កំពង់ចាមៈ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ចាម​បានស្នើ​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ស្មៅទន្លេ រុះរើ​រូប​សិប្បនិម្មិត តួប៉ម​ប្រាសាទ​នគរបាជ័យ​ដែល​ធ្វើឡើង​អំពី​ស្នោ ហើយ​ពុះ​តួប៉ម​ប្រាសាទ​ញែក​ចេញ​ជា​ ២ ​ចំណែក ដែល​ខុស​នឹង​ទ្រង់ទ្រាយ​ដើម​។ ម្ចាស់​ភោជនីយដ្ឋាន​នេះ​មិន​បាន​ជំទាស់​ឡើយ​ដោយ​ត្រៀម​រូប​សិប្បនិម្មិត​ថ្មី​មួយទៀត​សម្រាប់​ជំនួស​ផងដែរ​។

លោក សឹង ភារុំ ប្រធាន​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ចាម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពីថ្ងៃ​ទី​ ២ កញ្ញា ថា ខាង​មន្ទីរវប្បធម៌​សហការ​ជាមួយ​មន្ទីរទេសចរណ៍​ខេត្ត និង​នគរបាល​បេតិកភណ្ឌ បាន​ចុះ​ពិនិត្យ​គំរូ​ប៉ម​ប្រាសាទ​នគរបាជ័យ​ដែល​ធ្វើ​អំពី​ស្នោ​នេះ​ជាមុន​សិន​មុន​ពេល​ដែល​ខាង​មន្ទីរ​សម្រេច​ឱ្យធ្វើការ​រុះរើ​ចេញ​។

លោក​ឲ្យ​ដឹងថា ក្រោយពី​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ឃើញ​រូបសិប្បនិម្មិត​តួ​ប៉ម​ប្រាសាទ​នគរបាជ័យ​ដែល​បាន​ដាក់​តាំងនៅ​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ​នេះ​រួចមក ឃើញថា វា​ជា​ប្រភេទ​រូប​សិប្បនិម្មិត​តួប៉ម​ប្រាសាទ​នគរបាជ័យ​មាន​សណ្ឋាន​ខុស​នឹង​ទម្រង់​ដើម រចនាប័ទ្ម​ខ្មែរ​ដោយ​យក​គំរូ​តួ​ប៉ម​ប្រាសាទ​នគរបាជ័យ​មក​ពុះ​ញែក​ចេញ​ជា​ ២ ​ចំណែក​ទៅវិញ​។

ប្រធាន​មន្ទីរ​រូបនេះ​បញ្ជាក់ថា ដោយ​ហេតុផល​នេះ​ហើយ​ទើប​មន្ទីរ​បាន​ស្នើឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ លោក​ ប៉េង ឈុន ធ្វើការ​សហការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ន័យ​ការពារ ថែរក្សា អភិរក្ស និង​លើកតម្កើង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ឱ្យ​មាន​ភាពឧត្តុង្គឧត្តម និង​ជា​កេរដំណែល​របស់​ជាតិ ដោយ​រុះរើ​រូប​សិប្បនិម្មិត​តួប៉ម​ប្រាសាទ​នគរបាជ័យ​នេះ​ទាំងស្រុង​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១ ខែ​កញ្ញា​ទៅ​។

លោក ភារុំ ថ្លែងថា​៖ «​ខ្ញុំ​បាន​កំណត់​ឱ្យ​គាត់​រុះរើ​តួប៉ម​សិប្បនិម្មិត​នេះ​ចេញ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​គឺ​ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣ ហើយ​ខ្ញុំ​នឹង​ចុះទៅ​ពិនិត្យមើល​កន្លែង​នោះ​ម្តងទៀត​។ ជាមួយ​គ្នា​នេះ​ដែរ ខាង​ម្ចាស់​ភោជនីយដ្ឋាន​នោះ យល់ព្រម​រុះ​ចេញ ប៉ុន្តែ​គាត់​នឹង​ដាក់​រូប​ថ្មី​ជំនួស​វិញ​ដោយ​ស្រដៀង​នឹង​រូប​នៅ​កោះ​បាលី ដែល​មិនមែន​ជា​រូប​ទាក់ទង​នឹង​របស់​ខ្មែរ​ដូច​លើក​មុន​ទៀតឡើយ​»​។

