ភ្នំពេញៈ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ស្នើ​ឲ្យ​មានការ​ផ្សះផ្សា​ជម្លោះ​រវាង​មន្ត្រី​គយ​ព្រែក​ចាក​ខេត្ត​កំពត​និង​ក្រុម​អ្នក​សារ​ព័ត៌មាន​ជិត ១០ នាក់​ តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​វិញ​ចៀសវាង​ប្រើប្រាស់​តាម​ផ្លូវ​តុលាការ​ដោយ​អះអាង​ថា កន្លង​ទៅ​ភាគី​ជម្លោះ​បាន​យល់ព្រម​បញ្ចប់​រឿង​រួច​ទៅ​ហើយ។

ការចេញ​សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើឡើង​បន្ទាប់​មាន​ពាក្យបណ្តឹង​ជា​ផ្លូវការ​មួយ​របស់ លោក យី ថុល ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ព្រែក​ចាក​ខេត្ត​កំពត បាន​ប្តឹង​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ចន្ទ ពីបទ​ជេរ​ប្រមាថ និង​ជ្រៀត​ជ្រែក​ដោយ​ខុសច្បាប់ ទៅ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន បន្ទាប់​ពី​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​ទំនាស់​ពាក្យ​សម្តី​រវាង​មន្ត្រី​គយ​រូបនេះ និង​ក្រុម​អ្នកកាសែត។

សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ចេញពី​ម្សិលមិញ​បាន​លើក​ឡើង​ថា បន្ទាប់​ពី​ឃើញ​ហេតុ​នៃ​ជម្លោះ​នេះ ខ្លួន​សូម​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ព្រមទាំង​ស្ថាប័ន​អនុវត្ត​ច្បាប់​ពិចារណា​ប្រើ

ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដើម្បី​អនុវត្ត​លើ​បណ្តឹង​ដែល​ពាក់ព័ន្ធ​អ្នក​សារ​ព័ត៌មាន និង​បាន​ស្វាគមន៍​ការ​ផ្សះផ្សា​ផងដែរ។

សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បញ្ជាក់​ថា៖ «សូម​យក​ឱកាស​នេះ ធ្វើការ​អំពាវនាវ​ដល់​អ្នក​សារ​ព័ត៌មាន មេត្តា​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន ជាពិសេស​នៅ​ពេល​ចុះ​យក​ព័ត៌មាន ដោយ​គប្បី​ចៀស​វាង​នូវ ការ​គំរាម​កំហែង ការ​បំពាន ការ​រារាំង​តួនាទី​សមត្ថកិច្ច មន្ត្រី​រាជការ​សាធារណៈ ព្រមទាំង​មិន​រំលោភ​បំពាន​លើ​រូបរាង​កាយ សិទ្ធិ តម្លៃ និង​អត្តសញ្ញាណ​បុគ្គល​ឯកជន»។

ទន្ទឹមនឹងនេះ ក៏បាន​ស្នើសុំ​ឲ្យ​ដល់ «អ្នកពាក់ព័ន្ធ រួមទាំង​មន្ត្រី​អង្គភាព​រដ្ឋ សូមមេត្តា​ចៀស​វាង​ការ​ប្រើ​ពាក្យ​សម្តី​ប្រមាថ ការ​ប៉ះពាល់​រាងកាយ ការ​ឆក់យក និង​បំផ្លាញ​សម្ភារ​ឧបករណ៍​យក​ព័ត៌មាន​នានា​របស់​អ្នក​សារព័ត៌មាន ដោយ​សហការ​ពេញ​លេញ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារ​ព័ត៌មាន ដើម្បី​រួមគ្នា​លើក​កម្ពស់ «សិទ្ធិ​ទទួល​បាន​ព័ត៌មាន» និង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​គុណ​ប្រយោជន៍​ដល់​សាធា​រណជន»។

លោក ម៉ាន់ បូ​រេ​ត ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការ​ខេត្តកំពត បាន​ឲ្យ​ដឹងថា ផ្នែក​រដ្ឋបាល​បាន​ទទួល​ពាក្យ​បណ្តឹង​នេះ​តាំងពី​ថ្ងៃ​ចន្ទ និង​បាន​បញ្ចូន​ទៅ​តំណាង​អយ្យការ​ដើម្បី​សម្រេច។ តែ​លោក​បញ្ជាក់​ថា ការ​សម្រេច​យ៉ាងណា​នោះ លោក មិន​អាច​បញ្ជាក់​បានទេ​គឺ​អាស្រ័យ​ទៅ​លើ​ស្ថាប័ន​អយ្យការ។

