ឧត្តរមានជ័យ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឧត្តរមានជ័យ បាន​ទទួល​​វត្ថុ​បុរាណ​ចំនួន ៦ ដុំ ដែល​មាន​សសរ​ពេជ្រ​ចំនួន ២ ដើម និង​រូប​បដិមា​ចំនួន ៤ ដុំ ពី​ព្រះសង្ឃ​គង់​នៅ​វត្ត​រួតចំប៉ី ស្ថិត​នៅ​ភូមិ​រួតចំប៉ី សង្កាត់​អូរស្មាច់ ក្រុង​សំរោង ដើម្បី​យក​មក​ថែរក្សា​ទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ។

លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរមានជ័យ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១១ ឧសភា​នេះ​ថា មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរមានជ័យ​ទទួល​បាន​តែ​វត្ថុ​បុរាណ ៦ ដុំ​ពី​ព្រះសង្ឃ​គង់​នៅ​វត្ត​រួតចំប៉ី។

រីឯ ១០ ដុំ​ផ្សេង​ទៀត ត្រូវ​បាន​ចុះ​បញ្ជី​សារពើភ័ណ្ឌ​ធ្វើ​សលាកបត្រ​បុរាណ​វត្ថុ​នៅ​វត្ត​គីរីមង្គល (វត្ត​អូរស្មាច់) និង​បាន​ធ្វើ​លិខិត​ការ​ធានា​រក្សា​ទុក​បុរាណ​វត្ថុ​ជាមួយ​ចៅ​អធិការវត្ត​ ដែល​ធានា​រក្សា​ទុក​បុរាណ​វត្ថុ​ទាំង​នោះ​កុំ​ឲ្យ​បាត់បង់ ឬ​ខូចខាត​ដោយ​ប្រការ​ណា​មួយ។

មូល​ហេតុ​ដែល​ព្រះចៅ​អធិការវត្ត​គិរីមង្គល​មិន​បាន​ប្រគល់​មក​មន្ទីរ ដើម្បី​រក្សា​ទុក​នេះ គឺ​ព្រះចៅ​អធិការ​វត្ត​នេះ មាន​ជំនឿ​ទៅ​លើ​វត្ថុ​បុរាណ​ទាំង​នេះ។ ព្រះអង្គ​ទទួល​សុខ​សប្បាយ និង​រក្សា​ទុក​នៅ​ក្នុង​វត្ត។ ដូច្នេះ​មន្ទីរ​ក៏​បាន​ចុះ​បញ្ជី​សារពើភ័ណ្ឌ និង​កិច្ច​សន្យា​ជាមួយ​ព្រះចៅ​អធិការវត្ត​នេះ ជា​អ្នក​គ្រប់គ្រង។ ប៉ុន្តែ​បើ​ករណី​បាត់ ឬ​ខូចខាត ព្រះចៅ​អធិការ​វត្ត​នេះ នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក ហុង យឿន ថ្លែង​ថា៖ «វត្ថុ​បុរាណ​ទាំង ៦ ដុំ​នេះ មន្ទីរ​បាន​យក​មក​រក្សា​ទុ​កនៅ​ក្នុង​ឃ្លាំង ព្រោះ​យើង​មិន​ទាន់​មាន​សារមន្ទីរ​នៅ​ខេត្ត​នៅ​ឡើយ​ទេ។ យើង​បាន​ស្នើ​សុំ​ថវិកា ដើម្បី​សាងសង់​សារមន្ទីរ​ដែរ ប៉ុន្តែ​ដូច​ស្ងាត់​រហូត​មិន​ដឹង​ថ្ងៃ​ណា​បាន​ទេ។ ឥឡូវ​កូវីដ​ទៀត​ហើយ ១០ ដុំ​ផ្សេង​ទៀត​ឱ្យ​លោក​មើល​ថែ»។

លោក ហុង យឿន មិន​ទាន់​ដឹង​ប្រភព​នៃ​វត្ថុបុរាណ​ទាំង​នេះ ចេញ​មក​ពី​ប្រភព​ណា​មួយ និង​ឆ្នាំ​ណា​ដែល​បាន​កសាង​នោះ​ទេ ព្រោះ​មាន​ស្ថានភាព​បែកបាក់ និង​ទ្រុឌទ្រោម​បាត់​សភាព​ដើម។

ទាំង​ព្រះសង្ឃ​ក៏​ដូចជា​ពលរដ្ឋ ក៏​មិន​ដឹង​ដែរ ព្រោះ​មាន​ប្រជាពលរដ្ឋ​ដឹក​តាម​រទេះ​យក​មក​ទម្លាក់​ចោល​នៅ​ក្នុង​វត្ត។ ប៉ុន្តែ​មាន​វត្ថុ​បុរាណ​ចំនួន ២ (សសរ​ពេជ្រ) ចេញ​មក​ពី​ប្រាសាទ​ល្បើក​នៅ​ខេត្ត​ឧត្តរមានជ័យ។

បើ​តាម លោក ហុង យឿន វត្ថុ​បុរាណ​ទាំង​នេះ មាន​បំណែក​ជើង​តោ ក្បាលតោ ជើងតោ លិង្គ និង រូប​បដិមា ដែល​មាន​សភាព​ខូចខាត និង​បាត់​ទ្រង់ទ្រាយ​ដើម ដែល​ជា​ហេតុ​ពិបាក​ក្នុង​ការ​ជួសជុល។

លោក ហុង យឿន សន្និដ្ឋាន​ថា វត្ថុបុរាណ​ទាំង​នេះ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ថៃ កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ឈ្មួញ​ថៃ​មិន​ពេញ​ចិត្ត ព្រោះ​មាន​ស្ថានភាព​បែកបាក់ និង​បាត់​សភាព​ដើម ​ក៏​គេ​ទម្លាក់​ចោល​រាយ​ប៉ាយ។ ក្រោយ​មក​អ្នក​ស្រុក​ទៅ​ធ្វើ​ស្រែ ចម្ការ​ក៏​ប្រទះ​ឃើញ បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​ក្នុង​វត្ត៕