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​ការសរសើរ​ពី​ការច្នៃប្រឌិត​ផ្សេងៗ​ក្នុង​ភោជនីយដ្ឋាន​ស្មៅទន្លេ​។ ប៉ុន្តែ​អ្វីដែល​មិន​សមរម្យ​ និង​អាក្រក់​មើល​នោះ​គឺ​ការ​ពុះញែក​តួប៉ម​ប្រាសាទ​នគរបាជ័យ​ជា​ ២ ដោយសារ​នេះ​ជា​ព្រលឹង​ជាតិ​ជា​វប្បធម៌​ជាតិខ្មែរ ដែល​រដ្ឋាភិបាល​ខ្មែរ​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​ការជួសជុល​ប្រាសាទ​នានា​។ ប៉ុន្តែ​បែរ​ជា​គាត់​មិនទាន់​យល់ច្បាស់​ពី​ចំណុច​នេះ​បែរ​ជា​ធ្វើ​ខុស​ពី​ទម្រង់​ដើម​របស់​ប្រាសាទ​។

ភោជនីយដ្ឋាន​ស្មៅ​ទន្លេ​បាន​បង្កើត​នូវ​រូបភាព​ច្នៃប្រឌិត​ជាច្រើន​សម្រាប់​ដាក់តាំង​បង្ហាញ និង​សម្រាប់​ឱ្យ​ភ្ញៀវ​អាច​ចូល​មើល​កម្សាន្ត និង​ថតរូបភាព​ផ្សេងៗ​ដែល​ក្នុងនោះ​មាន​រូបភាព​សិប្បនិម្មិត​តួ​ប៉ម​ប្រាសាទ​នគរបាជ័យ ដែល​ធ្វើឡើង​អំពី​ស្នោ ហើយ​ពុះ​តួប៉ម​ប្រាសាទ​ញែក​ចេញ​ជា​ ២ ​ចំណែក​ផងដែរ​។ ភោជនីយដ្ឋាន​ស្មៅ​ទន្លេ​នេះ​ស្ថិត​ក្នុង​ភូមិ​ទី​ ២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។

ទាក់ទង​នឹង​ការស្នើ​ឱ្យ​មាន​ការរុះរើ​តួប៉ម​សិប្បនិម្មិត​នេះ​លោក ប៉េង ឈុន ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២ កញ្ញា ថា លោក​កំពុង​ធ្វើ​រូបភាព​ថ្មី​សម្រាប់​ដាក់ជំនួស​រូប​ចាស់​ដោយសារ​លោក​មិន​ចង់ឱ្យមាន​បញ្ហា​អ្វី​ធំ​កើត​មាន​ឡើង​ទេ​។ ណាមួយ​លោក​គ្រាន់តែ​ចង់​ធ្វើឱ្យ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​សប្បាយ​ទាំងអស់​គ្នា ដោយ​មិន​ប៉ះពាល់​ដល់​អ្នកណា​ម្នាក់​ឡើយ​។

លោក​ប្រាប់​ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា សោកស្តាយ ដោយសារ​តែ​ការយក​ទៅ​ធ្វើការ​ពន្យល់ ធ្វើការ​បកស្រាយ​ផ្សេងគ្នា​ហើយ​កន្លែង​ខ្ញុំ​ជា​កន្លែង​ឯកជន​តូច​មួយ ដែល​ខ្ញុំ​ចូលចិត្ត​កែច្នៃ​ផ្សេងៗ​ដើម្បី​តម្រូវ​ចិត្ត​ខ្លួនឯង​ផង និង​សម្រាប់​ធ្វើឱ្យ​អ្នកដទៃ​សប្បាយ​ផង​»​។

លោក ប៉េង ឈុន បញ្ជាក់​ថា​នៅពេល​នេះ​លោក​កំពុង​ព្យាយាម​ធ្វើ​រូប​ថ្មី​ដែល​មិន​ប៉ះពាល់​ទៅ​ដល់​អ្នកណា​ទៀត​ឡើយ​៕