ចំណែក​លោក ខាន់ សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សុំណុំ​រឿង​នេះ បាន​មក​ដល់​ដៃ​ស្ថាប័ន​អយ្យការ​ហើយ តែ​មិន​ទាន់​បាន​ពិនិត្យ និង​សម្រេច យ៉ាងណា​នោះ​ទេ។

លោក​ថា៖ «យើង​ទើបតែ​បានទទួល​មិនទាន់បាន​ចាត់ចែង​យ៉ាងណាទេ ហើយ​ចំពោះ​សំណើ (ទម្លាក់​ចោល) នេះ»។

លោក សៅ បូ​ផាន់ មេធាវី​ការពារ​ក្តី​លោក យី ថុល បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ករណី​នេះ​លោក​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​ទាំង​ជិត​ ១០ នាក់​នោះ​តាម​ផ្លូវ​តុលាការ។

ជាមួយគ្នា​នោះ លោក​ក៏បាន បដិសេធ​តំណាង​ឲ្យ​កូនក្តី​ចំពោះការផ្សះផ្សា និង​សម្រប​សម្រួល​ក្រៅ​ផ្លូវ​តុលាការ​ណាមួយ ដែល​ចង់​បញ្ចប់​រឿងនេះ​ផងដែរ។

លោក​ថា៖ «ចំពោះ​ខាង​ក្រុម​មេធាវី​ខ្ញុំ ពួក​ខ្ញុំ​បាន​ប្រមូល​ភ័ស្តុតាង​ដាក់​ហ្នឹង​គឺ​បានធ្វើការ​ចោទ​ហើយ។ រឿង​ធ្វើ​ការ​ចរចា​បញ្ចប់​រឿង​អី​ខ្ញុំ​មិនអាច​ទទួល​ថា ត្រូវតែ​បញ្ចប់​យ៉ាង​ម៉េច​ទេ ព្រោះ​អី​ខាង​ស្ថាប័ន​គយ គេ​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើការ​រឿង​ហ្នឹង​ត្រូវតែ​ធ្វើការ​បើក​ការ​ចោទ​ប្រកាន់។​ចំពោះ​រឿង​សម្រប​សម្រួល​ខាង​ស្ថាប័ន​គយ​មិនបាន​ប្រាប់​ខ្ញុំ​ថា​ត្រូវ​សម្រប​សម្រួល​ទេ​ដោយ​ឲ្យ​ធ្វើ​តាម​ច្បាប់។ ច្បាប់​គេ​ធ្វើ​ម៉េច​ធ្វើ​តាម​អ៊ីចឹង​ទៅ»។

វីដេអូ​រយៈពេល​ជាង ២ នាទី ដែល​ត្រូវបាន​បង្ហោះ​បានបង្ហាញ​ពី​សកម្មភាព​ប៉ះទង្គិច​រវាង​មន្ត្រីគយ​ជាមួយ​អ្នក​កាសែត​មួយ​ក្រុម​ដោយ​មាន​ទាំង​ការ​ដក​យក​ទូរស័ព្ទ​ពី​អ្នកកាសែត​ផង។

ប៉ុន្តែ​ក្រោយមក​ភាគី​ទាំង ២ យល់ព្រម​ទទួលកំហុស​រៀងៗ​ខ្លួន និង​ធ្វើការ​សុំទោស​គ្នា​ទៅវិញ​ទៅមក​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​ផងដែរ។ តែ​ក្រោយ​មាន​ការ​បង្ហោះ​និង​ការ​រិះគន់​ជា​ហូរហែ​ទើប​បណ្តាល​លោក យី ថុល អាយុ ៤១ ឆ្នាំ តំណាង​ឲ្យ​ការិយាល័យ​គយ និង​រដ្ឋាករ ព្រែក​ចាក​នៃ​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពត​បាន​ដាក់​ពាក្យ​ប្តឹង ដើម្បី​ទាមទារ​សំណង​ពី​ក្រុម​អ្នក​យក​ព័ត៌មាន​ទាំង​នោះ​ចំនួន ១០ ម៉ឺនដុល្លារ៕