ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ម្សិលមិញ​បាន​បិទ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស ដោយ​បាន​អនុម័ត​លើ​កម្មវិធី​នយោបាយ​របស់​គណបក្ស​សម្រាប់​ការ​កសាង និង​ការពារ​មាតុ​ភូមិ​ឆ្នាំ ២០១៨-២០២៣ ខណៈ​ដែល​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី​​ ២៩ ខែ​កក្កដា ឆ្នាំ​២០១៨​។

មហាសន្និបាត​បាន​បោះឆ្នោត​បំពេញ​បន្ថែម​សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​ចំនួន​ ៣៤២ នាក់ ដែល​ធ្វើ​ឲ្យ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​នយោបាយ​របស់​បក្ស​កាន់​អំណាច​មាន​ចំនួន​ ៨៦៥ ​រូប ដែល​លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រៀប​ធៀប​ថា ជា​ការ​ចាក់​បញ្ចូល​ឈាម​ថ្មី​ដើម្បី​ជំរុញ​ការ​ស្ដារ ​កសាង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​និង​ការពារ​មាតុភូមិ​។

លោក​ថ្លែង​ថា​៖«​យើង​រក្សា​កម្លាំង​ចាស់ ហើយ​យើង​នឹង​បង្កើន​ឈាម​ថ្មី​ដើម្បី​នឹង​គួប​ផ្សំ​គ្នា​ទៅជា​សកម្មភាព​មួយ​ដ៏​រឹងមាំ​សម្រាប់​អនុវត្ត​តួនាទី​ភារកិច្ច​ដែល​បាន​ដាក់​ចុះ​ដោយ​មហា​សន្តិ​បាត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​គុណភាព​និង​បម្រើ​ពិត​ដល់​ប្រជា​ពលរដ្ឋ​ដែល​លោក​ត្រូវ​ការ វា​ជា​ការ​បញ្ចូល​ឈាម​ថ្មី​និង​ឈាម​ដែល​មាន​ស្រាប់​នេះ​ឲ្យ​កាន់តែ​បង្កើន​នូវ​ប្រសិទ្ធភាព​ការងារ​និង​គុណភាព​ការងារ​»​។

លោក​សុខ ឥសាន ថ្លែងថា​៖«​យើង​មិន​គិត​ពី​ក្បាល​ម៉ាស៊ីន​ធំ​តូច​ទេ​គឺ​យើង​គិត​តែ​ធ្វើ​ម៉េច​ឲ្យ​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធិ​ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​»​។

លោក ឥសាន អះអាង​ថា សមាស​ភាព​សមាជិក​គណៈ​កណ្តាល​ថ្មី​គឺ​វា​ស្ថិត​នៅ​ក្នុង​សែ​ស្រឡាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​មិន​អាច​យក​សែ​ស្រឡាយ​ចេញ​ពី​គណបក្ស​ប្រឆាំង​ឬមួយ​គណបក្ស​ផ្សេងៗ​បាន​ទេ ពីព្រោះ​បើ​ធ្វើ​ដូច្នេះ​នឹង​រំលោភ​សិទ្ធិ​គណបក្ស​គេ​ដទៃ ហើយ​មិន​បាន​គិត​ថា​ភ្ជាប់​សែ​ស្រឡាយ​ឬ​សាច់​ញាតិ​ឯកឧត្តម ​ឬ​ «​លោក​ជំទាវ​» ​ណា​ទេ គឺ​ផ្អែក​ទៅ​លក្ខណ​សម្បត្តិ​ដែល​តម្រូវ​ដោយ​លក្ខន្តិកៈ​របស់​គណ​បក្ស បើ​បង​ប្អូន​ណា​គ្រប់​លក្ខណ​សម្បត្តិ​ដែល​តម្រូវ​ដោយ​លក្ខន្តិកៈ​បក្ស ត្រូវ​មហា​សន្តិ​បាត​បោះឆ្នោត​គាំទ្រ​ដើម្បី​ឲ្យ​បញ្ចូល​ជា​សមាជិក​។​គ្មាន​ការបង់​លុយ​ដើម្បី​ក្លាយ​ជា​សមាជិក​នោះ​ទេ។

