ភ្នំពេញៈ ក្រុម​អ្នកសិក្សា​ផ្នែក​ការ​អភិវឌ្ឍ​សង្គម បាន​ជំរុញ​ឲ្យ​យុវ​ជន​ ត្រូវ​ខិត​ខំ​កសាង​ខ្លួន​ ឲ្យ​ក្លាយ​ទៅ​ជា​តួអង្គ​មាន​តម្លៃ និង​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម ដើម្បី​កុំ​ឲ្យ​ក្លាយ​​ទៅ​ជា​​ជន​រងគ្រោះដោយ​សារ​តែ​​អ្នក​នយោ​​បាយ​ខណៈ​​មានការ​កត់​សម្គា​ល់​ថា ក្នុង​ចំណោម​យុវជ​ន​កម្ពុជា​ប្រមាណ​ ៥​ លាន​នាក់ ៨០ ភាគ​រយ​នៃ​ពួកគេ គឺ​ជា​អ្នក​ដែល​គ្មាន​ចំណេះ ​គ្មាន​ជំនាញ​ពិត​ប្រាកដ​នោះ​ទេ។

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​លើកឡើង​​នៅ​ក្នុង​​វេទិកា​យុវជន​ស្តីពី «ឥទ្ធិពល​នៃ​ការវិវឌ្ឍ​ស្ថានភាព​នយោ​បាយ​បច្ចុប្បន្ន​​ទៅលើ​យុវជន​» ​រៀបចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YR​D​P) នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យដែល​មាន​ព្រះ​សង្ឃ និង​យុវជន​ជាង ២០០ អង្គ/នាក់ មកពី​​ភ្នំពេញ ខេត្ត កំពង់ចាម និង​បាត់ដំបង​ចូលរួម។

លោក ឈ​ត ប៊ុនថង ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​លើក​ឡើង​​នូវ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ការវិវត្ត​ស្ថានការណ៍​នយោ​បាយ នៅ​ក្នុង​សង្គម​ខ្មែរ​ ម្ដង​តឹង​ម្ដង​ធូរ​ចាប់​​តាំង​ពី​ឆ្នាំ​ ១៩៩៣ មក​ដល់​បច្ចុប្បន្ន។

លោក​បន្តថា​៖​​ «យុវជន​ជាអ្នក​តាម​ដាន​ព័ត៌មាន​ ប្រាកដ​ជាដឹង​ហើយ​ថា ​ស្ថាន​ការ​ណ៍នយោបាយ​ ​យ៉ាង​ម៉េច មក​ដល់​សព្វ​ថ្ងៃនេះ។ តាម​រយៈវីដេអូ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ មហាជនបាន​សម្ដែង​ការ​ព្រួយបារម្ភ​ ដោយ​សារ​​តែ​គាត់​ឃើញ​អ្នក​ន​យោ​បាយ​របស់​យើង​ មិន​ទាន់​ចុះ​សម្រុង​គ្នា បែក​បាក់​គ្នា»។

លោក​នៅតែ​ចាត់ទុក​ថា យុវជ​ន​ជា​កម្លាំង​សំខាន់​ក្នុងការ​​ដោះ​​ស្រាយ​បញ្ហា​ប្រទេស​ជាតិ។

លោកបន្ដ​​ថា៖ «ពេល​យុវជន​ខ្លាំងអ្នក​នយោ​បាយ​​នឹង​ព្យាយា​ម​​ធ្វើ​គោល​នយោ​បាយ​ ដែល​នឹង​បម្រើ​ផល​ប្រយោជន៍​ដល់​យុវជន​។​ ដូច្នេះ​យុវ​ជន​ត្រូវ​ធ្វើ​ខ្លួន​ឯង​ឲ្យក្លាយជា​តួអង្គ​ដែ​ល​មាន​តម្លៃ និង​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម»។

លោក​បន្ថែមថា​៖​ «ផ្ទុយទៅវិញ បើ​យុវជន​មិន​​ព្រមធ្វើ​ឲ្យ​ខ្លួនឯង ក្លាយ​​ជា​តួអង្គ​​មានតម្លៃ​ទេនោះ យុវជន​នឹង​ក្លាយជា​ជន​រង​គ្រោះ​ ដោយ​សារ​តែ​អ្នក​នយោបាយ»។

