សៀមរាបៈ ថ្នាក់ដឹកនាំ​កំពូល៣រូប​របស់​កម្ពុជា​ថ្លែង​ស្រដៀង​គ្នា​ថា បញ្ហា​ប្រឈម​ភូមិសាស្ត្រ​នយោបាយ​អាច​ជា​ល្បែង​មួយ ដែល​គ្រោះ​ថ្នាក់​ដល់​ប្រទេស​តូច​តាច និង​ប្រទេស​មធ្យម​ជា​ច្រើន​ដោយសារ​ល្បិច​នយោបាយ​របស់​ប្រទេស​មហា​អំណាច​ធំៗ ឯ​សកល​លោក​ប្រឈម​នឹង​បញ្ហា​ស្អប់​ជាតិ​សាសន៍ ហើយ​ថា​ជម្លោះ​ពាណិជ្ជកម្ម​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ការ​ថ្លែង​បែបនេះ​របស់ មេ​ដឹកនាំ​កំពូល​ទាំង ៣ គឺ​លោក ​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា លោក ​ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​ឡើង​ខណៈ​ដែល តំបន់ អាស៊ី-ប៉ាស៊ីហ្វិក​រួម​ទាំង​ពិភពលោក​ផង កំពុង​ប្រឈម​នឹង​បញ្ហា​សកលដូចជា សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាម​សព្វាវុធ អំពើ​ភេរវកម្ម ការ​ជួញ​ដូរ​ឆ្លង​ដែន​ខុស​ច្បាប់ គ្រប់​ប្រភេទ អំពី​បញ្ហា​ឧបទ្វីប កូរ៉េ និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។

មេដឹកនាំ​ខាងលើ​ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី ២៧ នៃ​វេទិកា​សភា​ អាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅ​ខេត្ត​សៀមរាប​ថ្ងៃទី ១៥ មករា ក្រោម​ប្រធាន​បទ «ពង្រឹង​ភាព​ជា​ដៃគូ​សភា​ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព» ដោយ​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន ២១ និង​មាន​គណៈ​ប្រតិភូ​បរទេស សរុប​ប្រមាណ ៣០០ នាក់។

លោក ​ហេង សំរិន ថ្លែងថា សកលលោក​សព្វថ្ងៃ កំពុង​ប្រឈម​ទៅ​នឹង​និន្នាការ​នៃ​ការ​វិល​ត្រឡប់​នូវ​ការ​ស្អប់​ជាតិ​សាសន៍​ដទៃ​ដែល​មិន​មែន​ជាតិ​សាសន៍​ខ្លួន​ឯង។

លោក​ ហេង សំរិន បញ្ជាក់ថា៖ «សកល​លោក​ក៏​ប្រឈមមុខ​នឹង​ការ​បណ្តុះ​បណ្តាល ឲ្យ​មាន​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់ និងបញ្ហា​ប្រឈម​នៃ​ភូមិសាស្ត្រ​នយោបាយ អាច​ជា​ល្បែង​មួយ​ដែល​គ្រោះ​ថ្នាក់ ដល់​ប្រទេស​តូចតាច និង​ប្រទេស​ដែល​មាន​ទំហំ​មធ្យម​ជាច្រើន ហើយ​ក៏​អាច​រង​ទុក្ខ​ដោយសារ​លទ្ធផល នៃ​ស្នៀត​ភូមិសាស្ត្រ​នយោបាយ​របស់​មហា​អំណាច​ធំៗ​ដែរ»។

លោក​បន្ថែមថា​ពិភពលោក​កំពុង​ប្រឈម​នឹង​អស្ថិរភាព ខណៈ​ការ​គំរាម​កំហែង​ដល់​សន្តិភាព​កំពុង​កើត​មាន​ឡើង ក្នុង​ទម្រង់ ជាច្រើន ហើយ​ច្រើន​ជាង​អ្វី​ដែល​បាន​ឃើញ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។ កម្ពុជា និង​ប្រទេស​ផ្សេងៗ​ទៀត មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ចំពោះ​ភាព​តាន​តឹង ដែល​បង្ក​ឡើង​ដោយ​មហា​អំណាច​ពិភពលោក​ពិសេស​គឺ ជម្លោះ​ពាណិជ្ជកម្ម ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រសិន​បើ​ជម្លោះ​ពាណិជ្ជ​កម្មនេះ​ក្លាយ​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម។

