ព្រះវិហារៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តព្រះវិហារ​តាមរយៈ​គម្រោង​ (ASPIRE) បានផ្ដល់​សម្ភារ​កសិកម្ម​ជាច្រើន​ប្រភេទ​ដល់​កសិករ​ ១១៣ ​គ្រួសារ​នៅ​ស្រុក​ឆែប ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរឡើង​តាមរយៈ​ការពង្រឹង​គុណភាព ផលិតកម្ម​បន្លែ និង​ចិញ្ចឹមសត្វ​។

បើតាម​របាយការណ៍​ព័ត៌មាន​របស់​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ សម្ភារ​កសិកម្ម​ដែល​បានផ្ដល់​ឲ្យ​កសិករ​ទាំងនោះ​រួមមាន ម៉ាស៊ីន​ធ្វើ​រង​បន្លែ ម៉ាស៊ីនបូមទឹក ម៉ូទ័រ​កិន​ចំណី​សត្វ សំណាញ់​សម្រាប់​សាងសង់​ទ្រុងមាន់ កៅស៊ូ​គ្រ​បរង​បន្លែ ប្រព័ន្ធ​ដំណក់ទឹក និង​ធុង​ស្តុក​ទឹក​ផងដែរ​។

លោក​ ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម ខេត្តព្រះវិហារ​ដែល​ដឹក​សម្ភារ​កសិកម្ម​ទាំងនោះ ទៅ​ផ្ដល់​ជូន​ដល់ដៃ​កសិករ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ថ្លែងថា សម្ភារ​កសិកម្ម​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​​គម្រោង​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែលមាន​ភាព​ធន់ និង​ការប្រែប្រួល អាកាសធាតុ (ASPIRE) ​របស់​ក្រសួងកសិកម្ម​ដែល​ត្រូវ​ផ្ដល់​ដល់​គ្រួសារ​កសិករ​នៅក្នុង​តំបន់​គោលដៅ​នៃ​គម្រោង​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការផ្ដល់​ជំនាញ​បច្ចេកទេស និង​សម្ភារ​កសិកម្ម​ដោយ​ឥត​គិតថ្លៃ​ទាំងនេះ យើង​ជឿថា កសិករ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើការ​ដាំដុះ​បន្លែ និង​ចិញ្ចឹមសត្វ​ទៅ​តាម​បច្ចេកទេស​ដែល​បាន​ណែនាំ ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរឡើង​ថែមទៀត​»​។

លោក​ ឆឹង បូ អាយុ​ ៣៦ ​ឆ្នាំ​ ជា​កសិករ​ឆ្នើម​នៅក្នុង​ភូមិ​ពោធិ៍ទាប ឃុំ​ម្លូព្រៃ​ ១ ស្រុក​ឆែប​ដែល​ទើប​ទទួលបាន​ម៉ាស៊ីន​បូមទឹក​កម្លាំង ៦,៥ ​សេះ និង​ម៉ាស៊ីន​លើក​រង​បន្លែ​ដោយ​ឥតគិតថ្លៃ​ពី​កម្មវិធី ASPIRE នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា លោក​នឹង​អាច​ពង្រីក​ផ្ទៃដី​ដាំដុះ​បន្ថែមទៀត ដើម្បី​បង្កើន​ប្រាក់ចំណូល​លើកស្ទួយ​ជីវភាព​គ្រួសារ​។

លោក បូ ដែល​កំពុង​ដាំដុះ​បន្លែ​ចំនួន ៥ ​ប្រភេទ​លើ​ផ្ទៃដី​ជាង​ ២​ ​ហិកតា​បាន​និយាយថា​៖ «​បច្ចុប្បន្ន​តាមរយៈ​ការដាំ​បន្លែ រួមមាន​ខ្ទឹម ស្ពៃ​ក្ងោក សណ្ដែកកួរ ត្រសក់ និង​ត្រប់ ខ្ញុំ​អាច​រកចំណូល​បាន​ជា​មធ្យម​ ១០ ​ម៉ឺន​រៀល​ក្នុង​ ១ ​ថ្ងៃ​។ ខ្ញុំ​សង្ឃឹមថា​តាមរយៈ​ឧបករណ៍ និង​សម្ភារ​ដែល​ខ្ញុំ​ទទួល​បាន​នៅពេលនេះ ខ្ញុំ​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង​នេះ​នៅពេល​ខាងមុខ​»​។