លោក មាស នី អ្នកវិភាគ​បញ្ហា​សង្គម បាន​រំឭក​ពាក្យ​បុរាណ​ខ្មែរ ​ដែល​បាន​លើកឡើង​ថា «ទំពាំង​ស្នង​ឫស្សី»។

លោក​ចោទ​សួរថា តើ​ទំពាំង​ស្នង​ឫស្សី​ មាន​ទិដ្ឋភាព​ដូច​ម្តេ​ច​ នៅ​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន។ លោ​ក​ចោទ​សួរ​ថា​​ តើ​យុវជន​ក្នុង​ពេល​​បច្ចុប្បន្ន​ ត្រូវបាន​អ្នក​នយោបាយ​ ដែលជាអ្នក​ជំនាន់​មុន​ផ្តល់ឱកាស​គ្រប់​គ្រា​ន់​ដើ​ម្បី​ឲ្យ​លូត​លាស់​​ផុតពី​ឫស្សី​ហើយ​ឬ​នៅ? លោក​បាន​ប្រៀបធៀប​ពីភាពខ្លាំង​ របស់​ប្រទេស​សិង្ហ​បុរី​ ដែល​បើទោះជា​សិង្ហ​បុរី​ជា​ប្រទេស​តូច និង​មាន​ពលរដ្ឋ​តិច​ក្តី តែ​ប្រទេស​នេះ ក៏​អាច​ក្លាយជា​ប្រទេស​ខ្លាំង​បានដែរ ​នាពេល​បច្ចុប្បន្ន ដោយ​សារ​តែ មេដឹកនាំ​របស់គេ​ បាន​ដឹក​នាំ​ដោយ​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ។

លោក​កត់សម្គាល់​ថា កត្តា​សំខាន់បំផុត​មួយ​ ដែល​ធ្វើ​ឲ្យ​សិង្ហ​​បុរី​ ក្លាយជា​ប្រទេស​រីក​ចម្រើន​​​រហូតមកទល់​សព្វថ្ងៃដោ​យ​​សារតែ​ថ្នាក់ដឹកនាំ​របស់​គេ​ បាន​​ចំណាយធនធាន​ជាច្រើន​ ទៅលើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ ជាពិសេសការ​អភិវឌ្ឍ​ចំណេះដឹង​របស់​យុវជន ព្រោះ​ថា នៅ​ពេល​ដែល​​ពលរដ្ឋ​ជា​ពិសេស​យុវជន​ មាន​ចំណេះ​​​ដឹង​​គ្រប់គ្រាន់ ពេល​នោះ​ហើយ​ ដែលវា​មានការ​ងាយស្រួល​ ក្នុងការ​អភិវឌ្ឍ​សង្គម។

លោក​អះ​អាង​ថានៅ​ប្រទេ​ស​​ កម្ពុជា យុវ​ជន​មាន​ជាង ៥ លាន​នាក់​ ក្នុងចំណោម​ពលរដ្ឋ​សរុប​ប្រមាណ ១៦ លាន​នាក់ ប៉ុន្តែ​ប្រមាណ ៨០ ភាគរយ នៃ​យុវជន​ទាំងនោះ គឺជា​អ្នក​ដែល​គ្មាន​ចំណេះ​ គ្មាន​ជំនាញពិត​ប្រាកដ ដែល​ដូច្នោះ​ហើយ​ទើប​មាន​ការ​ពិបាក​ក្នុងការ​អភិវឌ្ឍ​សង្គម។

លោក មាស នី​ សង្កត់​ធ្ងន់​ថា៖ «បញ្ហា​សង្គម​ផ្សេងៗ​ទៀត​ កំពុង​តែ​ធ្វើ​ឲ្យ​កម្លាំង​យុវជន​កាន់តែ​ចុះ​ទន់​ខ្សោយ​ថែម​ទៀត ក្នុង​នោះ​មាន​ដូច​ជា​បញ្ហា​គ្រឿង​ញៀនការ​ប្រើ​ប្រា​ស់​​គ្រឿង​ស្រវឹង ការ​លាប​ពណ៌​គ្នា​ រវាង​អ្នក​នយោបាយ និង​យុវ​ជន​​គ្នាឯង​ជាដើម»។

