ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានបង្ហាញបំណងចង់ឲ្យមន្ត្រីនគរបាលដែលឈរជើងនៅរាជធានីភ្នំពេញធ្វើតេស្តពិនិត្យទឹកនោមរកសារធាតុញៀនដើម្បីបង្ការកុំឱ្យមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនដែលច្បាប់ហាមឃាត់។
លោក ស ថេត បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោកមិនទាន់បានកំណត់ពេលជាក់លាក់ដើម្បីពិនិត្យទឹកនោមមន្ត្រីនគរបាលរកសារធាតុញៀននៅឡើយទេដោយលោកគ្រាន់តែបញ្ជាក់ថានឹងធ្វើនៅពេលវេលាសមស្របណាមួយ។
យ៉ាងណាក្ដី លោកមិនជឿថាមន្ត្រីនគរបាលរបស់លោកណាម្នាក់កំពុងស្ថិតក្នុងការប្រើប្រាស់គ្រឿងញៀនឡើយ ព្រោះមុនពួកគេប្រឡងចូលក្របខ័ណ្ឌគឺតែងមានការពិនិត្យទឹកនោមរកសារធាតុញៀនជាមុន។
លោកថា៖ «ប៉ុន្តែចូលក្របខ័ណ្ឌហើយអាចមានបុគ្គលតិចតួច អាចថាមាន (ការប្រើប្រាស់គ្រឿងញៀន) អាហ្នឹងជារឿងមួយផ្សេង។ អ៊ីចឹង (បំណងធ្វើតេស្តទឹកនោម) យើងគ្រាន់តែអប់រំជាមុន មិនមែនយើងសង្ស័យមន្ត្រីនគរបាលយើងពាក់ព័ន្ធនឹងបញ្ហានេះទេ យើងគ្រាន់តែបង្ការ និងឱ្យ (នគរបាល) ចៀសវាង»។
បើតាមលោក ស ថេត ប្រសិនបើការធ្វើតេស្ដទឹកនោមលើមន្ត្រីនគរបាលហើយរកឃើញសារធាតុញៀន នោះពួកគេនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ។
ការប្រកាសរបស់លោក ស ថេត នេះបានធ្វើឡើងស្របពេលដែលកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញបញ្ជាឱ្យមន្ត្រីនគរបាលទាំងអស់ត្រូវបំពេញតួនាទីតាមវិជ្ជាជីវៈ និងស្អាតស្អំ ដោយមិនត្រូវពាក់ព័ន្ធនឹងករណីបទល្មើសគ្រឿងញៀន ដូចជា ការជួញដូរ ចែកចាយ និងលក់ដូរគ្រឿងញៀនឡើយ។
ការព្រមានរបស់លោក ស ខេង នេះ បានធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបបានគ្រឿងញៀនជិត ៥០ គីឡូដ៏កក្រើកមួយនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុករបស់ឧកញ៉ា គិត ធាង និងក្រោយមកបានរកឃើញមន្ត្រីនគរបាលម្នាក់ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះដែលកំពុងស្ថិតក្នុងការតាមចាប់ខ្លួន។
លោក ឆាយ គឹមខឿន មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញដែរថា មន្ត្រីនគរបាលម្នាក់ដែលពាក់ព័ន្ធករណីគ្រឿងញៀននៅក្លិបកម្សាន្តរ៉ុកនោះគឺមកទល់ពេលនេះមិនទាន់មកបង្ហាញខ្លួនឬតាមចាប់ខ្លួនបាននៅឡើយទេ។ លោកថា៖ «យើងកំពុងបន្តតាមចាប់ខ្លួន»។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាយល់ឃើញថា ការធ្វើតេស្ដទឹកនោមរកសារធាតុញៀនពីមន្ត្រីនគរបាលគឺជាគំរូល្អ ប៉ុន្តែលោកចង់ឃើញការធ្វើតេស្ដនេះត្រូវអនុវត្តឱ្យបានទូលំទូលាយចាប់ពីមន្ត្រីនគរបាលថ្នាក់ជាតិ រហូតដល់មន្ត្រីនគរបាលរដ្ឋបាលនៅតាមឃុំសង្កាត់។
លោកថា៖ «ពួកគេជានគរបាលដែលត្រូវបង្ក្រាបគ្រឿងញៀន និងបទល្មើសដែលបង្កឡើងពីគ្រឿងញៀនក៏ដូចគ្រឿងស្រវឹងជាដើម។ ក្រៅពីនោះយើងក៏ចង់ឃើញកងកម្លាំងប្រដាប់អាវុធទាំងអស់បង្ហាញភាពជាគំរូល្អនេះដែរ»។
ទោះជាយ៉ាងណា លោក ស ថេត អះអាងថា លោកពុំទាន់ដឹងអំពីវិធានការរបស់អគ្គស្នងការនគរបាលជាតិដែលចង់ឱ្យមន្ត្រីនគរបាលនៅទូទាំងប្រទេស ធ្វើតេស្ដទឹកនោមរកសារធាតុញៀននោះឡើយ៕