ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថាប្រសិនបើមានការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខរបស់កម្ពុជាលើកលែងតែគ្រឿងសព្វាវុធ (EBA) របស់សហភាពអឺរ៉ុប នឹងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជានោះទេ ខណៈក្រសួងនានារបស់កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយនោះ។
បន្ទាប់ពីសភាអឺរ៉ុបបានអំពាវនាវដល់គណៈកម្មការអឺរ៉ុបឱ្យពិនិត្យឡើងវិញនូវកាតព្វកិច្ចរបស់កម្ពុជាក្រោមអនុសញ្ញាក្នុងមាត្រា១៩នៃបទប្បញ្ញត្តិរបស់ EBA ឥឡូវនេះដំណើរការនីតិវិធីបាននិងកំពុងពិភាក្សាទាក់ទងនឹងឯកសារ ដោយត្រូវប្រើពេលប្រមាណ១ឆ្នាំហើយប្រសិនគេនៅតែមើលឃើញប្រទេសកម្ពុជាប្រព្រឹត្តផ្ទុយនឹងកាតព្វកិច្ចរបស់ខ្លួននៅក្រោមបទប្បញ្ញត្តិ EBA នេះ នោះប្រព័ន្ធអនុគ្រោះពន្ធនាបច្ចុប្បន្ននឹងត្រូវដកចេញជាបណ្តោះអាសន្ន។
ទោះយ៉ាងណា អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Daniel Rosario បានថ្លែងប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែតុលា នេះថា គិតត្រឹមថ្ងៃពុធ [១៧ តុលា] នេះ គណៈកម្មការអឺរ៉ុប មិនទាន់ប្រកាសជាផ្លូវការអំពីការចាប់ផ្តើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះនៅឡើយ គឺគណៈកម្មការកំពុងរៀបចំឯកសារនេះ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានថ្លែងថារដ្ឋាភិបាលត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
លោកថ្លែងថា៖«មានកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយរបស់គ្រប់ក្រសួងពាក់ព័ន្ធទាំងអស់។ យើងបានត្រៀមខ្លួនរួចរាល់ហើយនឹងដោះស្រាយមួយជំហានម្តងៗ។ នេះមិនមែនជាដំណាក់កាលចុងក្រោយនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទេ។ ដូច្នេះហើយមិនចាំបាច់ចេញផ្សាយផែនការអនាគតណាមួយនោះទេ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធទាំងអស់សម្រាប់ឆ្នាំ ២០២១»។
លោក ហេង សួរ បានលើកឡើងថា ប្រសិនបើមានការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបសម្រាប់ទំនិញកម្ពុជាមែន នោះ នឹងធ្វើឲ្យកម្ពុជាកាន់តែរឹងមាំតាមរយៈការពង្រឹង ស្ថាប័នសាធារណៈ ពង្រឹងផលិតភាព និងធនធានមនុស្ស ព្រមទាំងកាត់បន្ថយរនាំងរដ្ឋបាលមិនចាំបាច់មួយចំនួនដើម្បីធានាបាននូវការប្រកួតប្រជែងមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងយូរអង្វែងទៅលើវិស័យកាត់ដេរនេះ។
