាប់សហគ្រាសសេដ្ឋកិច្ចយើងគឺជាមួយចីរភាពដែលខិតខំសម្រេចឲ្យបានកម្រិតខ្ពស់នៃប្រសិទ្ធភាពសម្រាប់ផលិតភាព និងសមត្ថភាពរក្សាសុចរិតធម្មជាតិនៃប្រទេសស្រស់ស្អាតរបស់យើង»។
បើតាមក្រសួងបរិស្ថានបានឲ្យដឹងថាការចាក់ចោលកាកសំណល់រឹងនៅក្នុងទីលានចាក់សំរាមក្នុងក្រុងបានកើនឡើងយ៉ាងលឿនពី ៣១៨០០០ តោនក្នុងមួយឆ្នាំក្នុងឆ្នាំ ២០០៤ ដល់ ១,៥ លានតោនក្នុងឆ្នាំ ២០១៧។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថា រដ្ឋាភិបាល និងក្រសួងកំពុងលើកទឹកចិត្ត និងជំរុញប្រជាជនឲ្យបង្កើនការកែច្នៃកាកសំណល់ឡើងវិញដោយជំរុញផងដែរឲ្យប្រជាជនដាក់ចំណាត់ថ្នាក់កាកសំណល់ឲ្យបានសមស្រប និងអនុវត្តគោលការណ៍ចំនួន ៣ គឺកាត់បន្ថយ កែច្នៃឡើងវិញ និងប្រើប្រាស់ឡើងវិញ។
លោកថ្លែងថា៖ «សម្រាប់កាកសំណល់ប្លាស្ទិក ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធកំពុងសិក្សា និងរៀបចំគោលការណ៍សេដ្ឋកិច្ចសម្រាប់កាកសំណល់រឹងដើម្បីកែប្រែសម្រាប់តម្លៃសេដ្ឋកិច្ចស្របតាមនិន្នាការសកលនាពេលបច្ចុប្បន្ន និងស្តង់ដារបរិស្ថាន»។
លោកបានបន្ថែមថា ៤១ ភាគរយ (១,៥ លានតោនក្នុងមួយឆ្នាំ) នៃកាកសំណល់រឹងក្នុងចំណោមកាកសំណល់សរុបគឺត្រូវបានប្រមូលទៅកន្លែងចាក់សំរាម ១១ ភាគរយនៃកាកសំណល់សរុបត្រូវបានទិញសម្រាប់ការកែច្នៃឡើងវិញហើយកាកសំណល់ដទៃទៀតប្រមាណ ៤៨ ភាគរយត្រូវបានដុត ឬរាយប៉ាយនៅកន្លែងសាធារណៈ និងនៅតាមទឹក។
លោក កត់សម្គាល់ថាការសិក្សាបានរកឃើញថាចន្លោះពី ៧០ ទៅ ៨០ ភាគរយនៃកាកសំណល់រឹងនៃសំណល់សរុបអាចច្នៃឡើងវិញបាន៕ PS