លោក​ថា៖ «ជម្លោះ​ពាណិជ្ជកម្ម ដែល​កំពុង​ផ្ទុះឡើង នឹង​អាច​ក្លាយជា​សង្គ្រាម​ពាណិជ្ជកម្ម ប្រសិន​បើ​ជម្លោះ​នៅ​តែ​រីក​ដុះដាល កាន់​តែ​ធំ​ឡើង។ ប្រសិន​បើ​ការ​អនុវត្ត​គោល​នយោបាយ​គាំពារ​និយម នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​នោះ ទំនាក់​ទំនង​ពហុ​ភាគី​នឹង​ត្រូវ​ជំនួស​មក​វិញ ដោយទ្វេភាគី។ ហេតុ​ការណ៍​នេះ​នឹង​ផ្តល់ គុណវិបត្តិ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពីព្រោះ ផល​វិបាក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ឈាន​ដល់​ការ​ផ្លាស់ប្តូរ​ចង្វាក់​ផលិតកម្ម​ពិភពលោក»។

លោក​បន្ថែមថា វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក ​នេះ​បង្ហាញ​ពី​ឆន្ទៈ​រួម​ក្នុង​ការ​កសាង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ប្រកប​ដោយ​ភាព​សុខដុម​រមនា យក​ការ​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ដោះស្រាយ​បញ្ហា ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​អន្តរជាតិ និង​ការ​អភិវឌ្ឍ ប្រកប​ដោយ​ចីរភាព ហើយ​ថា​ដើម្បី​សម្រេច​គោល​បំណង​របស់ សភា​អាស៊ី-ប៉ាស៊ីហ្វិក ទៅ​បាន​ទាមទារ​ឲ្យ​សមាជិក​នៃ​សភា​អាស៊ី-ប៉ាស៊ីហ្វិក ​ត្រូវ​សហ​ប្រតិបត្តិការ​ឲ្យ​បាន​ជិត​ស្និទ្ធ និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​អនុស្សរណៈ​យោគ​យល់​គ្នា។

លោក​បន្តថា កម្ពុជា​កំពុង​រីករាយ ចំពោះ​ការទទួលបាន​នូវ​សុខសន្តិភាព​ពេញ​លេញ ស្ថិរភាព​នយោបាយ​រឹងមាំ និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ហើយ​ទើប​មាន​សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ ដោយ​នយោបាយ​ឈ្នះ​ឈ្នះ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ផ្សះផ្សា​ជាតិ​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា។

ជាមួយគ្នានេះ លោក ហ៊ុន សែន ​ថ្លែងថា​ពេលនេះ​នៅក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក រួម​ទាំង​ពិភពលោក​ផង កំពុង​ប្រឈម​នឹង​បញ្ហា​សកលដូចជា សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាម​សព្វាវុធ អំពើ​ភេរវកម្ម ការ​ជួញ​ដូរ​ឆ្លង​ដែន​ខុស​ច្បាប់​គ្រប់​ប្រភេទ ការប្រែប្រួល​អាកាស​ធាតុ គ្រោះ​មហន្តរាយ​ធម្មជាតិ អសន្តិសុខ​ស្បៀង និង​ភាព​ក្រីក្រ​ដែល​កំពុង​គំរាម​កំហែង​ដល់​សន្តិសុខ សកល និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ ចីរភាព​របស់​ពិភពលោក។

លោក​បញ្ជាក់ថា៖ «កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី២៧ នៃ​វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ​នា​ពេល​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស នៅ​ក្នុង​តំបន់ រួម​ទាំង​កម្ពុជា​ផង ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ សភា​អាស៊ី-ប៉ាស៊ីហ្វិក ឈាន​ទៅ​សម្រេច​បាន​សុខសន្តិភាព និង​សន្តិសុខ និង​ការ​អភិវឌ្ឍ ប្រកប​ដោយ​ចីរភាព»។