លោកបានបន្តថា ម្យ៉ាងទៀតការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះក៏មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានោះដែរ ពីព្រោះ ដោយស្វ័យប្រវត្តិ កម្ពុជានឹងបាត់បង់ភាពអនុគ្រោះពន្ធនេះ នៅអំឡុងឆ្នាំ ២០២១ ឬ ២០២៣ ដោយសារកម្ពុជានឹងក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបហើយ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិប្បតេយ្យកម្មករ កាត់ដេរកម្ពុជាបានថ្លែងថាវិធីសាស្ត្ររបស់ក្រសួងការងារនេះ នឹងជួយសម្រួលដល់ការនាំចេញផលិតផលវិស័យកាត់ដេរ ទៅទីផ្សារសហភាពអឺរ៉ុប បានពី ២០ ទៅ ៣០ ភាគរយ ខណៈបច្ចុប្បន្នកម្ពុជាបាននាំចេញ ប្រមាណ៤៥ ភាគរយ។
លោកថ្លែងថា៖ «នៅក្នុងឆ្នាំ ២០១៧ ផលិតផលកាត់ដេរផលិតបានត្រូវបានបញ្ជូនទៅកាន់សហភាពអឺរ៉ុប ចំនួនជាង ៤០ ភាគរយ។ ការបង្កើតបានអាជីវកម្មដូចបច្ចុប្បន្ន ដោយសារយើងទទួលបានការសម្របសម្រួល ១០០ ភាគរយ ប៉ុន្តែ បន្ទាប់មកយើងត្រូវដកចេញពី EBA ដូច្នេះពួកគេនឹងយកពន្ធពីយើងពី ៩ ភាគរយ ទៅ ១២ ភាគរយ»។
លោកបន្ថែមថា៖«យើងដែលជាសហជីពមានការព្រួយបារម្ភខ្លាំងណាស់ចំពោះកម្មករកម្មការិនីកាត់ដេរ ដោយសារតែកម្មករជាច្រើនធ្វើការនៅក្នុងឧស្សាហកម្មនេះ។ ពួកគេអាចប្រឈមនឹងការអត់ការងារធ្វើ និងគ្មានប្រាក់ចំណូល ដូច្នេះយើងមានការព្រួយបារម្ភខ្លាំងណាស់ ហើយច្បាស់ជាជួបការលំបាក»។
លោក អាត់ ធន់ បានទទូចដល់រដ្ឋាភិបាលកម្ពុជានិងសហភាពអឺរ៉ុបឱ្យបន្តកិច្ចចរចាដើម្បីកុំឲ្យមានការដកប្រព័ន្ធអនុគ្រោះពន្ធនេះ។
លោកបញ្ជាក់ថា៖ «ជំហរសំខាន់ៗ គឺភាគីពីរទាំងរដ្ឋាភិបាលនិងសហភាពអឺរ៉ុប។ ប្រសិនបើ ពួកគេទាំងពីរមិនមានការសម្រុះសម្រួលគ្នាហើយឈានទៅដល់ការដកប្រព័ន្ធអនុគ្រោះពន្ធ នោះពួកយើងដែលជាសហជីពមិនអាចធ្វើអ្វីបានទេឧទាហរណ៍ការបង្កើតការងារថ្មីសម្រាប់កម្មករគឺវាពិតជាពិបាកណាស់សម្រាប់កម្មករហេតុដូចនេះហើយទើបយើងទទូចឱ្យរដ្ឋាភិបាលបន្តកិច្ចសន្ទនាជាមួយសហភាពអឺរ៉ុបពីព្រោះវានឹងជួយដល់ប្រទេសកម្ពុជារបស់យើងបានច្រើន»។
ប្រសិនបើមិនមានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ធ្វើឲ្យកម្ពុជាចំណេញពន្ធបានប្រមាណ ៦៧៦ លានដុល្លារក្នុងមួយឆ្នាំៗ។
គួររំឭកថា កាលពីឆ្នាំ ២០១៧ កន្លងទៅ កម្ពុជាបាននាំចេញផលិតផលវិស័យកាត់ដេរទៅកាន់ទីផ្សារ សហភាពអឺរ៉ុប ដែលមានតម្លៃជិត ៤ ពាន់លានដុល្លារ ព្រមទាំងបានជួយផ្តល់ការងារដល់កម្មករជាង ៤០ ម៉ឺននាក់។ ប៉ុន្តែ រហូតមកទល់បច្ចុប្បន្ន វិស័យវាយនភ័ណ្ឌត្រូវបានប៉ាន់ប្រមាណថា បានជួយការងារដល់កម្មករប្រមាណ ៨០ ម៉ឺននាក់ ៕ NS