ភ្នំពេញៈ ក្រុម​មេធាវី​រាជរដ្ឋាភិបាល​បាន​ប្រតិកម្ម​ទៅនឹង​មេធាវី​របស់លោក​ សម រង្ស៊ី គឺ​លោក Richard Rogers ចំពោះ​ការលើក​ឡើង​ជុំវិញ​វិធានការ​លើ​ដំណើរ​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី ថា​នឹង​ក្លាយ​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស ដោយ​ចាត់ទុក​ការលើកឡើង​របស់​មេធាវី​អន្តរជាតិ​រូបនេះ​ថា ជា​ការបំភ្លៃ​ការពិត និង​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ ។

ការលើកឡើង​បែបនេះ ធ្វើឡើង​ដើម្បី​បំភ្លឺ​ដល់​សាធារណជន​ក៏ដូចជា លោក Rogers បន្ទាប់ពី​លោក​បាន​ថ្លែង​ក្នុង​បទសម្ភាស​​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ដែល​​លោក Rogers ត្រូវ​បាន​សួរ​ពាក់ព័ន្ធ​នឹង​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ខាង​មុខ​នេះ​។

លោក Rogers និយាយ​ថា​បើ​មាន​ការបង្ក្រាប​លើ​លោក សម រង្ស៊ី និង​អ្នក​អមដំណើរ​នៅ​ថ្ងៃ​ ៩ វិច្ឆិកា​នោះ​វា​នឹង​ក្លាយ​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​ «​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​»​។

លោក Rogers បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​កងកម្លាំង​ប្រដាប់អាវុធ​...​ហ៊ាន​បាញ់​បង្ក្រាប​ជនស៊ីវិល​ដែល​អមដំណើរ​មន្ត្រី​គណបក្ស​ប្រឆាំង​មែន បទឧក្រិដ្ឋ​នេះ​នឹង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​នៃ​ធាតុ​ផ្សំ​នៃ​បទល្មើស​រួម​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ ​ពេលនោះ​យើង​នឹង​ដាក់​បណ្តឹងបន្ថែម​មួយ​ទៀត​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ (ICC) ​ដើម្បី​ផ្តន្ទាទោស​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​នោះ​។ ​មិន​តែ​ប៉ុណ្ណោះ ករណី​នេះ​​នឹង​រឹតតែ​បន្ថែម​ភ័ស្តុតាង​ដាក់បន្ទុក​សម្រាប់​ជួយ​ដល់​សំណុំ​រឿង​ដែល​យើង​បាន​ដាក់​ប្តឹង​មន្ត្រី​របប​នេះ​ខ្លះ​រួច​ទៅ​ហើយ​»​។

លោក Rogers បាន​ពន្យល់​ថា​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នឹង​ចូល​មក​កម្ពុជា​វិញ​គឺជា​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត ហើយ​ពួកគេ​វិល​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ដោយ​មិន​មាន​ស្ពាយ​កាំភ្លើង​មក​ជាមួយ​ទេ​ហើយ​ការសម្លាប់​មនុស្ស​នោះ វា​ជ្រុល​ហួសហេតុ​។

ឆ្លើយតប​នឹង​ការលើក​ឡើង​បែបនេះ ក្រុម​មេធាវី​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោក គី តិច បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ចាត់ទុក​ការលើកឡើង​នោះ​ថា ជា​ការបំភ្លៃ​ការពិត​។

តាមរយៈ​សេចក្ដី​បំភ្លឺ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ក្រុម​មេធាវី​បាន​លើក​ឡើង​ថា លោក Richard Rogers តែងតែ​វាយប្រហារ​រដ្ឋាភិបាល​មាន​ចេតនា​លម្អៀង និង​បំផុស​អង្គហេតុ​ដែល​ផ្ទុយ​ពី​ការពិត​ដើម្បី​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល​ដែល​កើតចេញ​ពី​ការបោះឆ្នោត​ត្រឹមត្រូវ​។

លិខិត​ដដែល​បញ្ជាក់ថា លោក​ Rogers តែង​រួម​ដៃ​ជាមួយ​លោក​ សម រង្ស៊ី តែង​ប្រឌិត​អង្គហេតុ ហើយ​ប្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC) ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ប្រឆាំង​​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ប៉ុន្តែ​ ICC មិន​ពិចារណា​។

លិខិត​របស់​ក្រុម​មេធាវី​ពន្យល់​ទៅ​លោក Rogers ថា​៖ «​ផែនការ​វិល​ត្រឡប់​មកវិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី និង​បក្ខពួក​គឺជា​ផែនការ​ឧក្រិដ្ឋ​ក្នុង​ទិសដៅ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​។ ​ឧក្រិដ្ឋជន សម រង្ស៊ី និង​បក្ខពួក​បាន​ប្រកាស​ច្បាស់ៗ អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​បង្វែរ​ចុង​កាណុង​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ប្រកាស​ផ្តល់​ថវិកា​ទិញ​ទឹកចិត្ត​កងកម្លាំង​ប្រដាប់អាវុធ បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្រោកឈរ​ឡើង​ព្រមៗ​គ្នា ឡោមព័ទ្ធ​ទីស្នាក់ការ​ភូមិ ឃុំ និង​ស្នងការដ្ឋាន​នគរបាល​ទូទាំង​ប្រទេស ជេរប្រមាថ និង​បង្ខំ​ព្រះមហាក្សត្រ​ឲ្យ​ដាក់រាជ្យ ព្រម​ទាំង​ប្រកាស​ចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន​។ អំពើ​ទាំងអស់​នេះ​គឺជា​ផែនការ​ឧក្រិដ្ឋ​ក្នុង​គោលបំណង​ធើ្វ​រដ្ឋប្រហារ​ដែល​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា​កំណត់ថា ជា​បទឧបឃាត​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥ ទៅ​ ៣០ ​ឆ្នាំ ឬ អស់​មួយជីវិត​» ។

ក្រុម​មេធាវី​ពន្យល់​បន្តថា​បុគ្គល​ទាំងឡាយ​ណា​ទោះបី​ជា​ជនស៊ីវិល​ក៏ដោយ ប្រសិន​បើ​ពួកគេ​ចូលរួម​ក្នុង​ក្រុម​របស់​លោក សម រង្ស៊ី នឹង​ត្រូវ​ទទួលទោស​ពីបទ​ «​រួមគំនិត​ក្បត់​» ​ដែល​អាច​ជាប់​ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​ ឬ​ដល់​ ២០ ​ឆ្នាំ ប្រសិន​បើ​អ្នក​នោះ​ជា​មន្ត្រីរាជការ ។

ក្រុម​មេធាវី​បញ្ជាក់ថា​៖ «​ក្រុមឧក្រិដ្ឋជន និង​ក្រុម​ចូលរួម​គាំទ្រ​សកម្មភាព​របស់​ឧក្រិដ្ឋជន​ក្នុង​ផែនការ​ធើ្វ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នាពេល​នេះ​គឺ​ពុំ​មាន​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត និង​ពុំមែន​ជា​ជនស៊ីវិល​ស្លូតត្រង់ ដូច​ការលើក​ឡើង​របស់ Richard Rogers ​នោះ​ទេ​ពោល​គឺ​ពួកគេ​ជា​ជនល្មើស​ក្នុង​បទឧក្រិដ្ឋ​»៕