ភ្នំពេញៈ សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​កំពុង​បន្ត​ការសាកសួរ​ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ ជា​មេការ​ហាង​ម៉ាស្សា​អ័រគីដេ ដែល​បង្កប់​សេវា​ផ្លូវភេទ ក្រោយ​ប្រតិបត្ដិការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​សរុប​ ៣៧ ​នាក់​ កាលពី​យប់​ថ្ងៃទី​ ១៦ កញ្ញា នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

លោក​ កែវ ជា ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែនសុខ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ ៣៧ ​នាក់ ​ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​។ ក្នុងនោះ​មាន​អ្នកគ្រប់គ្រង​ជា​មេការ​ចំនួន​ ៣ ​នាក់ បុគ្គលិក​ធម្មតា​​ ៤ ​នាក់ សន្តិសុខ​ម្នាក់ នារី​ម៉ាស្សា ២៣ ​នាក់ (​សង្ស័យ​ជា​អនីតិជន​ចំនួន​ ២ ​នាក់​) ​​និង​ភ្ញៀវ​ ៦ ​នាក់​។

លោក​ កែវ ជា ថ្លែងថា​៖ «​យើង​កំពុង​បន្ត​នីតិវិធី​សាកសួរ​ជនសង្ស័យ​ជា​មេការ​ទាំង​ ៣ ករណីនេះ​យើង​មិនទាន់​បញ្ចប់​ទេ​។ យើង​មិនទាន់​អាច​ប្រាប់​លម្អិត​ចំពោះ​រឿងនេះ​បានទេ​ព្រោះ​កំពុង​បន្ត​ធ្វើការ​នៅឡើយ​»​។

របាយការណ៍​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ហាង​ម៉ាស្សា​នេះ​បើក​ដំណើរការ ២៤ ​ម៉ោង ហើយ​មាន​នារី​បម្រើ​សេវា​ម៉ាស្សា​ចំនួន​ ២៣ ​នាក់ ​ជា​ជនជាតិខ្មែរ​ក្នុង​នោះ​មាន​ ២ ​នាក់​ ត្រូវបាន​សង្ស័យថា ជា​អនីតិជន​ដែល​មាន​អាយុ​ចន្លោះ​ពី ១៦ ​ឆ្នាំ ទៅ ១៧ ​ឆ្នាំ​។

របាយការណ៍​បង្ហាញថា ទី​តាំងហាង​ម៉ាស្សា​នេះ​មាន​បន្ទប់​ម៉ាស្សា​ចំនួន​ ២៧ ​បន្ទប់ តម្លៃ​សេវា​រួមភេទ​ដោយ​ប្រើ​ដៃ​មាន​ចាប់ពី​ ៣០ ​ដុល្លារ​ ឡើង​ទៅ និង​រួមភេទ​ចាប់​ពី​ ៥០ ​ដុល្លារ​ឡើង​ទៅ​។ លុយ​ទទួល​បាន​ពី​ភ្ញៀវ​នោះ​មួយ​ចំនួន​ត្រូវបាន​ចែក​ទៅ​ឲ្យ​មេការ​ភេទ​ប្រុស​ទាំង​ ៣ ​នាក់ ​ដែល​ជា​ជនជាតិ​ខ្មែរ​។

លោក​ កែវ ជា បញ្ជាក់​ថា​មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ជាច្រើន​ថ្ងៃ​រហូត​ឈានដល់​ការចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​តែម្ដង ដោយ​ដកហូត​វត្ថុតាង ស្រោមអនាម័យ​មួយ​ចំនួន​នាំមក​ការិយាល័យ​ជំនាញ​។

ក្រោយ​បញ្ចប់​ការសួរចម្លើយ​ចំពោះ​អ្នក​ដែល​ពុំ​ពាក់ព័ន្ធ សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​មេការ​ទាំង​ ៣ ​នាក់​ ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​នារី​បម្រើសេវា​ម៉ាស្សា​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​។

លោក​ ជាវ ផល្លី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្លែង​ថា ករណី​បង្ក្រាប​កន្លែង​ម៉ាស្សា​ផ្ទុក​សេវា​ផ្លូវភេទ​នេះ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ជា​អ្នកចុះ​ប្រតិបត្ដិការ​បង្ក្រាប និង​កំពុង​បន្ដ​នីតិវិធី​លើ​ករណីនេះ​។

លោក​ ផល្លី បាន​ថ្លែងថា​៖ «​ការរាយការណ៍​បឋម​មក​ខ្ញុំ​នេះ មិន​ទាន់​មាន​របាយការណ៍​ទេ គ្រាន់តែ​រាយការណ៍​ថា មាន​ការចុះបង្ក្រាប​ហាង​ម៉ាស្សា​ផ្ទុក​សេវា​ផ្លូវភេទ​ប៉ុណ្ណោះ​។ រឿង​នេះ​កំពុងតែ​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​»៕