សៀមរាបៈ មន្ទីរពេទ្យកុមារអង្គរបានអំពាវនាវឱ្យពលរដ្ឋចូលរួមទៅបរិច្ចាគឈាម ខណៈមន្ទីរពេទ្យនេះ កំពុងខ្វះខាតឈាម ដោយសារបញ្ហាកូវីដ ១៩ ជាហេតុធ្វើឱ្យបុគ្គលិកពេទ្យមិនអាចចេញទៅទទួលយកការបរិច្ចាគឈាមពីកន្លែងផ្សេងៗបាន ស្របពេលដែលមួយរយៈពេលចុងក្រោយនេះមានតម្រូវការឈាមច្រើន សម្រាប់ព្យាបាលកុមារដែលខ្វះគ្រាប់ឈាមក្រហម។
លោកវេជ្ជបណ្ឌិត អោ ពុតឆាត ប្រធានមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកុមារអង្គរថ្លែងថា មន្ទីរពេទ្យកុមារអង្គរបានជួបបញ្ហាខ្វះឈាម ដោយសារតែកត្តាមួយចំនួនដូចជា បញ្ហាជំងឺកូវីដ ១៩ ដែលមិនអំណោយផលឱ្យបុគ្គលិកមន្ទីរពេទ្យអាចចេញទៅទទួលយកការបរិច្ចាគឈាមពីតាមបណ្តាទីកន្លែងផ្សេងៗ ដូចជា សណ្ឋាគារ ឬសាលារៀនផ្សេងៗ និងបញ្ហាមួយទៀតគឺមិនមានអ្នកផ្តល់ឈាមមកបន្ត។
លោកបានថ្លែងថា៖ «តាមគោលការណ៍របស់មន្ទីរពេទ្យត្រូវមានអ្នកមកសងឈាម ប៉ុន្តែមួយរយៈនេះគឺមិនមានទេ មានន័យថា អ្នកជំងឺទទួលបានឈាម (Free Free) អត់មានអ្នកសងឈាម។ មួយវិញទៀតអ្នកចាក់វ៉ាក់សាំងកូវីដ ដែលមកបរិច្ចាគឈាមយើងមិនអាចយកបានទេ ប្រសិនបើពួកគាត់ចាក់វាក់សាំងហើយមិនទាន់បាន ២៨ ថ្ងៃ អ៊ីចឹងពេលពួកគាត់មកយើងឱ្យគាត់ទៅវិញ ហេតុនេះវានាំឱ្យមានការខ្វះឈាម»។
បើតាមលោកវេជ្ជបណ្ឌិត ពុតឆាត មន្ទីរពេទ្យកុមារអង្គរមានតម្រូវការឈាមជាមធ្យមក្នុងក្នុង ១ ខែ ចន្លោះប្រមាណពី ៩០ សាក់ [ប្លោក] ទៅ ១៥០ សាក់។ លោកបន្តថា អ្នកជំងឺខ្វះគ្រាប់ឈាមក្រហម ប្រសិនបើមិនមានឈាមផ្តល់ឱ្យគ្រប់គ្រាន់ទេ នោះអ្នកជំងឺនឹងកាន់តែស្លេកស្លាំង ហើយអាចនឹងបាត់បង់ជីវិតតែម្តង។
ទន្ទឹមនឹងនេះលោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ដែរថាមូលហេតុមួយទៀតដែលមន្ទីរពេទ្យអំពាវនាវឱ្យមហាជនចូលរួមបរិច្ចាគឈាម គឺដោយសារតែមន្ទីរពេទ្យមានការចាំបាច់ ដើម្បីទទួលបានឈាមសម្រាប់ស្តុកទុកការពារក្រែងមានអ្នកជំងឺ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងអំឡុងបុណ្យចូលឆ្នាំខាងមុខនេះ។
លោកបានថ្លែងថា៖ «ក្នុងមន្ទីរពិសោធន៍ត្រូវមានឈាម [បម្រុង] ទៅតាមគ្រប់ប្រភេទក្រុមឈាមចាប់ពី ៣០ ទៅ ៤០ សាក់ នៅពេលមានពិធីបុណ្យជាតិធំៗដែលជាការបង្ការទុកមុន ដើម្បីងាយស្រួលដោះស្រាយក្នុងការព្យាបាល បើមានអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាណាមួយកើតឡើង»។
យោងតាមសេចក្ដីអំពាវនាវរបស់មន្ទីរពេទ្យកុមារអង្គរលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ១៩ ខែមីនា បានសរសេរថា មួយរយៈចុងក្រោយនេះមន្ទីរពេទ្យអង្គរមានការប្រើប្រាស់ឈាមច្រើនទៅលើកុមារដែលមានជំងឺកង្វះគ្រាប់ឈាមក្រហម និងជំងឺវះកាត់មួយចំនួន។ អ្នកជំងឺភាគច្រើនពុំមានលទ្ធភាពក្នុងការផ្តល់ឈាមជំនួសវិញទេ ដូចនេះធ្វើឱ្យមន្ទីរពេទ្យមានការខ្វះឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតកុមារ និងសម្រាប់បម្រុងនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
សេចក្ដីអំពាវនាវនេះបានបញ្ជាក់ថា «ជំនួសមុខឱ្យបន្ទប់បូមឈាមនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបសូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារដែលកំពុងរង់ចាំការជួយសង្គ្រោះពីសប្បុរសជន»។
សម្រាប់អ្នកដែលចង់បរិច្ចាគឈាមអាចទាក់ទងទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខណៈដំណើរការបរិច្ចាគឈាមត្រូវធ្វើឡើងរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល និងថ្ងៃសៅរ៍ម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ក៏ប៉ុន្តែមន្ទីរពេទ្យអង្គរបានបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ត្រូវរង់ចាំយ៉ាងតិច ២៨ ថ្ងៃសិន ទើបអាចផ្តល់ឈាមបាន៕