
ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ រូបថត រដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ខេត្តចំនួន ៣ បន្ថែមទៀត ត្រូវបានកំណត់ដាក់ជាភូមិសាស្រ្តដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គឺខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ដោយសារមានការឆ្លងជំងឺកូវីដ ១៩ ច្រើនក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី ៥ ខែឧសភានេះថា ក្រសួងសុខាភិបាលបានសម្រេចកំណត់យកភូមិសាស្ត្រនៃខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ដោយតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនៅក្នុងខេត្តទាំង ៣ នេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី»។
កាលពីថ្ងៃទី ៣ ខែឧសភា ថ្មីៗនេះ ក្រសួងសុខាភិបាលក៏បានកំណត់យកខេត្តបន្ទាយមានជ័យ ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយបានតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។
យោងតាមប្រការ ១២ នៃជំពូកទី៥ នៃប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍បានចែងថា បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស់ ឬកាតព្វកិច្ចនៃការរក្សាគម្លាតសុវត្ថិភាពត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងអនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ប្រកាសដដែលបានបន្តថា ការព្រមាន និងការណែនាំដល់បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស់ ឬកាតព្វកិច្ចនៃការរក្សាគម្លាតសុវត្ថិភាពត្រូវធ្វើឡើងដោយមន្រ្តីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។ ការសម្រេចដាក់ពិន័យអន្តរការណ៍ចំពោះការបំពានកាតព្វកិច្ចនេះជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល៕