ភ្នំពេញៈ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​កម្ពុជា ដើម្បី​កុមារ លោកស្រី​ ញ៉េប សុភាព បង្ហាញ​ក្ដីបារម្ភ​ចំពោះ​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយសារ​មួយរយៈ​ចុងក្រោយ​កុមារ​ភាគច្រើន​កាន់​ទូរស័ព្ទ ឬ​នៅ​ជាមួយ​អ៊ីនធឺណិត ដើម្បី​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ ប៉ុន្ដែ​ក្រៅពី​សិក្សា​មិនដឹង​កុមារ​បាន​ប្រព្រឹត្ត​អ្វីខ្លះ​តាម​ប្រព័ន្ធ​អ៊ីធឺណិត​។

លោកស្រី​ ញ៉េប សុភាព ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោកស្រី​មាន​ការបារម្ភ​ចំពោះ​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ព្រោះ​កុមារ​ភាគច្រើន​បាន​កាន់​ទូរស័ព្ទ​ស្មាតហ្វូន ដើម្បី​ធ្វើការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីធឺណិត​។ ប៉ុន្ដែ​គេ​មិនដឹង​ច្បាស់​ថា ក្រៅពី​ការរៀនសូត្រ​ពួកគាត់​បាន​ប្រព្រឹត្ត​អ្វីដែល​ងាយ​ចាញ់បោក​ជនខិលខូច​មួយ​ចំនួន​។

លោកស្រី​បន្តថា ក្រុមការងារ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​កម្ពុជា ដើម្បី​កុមារ​ដែល​មាន​សមាសភាព​ជំនាញ​ពី​អន្តរក្រសួង​បាននិង​កំពុង​ពិភាក្សា​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​រាល់​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នេះ​។ ក្នុងនោះ​ក្រុមការងារ​បានដាក់​ចេញ​ផែនការ​សំខាន់ៗ​មួយចំនួន ដើម្បី​យក​ទៅ​អនុវត្ត​សម្រាប់​ទប់ស្កាត់​បទល្មើស​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោកស្រី​ ញ៉េប សុភាព បាន​បញ្ជាក់​ថា​៖ «​ចំណុច​សំខាន់​ដែល​យើង​កំពុង​គិតពិចារណា​នេះ​គឺ​ពង្រឹង​អភិបាលកិច្ច​មូលដ្ឋាន​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ទាំងអស់​នេះ​ឲ្យ​អាណាព្យាបាល ឬ​ឪពុកម្ដាយ​គាត់​បានដឹង ហើយ​តាមដាន​សកម្មភាព​កូន​ឲ្យ​បាន​ច្រើនជាង​មុន​»​។

លោកស្រី​បាន​បន្តថា​៖ «​ជាក់ស្ដែង​ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​នេះ​គឺ​ក្មេងៗ​រៀន​តាម​អនឡាញ ហើយ​ប្រព័ន្ធ​វា​ទូលំទូលាយ​ណាស់​។ បើ​យើង​សិក្សា​ស្រាវជ្រាវ​តាម​មេរៀន គឺ​វា​ផ្ដល់​ផលប្រយោជន៍​ច្រើន​ប៉ុន្ដែ​យើង​ខ្លាច​គាត់​មិន​រៀនសូត្រ ហើយ​បែរ​ទៅជា​ប្រព្រឹត្ត​រឿង​ផ្សេង​ដែល​ពាក់ព័ន្ធ​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​។ ដូច្នេះ​បញ្ហា​នេះ​គឺជា​រឿង​ដែល​ត្រូវតែ​យកចិត្ត​ទុកដាក់​បន្ទាន់​»​។

លោក James McCabe នាយក​ប្រតិបត្តិ​អង្គភាព​ការពារ​កុមារ​ (CPU) បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជា​វិធានការ​ដើម្បី​ទប់ស្កាត់​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នេះ អាណាព្យាបាល​ត្រូវតែ​តាមដាន​ពី​សកម្មភាព​កូនៗ​របស់​ខ្លួន​តាមរយៈ​ការសង្កេត​សកម្មភាព​ប្លែកៗ​របស់​ពួកគាត់​។ ប៉ុន្ដែ​ប្រសិន​មាន​បញ្ហា​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ឪពុកម្ដាយ​ត្រូវតែ​ប្រញាប់​រាយការណ៍ ឬ​ប្ដឹង​សមត្ថកិច្ច​ជំនាញ​ដែល​នៅ​ជិត​បំផុត​។

លោក​បន្តថា ក្មេងៗ​ភាគច្រើន​ដឹង​ពី​របៀប​ប្រើប្រាស់​អ៊ីនធឺណិត ឬ​ប្រព័ន្ធ​អនឡាញ​។ ដូច្នេះ​ពួកគេ​ងាយស្រួល​នឹង​ចាញ់​កលល្បិច​ជនខិលខូច​មួយចំនួន ហើយ​សមត្ថកិច្ច​ជំនាញ និង​អ្នកពាក់ព័ន្ធ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​សកម្មភាព​កូនៗ និង​ល្បិចកល​របស់​ជនខិលខូច​ដែល​មាន​បំណង​មិនល្អ​មកលើ​អនីតិជន​។ ពិសេស​អាណាព្យាបាល​ត្រូវតែ​ធ្វើការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​បង្ក្រាប​បទល្មើស​ទាំងអស់​នេះ​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «CPU ​មាន​មោទនភាព​ដែល​បាន​ក្លាយជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នគរបាល​កម្ពុជា ដើម្បី​ការពារ​កុមារ និង​ស្រាវជ្រាវ​លើ​បទល្មើស​ទាក់ទង​កុមារ​។ ជាពិសេស​បទល្មើស​អនឡាញ​ទៅលើ​កុមារ យើង​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​សុខ​សុវត្ថិភាព​របស់​កុមារ​។ បទល្មើស​ដែល​កើតឡើង​មកលើ​កុមារ​មាន​ទំហំ​ធំធេង​នៅលើ​សកលលោក ប៉ុន្ដែ​សម្រាប់ CPU ដែល​កំពុង​ធ្វើការ​នៅ​កម្ពុជា គឺ​ឆ្នាំនេះ​យើង​រកឃើញ​ចំនួន​ ៩ ​ករណី ដែល​បាន​កើតឡើង​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​»៕