លោកបូ បន្ត​ថា​គ្រួសារ​របស់លោក​មាន​ដីស្រែ​សរុប​ជិត​ ៥ ​ហិកតា ប៉ុន្តែ​បាន​ដាំដុះ​បន្លែ​ត្រឹម ២,៥ ​ហិកតា និងនៅសល់​ជាង ២ ​ហិកតា​ទៀត​សម្រាប់​ដាំ​ស្រូវ និង​ដំឡូងមី​។ យ៉ាងណាក្តី​នៅពេល​ខាងមុខ​លោក​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​ដាំ​បន្លែ​កន្លះ​ហិកតា​ទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​។

ចំណែក​អ្នកជិតខាង​លោកបូ គឺ លោក​ ចន គឹមស្រស់ អាយុ​ ៣៧ ​ឆ្នាំ​ដែល​ទើប​ទទួលបាន​ទុយោ​ទឹក ២០ ​ដើម និងទុយោ​សាចទឹក​ ២ ​ដុំ​ដែល​ក្នុង​ ១ ​ដុំ​ប្រវែង ២០០ ​ម៉ែត្រ​នោះ​ថ្លែងថា សម្ភារ​ទាំងនេះ​នឹង​ជំរុញ​ការងារ​ដាំ​ដុះ​បន្លែ​របស់លោក​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​។

លោក​ គឹមស្រស់ ​និយាយថា​៖ «​កន្លងមកនេះ ខ្ញុំ​បាន​ចំណាយពេល​ច្រើន​ម៉ោង ដើម្បី​ដងទឹក​ពី​ស្រះ​យក​ទៅ​ស្រោចស្រព​បន្លែ​របស់ខ្ញុំ​លើ​ផ្ទៃដី​កន្លះ​ហិកតា​។ ប៉ុន្តែ​នៅពេលនេះ​ខ្ញុំ​អាច​រៀបចំ​បណ្ដាញ​ស្រោចស្រព​ដែល​ងាយស្រួល និង​មិនចាំបាច់​ប្រើ​កម្លាំង​រែក​ដូច​មុន​ទៀត​នោះទេ​»​។ លោក​បន្ត​ថា ​អ្វី​ដែល​លោក​ត្រូវបំពេញ​បន្ថែម​នោះ​គឺ​ត្រូវ​ចំណាយលុយ​តិចតួច​បន្ថែម​ទៀត ដើម្បី​ទិញ​ម៉ូទ័រ​បូមទឹក ឬ​ម៉ាស៊ីន​បូមទឹក​ខ្នាតតូច​មួយ​ជាការ​ស្រេច​។

លោក​ គង់ យុត្តារា ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ឆែប​ថ្លែងថា​កាលពី​មុន​កសិករ ដាំ​បន្លែ​សម្រាប់តែ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ឬ​ក៏​លក់ដូរ​តិចតួច​នៅ​ក្នុងភូមិ​តែប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​កសិករ​បានធ្វើ​កសិកម្ម​គឺ​មិន​គ្រាន់តែ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​បាន​គិតគូរ​ពី​ការពង្រីក​ខ្លួន​ទៅ​ជា​មុខ​ជំនួញ​អាជីវកម្ម​ខ្នាតតូច​ដោយ​ត្រូវ​ពង្រឹង​ទាំង​គុណភាព សុវត្ថិភាព និង​សេវាកម្ម សម្រាប់​អតិថិជន​ផងដែរ​៕