បន្ទាយ​មាន​ជ័​យៈ ពលរដ្ឋ​ដែល​ចេញចូល និង​រកស៊ី​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​រិះ គន់​ជាថ្មី​ចំពោះ​ករណី​យក​លុយ​ពី​ពួក​គាត់​ច្រើន​លើស​លប់​ក្នុង​ការ​ធ្វើ​លិខិត​រដ្ឋបាល​ផ្សេងៗសម្រាប់​ចេញ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​មួយ​នេះ​ជា​អ្វី​ដែល​សង្គម​ស៊ីវិល​ថា​ជា​អំពើ​ពុក​រលួយ និង​ស្នើ​ចាត់​វិធានការ​បន្ទាន់​ឲ្យ​ស្រប​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី។

ថ្មីៗនេះ ពលរដ្ឋ​បាន​ផ្ទុះ​ការរិះគន់​លើ​មន្ត្រី​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ជុំវិញ​ករណី​មិន​ប្រក្រតី​ក្នុង​ការ​យក​លុយ​ច្រើន​ដោយ​ពលរដ្ឋ​បាន​បង្ហោះ​សកម្មភាព​ទាំង​នោះ​តាម​បណ្តាញ​សង្គម​ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍។

ក្នុង​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះថា Kito bong បាន​បង្ហោះ​ពី​ការ​យក​ថ្លៃ​ពន្ធ​គយ​ច្រើន​លើ​អីវ៉ាន់​របស់​គាត់​ដែល​ដឹក​តាម​រទេះ​រុញ​ដោយ​រិះគន់​ថា ការ​យក​ពន្ធ​បែប​នេះហើយ​ទើប​មន្ត្រី​ទាំង​នោះ មាន​បាន​ឆាប់​រហ័ស​បែប​នេះ។

លោក​បញ្ជាក់ថា៖ «ពូក ២ ចាប់​បង់ប្រាក់​ពន្ធ ១០ ម៉ឺន​រៀល​ក្រុង​ប៉ោយប៉ែត​អ៊ីចឹង​បាន​គយ​ដេក​ស៊ី​ឆ្អែត​ជិះ​ឡាន 570 ទំនើបៗ​ពេល​សុំ​លោក​គយ​បន្ធូរ​បន្ថយ​លោក​គយ​ថាបើ​គ្មាន​លុយ​បង់​ទុក​ពូក​ចោល​ទៅ​ចប់​មួយ​ម៉ាត់​នេះ។ នេះ​ត្រឹម​ពូក​សំឡី​ថ្លឹង ៣៤ គីឡូ​ចុះ​បើ​ពូក​រ៉ឺស័រ​ដែក​វិញ​ប៉ុន្មាន​គីឡូ​ទៅ​លោក​គយ​តែ​ខ្ញុំ​ព្រម​បង់​ជូន​ហើយ»។

ចំណែក​លោក ស៊ុំ រ៉េ​ន ជា​កម្មករ​អូស​រទេះ​ម្នាក់​រស់នៅ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​នេះបាន​កើត​តាំង​ពី​ឆ្នាំ​មុន រហូត​មក​ទល់​ដើម​ឆ្នាំ​នេះ​នៅ​តែ​បន្ត ដោយ​មាន​ការ​ចំណាយ​លុយ​លើស​ពី​ថ្លៃ​សេវា​ដែល​រដ្ឋ​កំណត់។​លោក​បន្ត​ថា ការ​ចំណាយ​លុយ​លើស​នេះ ពលរដ្ឋ​មិន​អាច​ប្រកែក​បាន​ទេ ព្រោះ​បើ​តវ៉ា​គឺ​នឹង​គ្មាន​សិទ្ធិ​ឆ្លង​កាត់​ច្រក​ទ្វារ​នោះ​ទេ។

លោក​ថា៖ «ដល់ពេល​យក​ច្រើនពេក​ទៅ ពួក​ខ្ញុំរ​ត់វា​មិន​រួច រក​វា​មិន​សល់ ណាមួយ​ចិញ្ចឹម​កូន ២-៣ នាក់​ទៀត ហើយ​ណាមួយ​ឥឡូវ​ទារ​ថ្លៃ​ណាស់​ទាំង​ខាង​គយ​ថៃ និង​គយ​ខ្មែរ។ បើ​យក​អ៊ឹ​ចឹងៗ​ងាប់​អស់​ហើយ​ពួក​ខ្ញុំ ពេល​ខ្លះ​ដល់​ទារ​ថ្លៃ​ពេក ពួក​ខ្ញុំ​គ្មាន​លទ្ធភាព​សុខ​ចិត្ត​ទុក​អីវ៉ាន់​ចោល»។

