ភ្នំពេញៈ មូល​និ​ធិ គី​ណា​ល់ សហការ​ជា​មួយ​ទីភ្នាក់​ងារ​បារាំង​ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា (AFD) ក្រសួង​កសិក​ម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ និង​ក្រសួង​អប់រំ យុវ​ជន និង​កីឡា នឹង​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​វគ្គ​ផ្ដាច់​ព័្រត្រលើអត្ថបទ​ស្រាវជ្រាវ​កែច្នៃ​កសិផល​ដើម្បី​ដណ្ដើម​ពាន​រង្វាន់​ត្នោត​មាស​ប្រចាំ​ ២០១៩​ នេះ ដោយ​ធ្វើ​នៅ​ថ្ងៃទី​ ២៥ ខែ​ ឧសភា​ នៅ​ទីស្នាក់ការ​មូល​និ​ធិគី​ណា​ល់​ក្បែរ​រង្វង់​មូល​ចោមចៅរាជធានីភ្នំពេញ ដែល​ជា​ការ​ប្រកួត​លើក​ទី​២ បន្ទាប់​ពីធ្លាប់​ធ្វើ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​មុន។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មូល​និធិ​គី​ណា​ល់​បានបញ្ជាក់​ថា ការប្រកួត​ពាន​រង្វាន់​ត្នោត​មាស​នេះ គឺមាន​និស្សិត​ចូលរួម​ចំនួន​ ៦ ក្រុម​មកពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិ​កម្ម សាលា​ជាតិ​កសិ​កម្ម​ខេត្ត​កំពង់​ចាម​ វិទ្យាស្ថាន​បច្ចេក​វិទ្យា​ក​ម្ពុ​ជា និង​វិទ្យា​ស្ថាន Saint-Paul ពី​ខេត្ត​តាកែវ ដែល​ផ្ដោត​លើ​ប្រធាន​បទ ការ​ផលិត​ផលិត​ផល​កែច្នៃ​ពី​ផ្លែម្នាស់ ​ការ​ផលិត​ប្រហិត​បន្លែ ការកែច្នៃ​សាច់​ដូង ​អត្ថ​ប្រយោជ​ន៍​នៃ​ការ​កែ​ច្នៃ​សាច់​ដូង ការ​កែ​លម្អ​គុណ​ភាព​ផ្លែ​ខ្នុរ និង​គុណ​ប្រយោ​ជន៍​ និង​ ស្ថិរ​ភាព​នៃ​ប្រព័ន្ធ​ផលិត​ដែល​គោរព​បរិស្ថាន​និង​លើក​កម្ពស់​កម្រិត​ជីវភាព​កសិករ​ខ្មែរ។

នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់​ព័្រត្រ​នេះ ​ក្រុម​និស្សិត​ទាំង​ ៦ ​ក្រុម​នឹង​ត្រូវ​ឡើង​ធ្វើ​បទបង្ហាញ​ពី​ការងារ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​មាត់​ និង​ត្រូវ​ឆ្លើយ​សំណួរ​របស់​គណៈ​មេ​ប្រ​យោគ ដែល​​មកពី​ក្រ​សួង​អប់រំ ​ក្រសួង​កសិ​កម្ម និង​ក្រុម​ហ៊ុន Siat ហើយ​ក្រោយពី​បញ្ចប់បទបង្ហាញ គណៈ​មេ​ប្រ​យោគ​នឹង​ជ្រើស​រើស​និស្សិត​ចំនួន​តែ​ ៣ ​ក្រុម​ប៉ុណ្ណោះ​ដើម្បី​ទទួល​បាន​ជយ​លាភី​លេខ​ ១​ លេខ​ ២ ​និង​លេខ ​៣ ​ដោយ​ជយ​លាភី​លេខ​ ១ ​ទទួល​បាន​ពាន​រង្វាន់​ ១ និង​ទឹក​ប្រាក់​ ៤​ លាន​រៀល ជយ​លាភី​លេខ​ ២​ ទទួល​បាន​ពាន​រង្វាន់​ ១​ និង​ទឹកប្រាក់​ ២ ​លាន​រៀល និង​ជយ​លាភី​លេខ​ ៣ ​ទទួល​បាន​ពាន​រង្វាន់ ​១ និង​ទឹក​ប្រាក់​ ១ ​លាន​រៀល។