លោក​ក៏​ផ្តល់​អនុសាសន៍​មួយចំនួន​ជា​មូលដ្ឋាន​ក្នុងការ​ពិចារណា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​នេះ ដោយ​លោក​ស្នើ​ឲ្យ​សភា​អាស៊ី-ប៉ាស៊ីហ្វិក​ត្រូវ​រួម​គ្នា​យក​ចិត្ត​ទុក​ដាក់​លើ​តួនាទី​របស់​អង្គការ​សហ​ប្រជាជាតិ​តួនាទី​អាស៊ាន​តួនាទី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន ជាពិសេស​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​និង​រួមគ្នា​លើក​កម្ពស់​សិទ្ធិ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ និង​កតិកា​សញ្ញា​ផ្សេងៗ​នៃ​អង្គការ​សហ​ប្រជាជាតិ។

លោក​បញ្ជាក់ថា៖ «ត្រូវ​រួមគ្នា​ដោះស្រាយ​ជម្លោះ ដែល​កើតឡើង​តាមរយៈ​ការចរចា ដោយ​សន្តិវិធី ឬ​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​អន្តរជាតិ ឬ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ធ្វើ​ឲ្យ​ភាគី​ជម្លោះ​ទាំង​សង​ខាង​ឈ្នះ​ឈ្នះ ឬ​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ដោយ​សុខ​សន្តិភាព»។

លោក​ សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្លែងថា៖ «យើង​ទាំង​អស់​គ្នា​បាន​តាម​ដាន​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​និង​មាន​ការ​ព្រួយបារម្ភ​ធំធេង​ជាង​មុន​ដោយសារ​ការ​ប្រែប្រួល​ដ៏​ស្មុគ​ស្មាញ ទាំង​នៅ​ក្នុង​ពិភពលោក និង​តំបន់​បាន​នាំមក​នូវ​ភាព​មិន​ទៀង​ទាត់ និង​បញ្ហា​ប្រឈម​ថ្មីៗ​ជាពិសេស​ការ​លេច​ឡើង​គោល​នយោបាយ​ឯកតោ​ភាគី​និយម ចលនា​គាំពារ​និយម ការ​រត់​ប្រណាំង​សព្វាវុធ សង្គ្រាម​ពាណិជ្ជកម្ម និង​បរិបទ​ពហុ​ប៉ូល ស្មុគ​ស្មាញ ប្រកប​ដោយ​បដិវាទ​និង​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា»។

លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យ​សភាក​ម្ពុជា ថ្លែង​ថា ប្រទេស​មហា​អំណាច មិន​ថា​សហរដ្ឋ​អាមេរិក ចិន សហព័ន្ធ​រុស្ស៊ី បារាំង​ឬ​អង់គ្លេស​ទេ មាន​របៀប​វារៈ​នយោបាយ​របស់​គេ ហើយ​គេ​គិត​អំពី​ផល​ប្រយោជន៍​របស់​ប្រទេស​គេ​រៀង​ខ្លួន​ដូច្នេះ​អ្វីដែល​បម្រើ​ផល​ប្រយោជន៍​ប្រទេស​គេ គឺ​គេ​មិន​ខ្វល់​ថា ប្រទេស​តូច​ត្រូវ​រង​នូវ​សោក​នាដ​កម្ម ឬ​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​ណាមួយ​នោះ​ទេ គឺ​សំខាន់​គេ​បាន​ទៅ​ដល់ គោល​ដៅ​របស់​គេ និង​ទទួល​ផល​ប្រយោជន៍​របស់​គេ។