លោក​យល់​ថា បើ​យុវជន​ដែលជា​អ្នកជំនាន់ក្រោយ​ នៅ​តែ​បន្ត​លាប​ពណ៌​គ្នា នោះ​យុវជន​ នឹង​មិន​អាច​លូត​លាស់​ល្អ​ ក្នុង​នាម​ខ្លួន​ជា​ទំពាំង​ដើម្បី​ទៅ​ស្នង​ឫស្សី​​បាន​នោះទេ។

កញ្ញា លី ស្រី​ស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ បាន​លើក​ឡើង​ពីគំរូ​វីរភាព​របស់​លោក​ កែម ឡី ​ដែល​កញ្ញា​ថា​លោក ​កែម ឡី ​បាន​ក្លាយ​ជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​ ដែល​បាន​ជំរុញ​ទឹកចិត្ត​យុវជន ​ឲ្យ​ចូលរួម​ក្នុងការ​ឈឺ​ឆ្អាល​គិតគូ​រពី​​បញ្ហា​សង្គម​ជាតិ។

ចំពោះ​ស្ថាន​ការណ៍​នយោ​បាយ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​ កញ្ញា​យល់​ថា អ្នក​នយោ​បាយ​ខ្មែរ​ ពុំបាន​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​ជាតិ​​សំខាន់​ៗ​នៅ​ឡើយ​ ដោយ​បន្ត​ទុក​ឲ្យ​បញ្ហានយោបាយ​នៅជាប់គាំង​រហូតមកដល់​បច្ចុប្បន្ន​។ ​«​អ្នក​នយោ​បាយ​ហាក់​ពុំ​សូវ​មាន​ពេលវេលា​មកគិតគូរ​ពី​រឿង​គោល​នយោបាយ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធំៗរបស់​ប្រទេស​​ជាតិ​ដែល​កំពុង​តែ​ប្រឈម​នោះ​​ទេ»។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា យុវជន​ ជា​កម្លាំង​ចលករក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច​។ លោក​លើក​ឡើងថា ដោយ​សារ​តែ​ដូច្នេះ​ហើយ​ ទើប​​យុទ្ធសាស្រ្ដចតុកោណ​ដំណាក់​កាលទី ៤ របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្រ្ដ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣ ក្រសួង​អប់រំ​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ដ​កំណែ​ទម្រង់វិស័យ​អប់រំ​ធំៗ​ចំនួន​ ៤​ មាន​យុទ្ធសាស្រ្ដ​កំណែ​​​ទម្រង់​ការ​គ្រប់​គ្រង់​អប់រំ យុទ្ធសាស្រ្ដ​កំណែ​ទម្រង់​កម្រិត​ឧត្ដម​​សិក្សា យុទ្ធសាស្រ្ដ​កំណែទម្រង់​ការ​អភិវឌ្ឍ​យុវជន និង​យុទ្ធសាស្រ្ដ​កំណែ​ទម្រង់​ការ​អប់រំ​កាយ​ និង​កីឡា។

លោក​​​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីម្សិល​មិញ​ថា​៖ «យុ​ទ្ធ​​​សាស្រ្ត​​អភិវឌ្ឍ​យុវជនយើង​មា​ន​ខ្លឹម​សារ​សំខាន់ៗ ផ្ដល់​​ឱកា​ស​ឱ្យ​យុវជន ទទួល​បាន​នូវ​ការអប់រំ និង​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈប្រកប​ដោយ​គុណភាព និង​សមធម៌ និ​​ង​​ការ​លើក​ទឹក​ចិត្ដ​យុវជន​ឱ្យ​មាន​គំនិត​ផ្គួច​ផ្ដើមគំនិត​ច្នៃ​ប្រឌិ​ត គំនិត​បង្កើត​ថ្មីនិង​ស្មារតី​សហគ្រិន​ភាព»។