យោង​តាម​សេចក្ដី​សម្រេច​នៃ​មហា​សន្និបាត​បាន​ឲ្យ​ដឹងថា​ ៖ «​ក្នុង​គោលដៅ​លើក​កម្ពស់​សមត្ថភាព​ដឹក​នាំ​របស់​គណបក្ស ឲ្យ​ស្រប​ទៅ​នឹង​សំណូមពរ​នៃ​សភាពការណ៍​និង​ការ​កិច្ច​នា​ដំណាក់​កាល​ថ្មី​នេះ មហាសន្និបាត​សម្រេច​កែ​សម្រួល​រចនា​សម្ព័ន្ធ​នៃ​គណៈកម្មាធិការ​កណ្ដាល​ពី​ចំនួន ៥៤៥ ​រូប​ដល់ ៨៦៥ ​រូប​ដោយបាន​លុប​ឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ដែល​ទទួល​មរណភាព​ចំនួន ​២២ រូប​និង​បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ចំនួន​៣៤២​រូប​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែល​ត្រូវ​បាន​ជ្រើស​តាំង​បន្ថែម​ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​ដែរ​នោះ​ថ្លែង​ថា នេះ​គឺជា​បន្ទុក​ដើម្បី​បំពេញ​ការងារ​ជូន​បក្ស​និង​ជូន​ប្រជាជន​ក៏​ដូច​ជា​ប្រទេស​ជាតិ​។

លោក​ថ្លែងថា​៖«​យើង​ដើរ​តួនាទី​សំខាន់​។ ធម្មតា​កាល​ណា​នារី​ម្នាក់​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ត្រូវ​យក​ចិត្ត​នារី​ហ្នឹង​ដើម្បី​ឲ្យ​នារី​ហ្នឹង​ពេញ​ចិត្ត​ដូចគ្នា​ហ្នឹង នៅ​ពេល​ដែល​បក្ស​មាន​ការ​ទុក​ចិត្ត​យើង​នឹង​ខំ​ធ្វើ​ការ​ទ្វេដង​ដើម្បី​បម្រើ​ប្រទេស​ជាតិ​ក៏​ដូច​ជា ប្រជាជន​ដែរ​។ នៅ​ពេល​ដែល​បក្ស​បាន​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឲ្យ​ខ្ញុំ ខ្ញុំ​រឹត​តែ​បារម្ភ​ពីព្រោះ​ការងារ​ច្រើន​ណាស់​ចង់​កែរ​ប្រែ​ក្នុង​សង្គម​នេះ​»​។

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ដែល​ជា​សមាជិក​ថ្មី​ដែរ​នោះបាន​ថ្លែងថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​។ ខ្ញុំ​ប្តេជ្ញា​ក្នុងការ​ចូល​រួម​ថែរក្សា​សន្តិភាព ជូន​ប្រទេស​ជាតិ​របស់​យើង​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​នៅពេល​យើង​បាន​ចូល​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​»​។

លោក ឥសាន ថ្លែងថា ការ​បន្ថែម​សមាជិក​ថ្មី​គឺជា​ការ​បញ្ចូល​ឈាម​ថ្មី​លើ​កម្លាំង​ចាស់​ដែល​មាន​ស្រាប់​សម្រាប់​អនុវត្ត​គោល​នយោបាយ​ដែល​សម្រេច​ដោយ​មហា​សន្និបាត​ឲ្យ​មាន​ប្រសិទ្ធ​ភាព និង​គុណភាព​ដើម្បី​បម្រើ​ប្រទេស​ជាតិ​។

