បន្ទាយមានជ័យ៖ តុលាការ​ខេត្ត​បន្ទាយមានជ័យ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ជា​មេ​ខ្យល់​ម្នាក់​ដាក់​ពន្ធនាគារ​ខេត្ត​កាល​ពី​ព្រលប់​ថ្ងៃទី ២៥ មេសា ពាក់ព័ន្ធ​នឹង​គម្រោង​ដឹក​មនុស្ស ១០ នាក់ ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២៦ មេសា​ថា បុរស​ឈ្មោះ ម៉ក់ ឈន់ អាយុ ៤៣ ឆ្នាំ ត្រូវ​បាន​ចៅក្រម​ចេញ​ដីកា និង​បង្គាប់​ឱ្យ​សមត្ថកិច្ច​របស់​លោក​នាំ​ខ្លួន​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ហើយ​កាល​ពី​ព្រលប់​ថ្ងៃទី ២៥ មេសា។ រីឯ​បក្ខពួក​គេ​ម្នាក់​ទៀត ឈ្មោះ សួស គិម ដែល​បាន​រត់​គេច​ខ្លួន​ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ដែរ។

លោក​ប្រាប់​ថា៖ «លោក​ចៅក្រម​ស៊ើបសួរ ព្រុំ ម៉ូនីន ជា​អ្នក​ចេញ​ដីកា​ឃុំ ពាក់ព័ន្ធ​បទ​ចោទ​ការ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​តាម​មាត្រា ១១»។

យោង​តាម​បញ្ញត្ត​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ជន​ជាប់​ចោទ​ម្នាក់​នេះ ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៧ ទៅ ១៥ ឆ្នាំ។

បើ​តាម​លោក ព្រហ្ម ថេង រំឭក​ប្រាប់​ថា កាល​ពី​ថ្ងៃទី​ ២៤ មេសា បុរស​ជា​មេខ្យល់​ទាំង ២ នាក់​នោះ (ម្នាក់​គេច​ខ្លួន) បាន​បើក​រថយន្ត ១ គ្រឿង ម៉ាក​បាឡែន​ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាកលេខ ភ្នំពេញ 2w-9568 ចេញ​ពី​ក្រុង​ប៉ោយប៉ែត។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​លោក​ចាប់​បាន​នៅ​ចំណុច​បង្គោល​គីឡូលេខ ៣៤ ក្នុង​ទឹកដី​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​បន្ត​ថា ក្រោយ​ឃាត់​រថយន្ត​សមត្ថកិច្ច​លោក​បាន​រក​ឃើញ​ក្មេង​ចំនួន ៤ នាក់ ស្រ្តី ៣ នាក់ និង​បុរស ៣ នាក់ នៅ​ក្នុង​រថយន្ត​រួម​ទាំង​ជនសង្ស័យ​ម្នាក់​ទៀត​សរុប ១១ នាក់។ បន្ទាប់​ពី​សាកសួរ​ពួក​គេ​មក គឺ​លោក​បាន​បញ្ជូន​ពលករ​ទាំង ១០ នាក់​នោះ​ទៅ​មណ្ឌល​ចត្តាឡីស័ក​បន្ត​ទៀត៕