លោក​​​ថា​៖ «យើង​ក៏​មានយុទ្ធសាស្រ្ដ​ក្នុង​ការ​អភិវ​ឌ្ឍ​យុវជន​ឱ្យ​មាន​កាយ​សម្បទា ចំណេះ​ដឹង ចំណេះ​ធ្វើ សីលធម៌​រស់នៅល្អចេះ​រួម​រស់​ជាមួ​យ​​គ្នា​ដោយសន្ដិភាព​ និង​សុខ​ដុម​​​​​ណីយកម្ម​ និង​បង្កឱកាស​ឱ្យ​យុវជន​ចូលរួម​បញ្ចេញ​មតិ ទស្សនៈ និង​ធ្វើ​សេច​ក្ដីសម្រេច​ចិត្ដ​នានា​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ និង​សង្គម​ជាតិ​ និង​ការ ពង្រឹង​យន្ដ​ការ​គ្រប់​គ្រង និង​ពិនិត្យ​តាម​ដាន​កម្មវិធី​អភិវឌ្ឍ​យុវជន ទាំង​នេះជា​អាទិភាព​នៃយុទ្ធសាស្រ្ដ​កំណែ​ទម្រង់​យុវជន»។

យ៉ាង​ណា​ក៏​ដោយ យុវជន​​មួយ​ចំនួន​ ដែល​បាន​ឡើង​ថ្លែង​នៅ​ក្នុង​វេទិកា​កាល​ពី​ថ្ងៃ​អាទិត្យ​​​បាន​និយាយ​ថា ជុំវិញ​ស្ថាន​ភា​ព​​​នយោបាយ​នាពេល​បច្ចុប្ប​ន្ន ​​ដែល​មិន​មាន​ការ​ចុះ​សម្រុង​គ្នា​ រវាង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះ​ពា​ល់​ដល់​អ្នក​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ និង​យុវជនផង​ដែរ​​ពី​ព្រោះ​បញ្ហានយោបាយ​ នៅ​ក្នុងប្រទេស​កម្ពុជា មិន​មែន​ជា​រឿង​សម្រាប់​តែ​អ្នក​នយោ​បាយ​នោះ​​ទេ ប៉ុន្ដែ​​​វា​ក៏​ជា​រឿង​​​របស់​ប្រជាពលរដ្ឋ និង​យុវជន​ទូទាំង​ប្រទេស​ផងដែរ។

យុវជន សែ ​ឌីស៊ីម បាន​បញ្ចេ​ញ​​​ទស្សនៈជុំវិញ​រឿង​នេះ​ថា៖ «បើ​យុវជន​ត្រូវ​គេ​រឹត​ត្បិតមិន​មាន​ឱកាស​អនុវត្ដ​សិទ្ធិ​នយោ​បាយ​របស់​ពួកគេ អ៊ីចឹង​សង្គម​មួយ​នោះ​ នឹង​ពោរពេញ​ទៅដោយ​ការ​​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ ​វប្បធម៌​បិទ​មាត់ និង​គំរាម​កំហែ​ង​យុវជន​កុំ​ឱ្យ​បញ្ចេញ​គំនិត​ ឬ​ទស្សន និង​ការ​យល់​ឃើញ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម»។

យុវជន​រូបនេះ​បន្តថា​៖ «យុវ​ជ​ន​ជាសសរទ្រូង​របស់​ប្រទេស​ជា​តិ យុវជន​មាន​សក្កដានុពល​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ អ៊ីចឹង​បាន​នៅ​ប្រទេសគេ​ មាន​ការ​ខិត​ខំ​បណ្ដុះ​បណ្ដាល​យុវជ​ន និង​ផ្ដល់​ឱកាស​ផ្សេងៗ​ច្រើន​​ណា​ស់ដល់​យុវជនដើម្បី​បង្រៀ​​ន​យុវជន​។ អ៊ីចឹងខ្ញុំ​ចង់​ឱ្យ​ប្រទេ​ស​ខ្មែរ​យើង​ ប្ដូរ​មក​វិញ ដោយ​នាំ​គ្នា​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិប​​តេយ្យ បើក​ឱកាស​ដល់​យុវជន​ ឱ្យ​មាន​សិទ្ធិ​សេរី​ភាព​តាម​ច្បាប់​គ្រប់​បែប​យ៉ាង​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ»៕