សេចក្ដី​ប្រ​កាស​ព័ត៌​មាន​បន្ត​ថា ពាន​រង្វាន់​ត្នោត​មាស ​ត្រូ​វបាន​បង្កើត​ឡើង​លើ​ក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨​ ដោយ​មូល​និ​ធិ គី​ណា​ល់ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​វិស័យ​ក​សិ​អា​ហារ​និង​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ដល់​និស្សិត​ក្នុង​ការ​ចូល​រួម​កែច្នៃ​កសិ​ផល​របស់​កសិករ និង​រួម​គ្នា​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជនបទ​នៅ​ក្នុង​ប្រទេស ​កម្ពុជា។

លោក​ ហៃ លី​អ៊ាង ប្រ​ធាន​មូលនិធិ​គី​ណា​ល់​បាន​លើក​ឡើង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌​មាន​ថា៖ ​«មូល​និធិ​គី​ណា​ល់​បាន​បង្កើត​ពាន​រង្វាន់​គី​ណា​ល់​រួច​ហើយ​តាំងពី​ឆ្នាំ​ ២០១៣ មក​ម្ល៉េះ ដើម្បី​ចូលរួម​លើក​ស្ទួយ​ដល់​ការ សិក្សា​ស្រាវ​ជ្រាវ និង​គំនិត​ច្នៃ​ប្រឌិត​នៅ​ក្នុង​វិស័យ​វេជ្ជ​សាស្ដ្រ​និង​ឱសថសាស្ដ្រ។ខ្ញុំ​ចង់​ឱ្យ​មូល​និធិ​នេះ​មាន​តួនាទី​ដូច​គ្នា​នៅ​ក្នុង​វិស័យ​កសិក​ម្ម ពីព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា ​កា​រអភិវឌ្ឍ​នៅ​ជន​បទ​នៅ​កម្ពុជា​ធ្វើឱ្យ​យើង​បង្កើត​បាន​នូវ​តម្លៃ​បន្ថែម​លើ​គ្រប់​ផលិត​ផល​ទាំង​អស់​របស់​យើង។

ពាន​រង្វាន់​ត្នោត​មាស​នេះ ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ស្ថាប​និក​ក្រុមហ៊ុន ខន​ហ្វី​រេ​ន លោក​ ហៃ លី​អ៊ាង។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយក​រង​នៃក្រុម​ហ៊ុនខន​ហ្វីរេល បាន​ប្រាប់​ភ្នំពេញប៉ុ​ស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា​ កាល​ពី​ឆ្នាំ ២០១៨​ និស្សិត​មក​ពី​វិទ្យា​ស្ថាន ​Saint-Paul ពី​ខេត្ត​តា​កែវ អ្នក​ទទួល​បាន​ជយលាភី​លេខ​ ១ ​នៃ​ពាន​រង្វាន់​ត្នោ​ត​មាស ដោយ​សារ​ក្រុម​និស្សិត​ទាំង​នេះបាន​ស្រាវ​ជ្រាវ ​និង​អាច​យក​ដើម​ចេក​គ្រប់​ផ្នែក​ទាំង​អស់​ដើម្បី​កែ​ច្នៃ​ដូចជា​ផ្លែ​ ច្នៃ​ទៅជា​ស្ករ​គ្រាប់ និង​ដើម​អាច​ច្នៃ​ទៅ​ជា​ធ្យូង​ជាដើម។

លោក​បាន​បញ្ជាក់​ថា៖ «ចំណងជើង​របស់​គាត់​ហ្នឹង គាត់​កែច្នៃ​គ្រប់​ផ្នែក​នៃ​ដើម​ចេក​ទាំង​អស់​សុទ្ធ​តែជារ​តន សម្បត្តិ តាំងពី​ស្លឹក ​ដើម​ ផ្លែគឺ​ទាំងអ​ស់ អត់​ចោល​ម៉ា​ផ្នែក​ណា​មួយទេ​គឺ​គាត់​អាច​កែច្នៃ​បាន​ទាំងអស់»៕