លោក​បន្ថែមថា៖ «សណ្តាប់ធ្នាប់​ពិភពលោក​ជាទូទៅ​ត្រូវបាន​កំណត់​ដោយ​ប្រទេស​មហា​អំណាច​ទាំង​អស់ ហើយ​គាត់ គឺជា​អ្នក​កាច់​ចង្កូត​ពិភពលោក ហើយ​យើង​មើល​ឃើញ​ថា​ចលាចល​នៅ​ក្នុង​ពិភពលោក​យើង​គឺ​មិន​ដែល​បង្ក​ដោយ​ប្រទេស​តូច​តាច​នោះទេ​គឺ​សុទ្ធ​តែ​បង្ក​ដោយ​ប្រទេស​ធំ។ នៅ​ពេល​ដែល​ពួក​គាត់​មាន​បញ្ហា​នឹង​គ្នា​គាត់​តែងតែ​ទាញ​ឲ្យ​ប្រទេស​តូចៗ​នៅ ក្នុង​តំបន់​ឬ​ភូមិសាស្ត្រ​នយោបាយ​របស់​គាត់​ឲ្យ​ដើរ​តាម​របៀប​វារៈ​នយោបាយ​របស់​គាត់ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​ប្រទេស​តូចៗ ទាំង​អស់ អាច​មើល​មុខ​គ្នា​មិន​ត្រង់​ដោយសារ​តែ​ការ​ប្រកាន់​យក​បង​ធំ​រៀងៗ​ខ្លួន»។

អ្នកវិភាគ​នយោបាយ លោក​ អ៊ូ វីរៈ ថ្លែងថា ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​ខាង​លើ​ជា​រឿង​ត្រឹម​ត្រូវ ព្រោះ​កម្ពុជា​ត្រូវការ​គោល​នយោបាយ​ការបរទេស​រួមមួយ​ផ្ដោត​លើ​កម្ពុជា ហើយ​មិន​គួរ​ស្រវា​យក​ខាង​ណាមួយ​ទេ និង​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​ផ្ដោត​ទៅ​លើ​ការ​លើក​កម្ពស់​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។

លោក​ថ្លែងថា៖ «យើង​ក៏ត្រូវ​ការឯកភាព​ជាតិ​ផងដែរ​ដើម្បី​អាចមាន​សមត្ថភាព​ទប់​ទល់​នឹង​ខ្យល់​ព្យុះ​នា​ពេល​អនាគត។ ឯកភាព​ជាតិ​អាច​នឹង​លេច​ចេញ​រូបរាង​ពី​ការ​ប្រកួត​ប្រជែង​ដ៏​ស្មើ​ភាព​គ្នា​នៃ​គំនិត​យោបល់។ យើង​ត្រូវតែ​បញ្ឈប់​ការ​មើល​គ្នា​ក្នុង​នាម​ជា​ស​ត្រូវ ហើយ​យើង​ត្រូវ​តែ​គោរព​សិទិ្ធ​នយោបាយ​របស់​បុគ្គល​គ្រប់​រូប។

យើង​ត្រូវការ​នីតិរដ្ឋ និង កាត់បន្ថយ​អំពើពុករលួយ​ដើម្បី​ធានាថា ប្រទេស​កម្ពុជា​កំពុង​តែ​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់។

ឯ​អ្នកវិភាគ​នយោបាយ លោក​ ឡៅ ម៉ុងហៃ ថ្លែងថា លោក​ ហេង សំរិន គួរតែ​ចងចាំ​ថា ការ​ប្រកួត​ប្រជែង​ខាង​ផ្នែក​នយោបាយ​របស់​ពួក​មហា​អំណាច​បាន​ជះ​ឥទ្ធិពល​យ៉ាង​អវិជ្ជមាន​មក​លើ​ប្រទេស​របស់​យើង ហើយការ​ប្រកួត​ប្រជែង​នោះ​ទៀត​សោត​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​ផុង​ខ្លួន​នៅ​ក្នុង​សង្គ្រាម​របស់​ពួកគេ​អស់​ជាង​មួយ​ទសវត្សរ៍។

លោក​ថា៖ «ឥឡូវ​ភាព​គ្រោះថ្នាក់​នោះ​កំពុងតែ​កើនឡើង ដូចជា​រូប​លោក​បាន​ឃើញ លោក​គួរ​តែ​ធ្វើការ​ពិនិត្យ​សើរើ​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ និងកៀរគរ​គ្រប់​ភាគី​ទាំង​អស់​ឲ្យ​គោរព​តាម​កាតព្វ​កិច្ច​របស់​ពួកគេ​ស្រប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ទាំង​នោះដែល​មាន​ដូចជា ការ​សន្យា​ក្នុង​ការ​ទទួល​ស្គាល់ ​និងគោរព​នូវ​អធិបតេយ្យ​ភាព ឯករាជ​ភាព បូរណភាព​ទឹកដី៕