មហា​សន្និបាត​បាន​កត់​សម្គាល់​ផង​ដែរ​ចំពោះ​ឧបាយកល​បដិវត្តន៍​ពណ៌​របស់​អតីត​បក្ស​ប្រឆាំង​ដែល​ជ្រោម​ជ្រែង​ដោយ​មជ្ឈដ្ឋាន​អ្នក​ពី​ខាង​ក្រៅ ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ត្រូវ​បាន​រាំង​ស្កាត់​ទាន់​ពេល​វេលា​តាម​រយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់​និង​មាន​ប្រសិទ្ធភាព​។

មហា​សន្និបាត​បាន​បញ្ជាក់​ថា​៖ «​យើង​បាន​ការពារ​យ៉ាង​រឹងមាំ​នូវ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ រក្សា​បាន​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ឯកភាព​ជាតិ ព្រម​ទាំង​ធានា​ឲ្យ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​នៅ​កម្ពុជា​កាន់​តែ​បន្ត​រីក​ចម្រើន​ទៅ​មុខ​តាម​គន្លង​ដ៏​ត្រឹម​ត្រូវ​»​។

ខណៈ​មិន​មែន​ជា​រដ្ឋ​ឯក​បក្ស​កុម្មុយនីស្ត​សុទ្ធសាធ គណបក្ស​ប្រជាជន​កម្ពុជា រចនា​សម្ព័ន្ធ​ដែល​ទទួល​បាន​ពី​កុម្មុយនីស្ត​សម្រាប់​គណបក្ស​របស់​ខ្លួន សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​មាន​ចំនួន​ច្រើន​ជាង​សមាជិក​គណៈកម្មាធិការ​របស់​បក្ស​កុម្មុយនីស្ត​ចិន ដែល​មាន​សមាជិក​ចំនួន​២០៥​រូប​និង​វៀតណាម​ដែល​មាន​ ១៧៥ រូប​។

លោក Paul Chambers សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Naresuan ក្នុង​ប្រទេស​ថៃ បាន​ថ្លែង​ថា ការ​បន្ត​បុព្វសិទ្ធិ​ទាំង​នេះ គឺ​ចាំបាច់​ដើម្បី​ឲ្យ​មាន​ភាព​ស្មោះត្រង់​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​វា​ជា​កន្លែង​សម្រាប់​ផ្តល់​រង្វាន់​ដល់​អ្នក​ដែល​ធ្វើ​ការងារ​សកម្ម​គាំទ្រ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទូទៅ​គោរព​ទៅ​តាម​គណបក្ស​និង​រដ្ឋាភិបាល​»​។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក អ៊ូ វីរៈ បាន​ថ្លែង​ថា ខណៈ​សារៈ​សំខាន់​នៃ​គណៈ​កម្មាធិការ​កណ្តាល​ធ្លាក់​ចុះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គឺជា​គណៈកម្មាធិការ​ដែល​រក្សា​ការ​តាម​ដាន​។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​គឺជា​គណៈកម្មាធិការ​ជាន់​ខ្ពស់​បំផុត​របស់​គណ​បក្ស​កាន់​អំណាច​និង​ដាក់​ដោយ​មន្ត្រី​ចាស់ៗ​របស់​គណបក្ស​និង​ប្រធាន​ស្ថាប័ន​ដែលមាន​អំណាច​បំផុត​ក្នុង​ប្រទេស​។

លោក វីរៈ បាន​ថ្លែង​បន្ត​ថា​៖ «​អ្នក​អាច​រំពឹង​ឃើញថា​កូនប្រុស​និង​កូនស្រី នឹងត្រូវ​បាន​ដំឡើង​ឋានៈ​យ៉ាង​លឿន​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាងមុខ​។ កូនប្រុស​នឹង​មាន​ច្រើន​ទៀត​ដែល​ត្រូវ​និយាយ​»​។

លោក​បាន​ថ្លែង​ដូច្នេះ ដោយ​សំដៅទៅ​កូន​របស់​សមាជិក​មន្ត្រី​ជាន់​ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​និង​កូន​ប្រុស​៣​នាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៕ PS