បើតាម​ការ​បង្ហោះតៗគ្នា​ដែលថាយក​សេវា​ច្រើន​លើស​លប់ និង​គ្មាន​ក្នុង​បញ្ជី​របស់​រដ្ឋ​នោះ​គឺ​ពលរដ្ឋ​ម្នាក់ៗត្រូវ​ចំណាយ​ប្រមាណ ៥០ បាត (លុយ​ថៃ) ឬ​ស្មើ​នឹង ៧០០០ រៀល​ក្នុង​ការ​ប្រថាប់​ត្រា​លើ​ប័ណ្ណ​ព្រំដែន​ចេញ​ពី​កម្ពុជា​ចូល​ទៅ​ថៃ​តាម​ច្រក​ប៉ោយប៉ែត។

ចំពោះ​ការ​ធ្វើ​លិខិត​បញ្ជាក់ ១ សន្លឹក​គឺ​មាន​តម្លៃ​ពី ២០០ បាត​ទៅ ៥០០ បាត ខណៈ​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​គល់​ស្ពាន​មិត្តភាព កម្ពុជា-ថៃ គឺ​ត្រូវ​ចំណាយ​លុយ ៣០០ បាត​ក្នុង ១ ខែ ចំណែក​អ្នក​រត់​ម៉ូតូ​កង់ ៣ ម្នាក់ ត្រូវ​ចំណាយ ៦០០ បាត​ក្នុង ១ ខែ និង​អ្នក​លក់​ចំណី​តាម​រទេះ​រុញ​ម្នាក់​ក្នុង ១ ខែ​ត្រូវ​បង់​លុយ​ចាប់​ពី ១ ៥០០-២ ០០០ បាត រហូត​ដល់ ៦ ០០០ បាត។

នៅពេល​ភ្នំពេញ​ប៉ុស្តិ៍​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ លោក ខឹម ចិត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​បដិសេធ​កាល​ពី​ថ្ងៃ​អាទិត្យ។ ប៉ុន្តែ​ថ្មីៗ​នេះ លោក​បាន​បកស្រាយ​ចំពោះ​មុខ​អ្នក​កាសែត និង​បាន​បង្ហោះ​តៗ​គ្នា​លើ​បណ្តាញ​សង្គម​ថា ការ​យក​លុយ​ពី​ពលរដ្ឋ​ក្នុង​ការ​ចេញ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​នេះ​គឺ​មាន​ចំនួន​តែ ១០០ រៀល​លុយ​ខ្មែរ​ប៉ុណ្ណោះ​ជា​ថ្លៃ​ក្រដាស​ធ្វើ​ឯកសារ ខណៈ​ការ​យក​ថ្លៃ​សេវា​ផ្សេងៗ​លោក​ថា ទាក់ទង​នឹង​ផ្នែក​ពន្ធគយ។

លោក ស៊ុំ ចន្ទ​គា មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​បន្ទាយ​មានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​អំពើ​ពុក​រលួយ​នៅ​ច្រក​ព្រំដែន​នេះ​បាន​កើត​យូរ​មក​ហើយ​តែ​គ្មាន​ស្ថាប័ន​ណា​ដោះស្រាយ​ទេ។

លោក​បន្ត​ថា​ការ​លើក​ឡើង​របស់​នាយ​ប៉ុស្តិ៍​ព្រំដែន​នេះ​គឺជា​រឿង​មិន​សម​ហេតុផល ព្រោះ​ជាទូទៅពលរដ្ឋ​តែង​ចំណាយ​មិន​ក្រោម ១០០ បាត​ទេ ក្នុង​ការ​ធ្វើ​ឯកសារ​ផ្សេងៗ​ឬ​ចេញ​ចូល​តាម​ច្រកទ្វារ​ទាំង​នេះ​ដែល​លោក​ថា​ដល់​ពេល​ហើយ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​មន្ត្រី​ពុក​រលួយ​ទាំង​នេះ។

លោក​បញ្ជាក់ថា៖ «អ្វីដែល​សំខាន់​អ្នក​ដែល​ធ្លាប់ធ្វើ​អំពើ​ពុក​រលួយ​ពី​មុន​គាត់​មាន​ការ​ភ័យ​ព្រួយ​ក្នុង​ពេលលោក ហ៊ុន សែន អនុវត្ត​អភិក្រម​ទៅ​កាន់​មន្ត្រី។​អ៊ីចឹង​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​លុះត្រា​តែ​មន្ត្រី​ខ្លួន​ឯង​ឈប់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ហើយ​មន្ត្រី​ថ្នាក់​លើ​ឈប់​កៀប​សង្កត់​ថ្នាក់​ក្រោម»។

លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​បាន​លើក​ឡើង​ថា ជាទូទៅ​គ្មាន​ច្បាប់​ឲ្យ​យក​លុយ​ទាំង​នេះ​ទេ តែ​ពួកគេ​យក​ទាំង​អស់​ហ្នឹង​ស្ទើរ​គ្រប់​ច្រក​ទ្វារ​ព្រំដែន បាន​យក​លុយ​ពី​ពលរដ្ឋ​រួច​ហើយលុយ​ទាំង​នោះ​ត្រូវ​បាន​ដាក់​ហោប៉ៅ​របស់​ពួកគេ។

លោក​ថា៖ «ខ្ញុំ​ដើរ​មើល​អស់ហើយ​គឺ​គ្រប់​ច្រក​ហ្នឹង​យកលុយ​ទាំង​អស់​យក​លុយ​សាហាវ​ណាស់​គឺ​ស្រស់ៗ​តែ​ម្តង​ពេល​ខ្លះ​អត់​មាន​លិខិត​ស្នាម​អី​ទេ។ ទាំង​នេះ​វា​ចូល​ជា​បទ​ល្មើស​ហើយ​ព្រោះ​នៅ​ពេល​ពលរដ្ឋ​មិន​ផ្តល់​លុយ​នោះ​ទេ​គឺ​មិន​ឲ្យ​ទៅ (ឆ្លងដែន)»។

លោក ឌិន ពុ​ទ្ធី និង​លោក ស៊ុំ ចន្ទគា ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​ករណី​ទាំង​នេះ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​និង​ធ្វើ​ឲ្យ​អ្នក​រង​ផល​ប៉ះពាល់​អាច​ទទួល​យក​បាន។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ប្រើប្រាស់​អភិ​ក្រម​ទាំង ៥ ចំណុច យ៉ាង​ម៉ឺង​ម៉ាត់​សាជា​ថ្មី គឺ ឆ្លុះកញ្ចក់ ងូត​ទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ ចំពោះ​អាណត្តិ​នេះ គឺ​ត្រូវ​តែ​មាន​ការ​កែ​ទម្រង់​ស៊ីជម្រៅ​បំផុត​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ម្ចាស់​ឆ្នោត​ពិត​ប្រាកដ។

លោក​បញ្ជាក់ថា៖ «ទោះជា​មន្ត្រី​មានឋានៈ​ប៉ុនណា បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយ​ក៏ដោយ ឲ្យ​តែ​បំពាន​ប្រយោជន៍​ប្រជាជន​គឺ​សម្តេច​ត្រូវ​តែ​អនុវត្ត​តាម​អភិក្រម​នេះ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​សេចក្តី​ទុក​ចិត្ត និង​មាន​ប្រសិទ្ធភាព​ខ្ពស់»។

ក្រោយ​ការប្រកាស​ទាំងនេះ គេសង្កេតឃើញ​មាន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​ត្រូវ​បាន​ដក​តំណែង និង​ខ្លះទៀត​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត។

លោក នួន បូ​ផល អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិន​ច្បាស់​ថា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ស៊ើប​អង្កេត​ករណី​នេះ​ទេ តែ​លោក​ថា ជាទូទៅ​ឲ្យ​តែមាន​តម្រុយ​គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​មាន​ចំណាត់ការ​ហើយ។

លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំ​មិន​ច្បាស់​ដែរ​តែ​តាមផ្លូវ​ច្បាប់​គឺ​មិនបាច់​មាន​ពាក្យ​បណ្តឹង​ទេ​គឺ​ឲ្យ​តែ​មាន​តម្រុយ​គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ស៊ើប​អង្កេត​ហើយ តែ​ខ្ញុំ​ក៏​មិន​ដឹង​ថា ឯកឧត្តម​ប្រធាន​គាត់​ស៊ើប​ឬ​មិន​ស៊ើប​ដែរ ព្រោះ​ជាទូទៅ​ទាល់​តែ​រឿង​គាត់​ផ្តល់​ឲ្យ​ខ្ញុំ​ទើប​ខ្ញុំ​ដឹង»។

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​មិន​អាច​ទាក់​ទង​បាន​ទេ​ដោយ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អាទិត្យ៕