ភ្នំពេញៈ សហមេធាវីការពារក្ដីលោក រ៉ុង ឈុន គ្រោងដាក់បណ្ដឹងចំនួន ២ ទៅសាលាឧទ្ធរណ៍នៅសប្ដាហ៍នេះ ដើម្បីជំទាស់នឹងការឃុំខ្លួន និងសុំអនុញ្ញាតឲ្យលោក រ៉ុង ឈុន នៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារបញ្ហាសុខភាព ខណៈសង្គមស៊ីវិល និងសហគមន៍សរុបចំនួន ១៤១ ស្នើឲ្យទម្លាក់បទចោទលើលោក រ៉ុង ឈុន ប៉ុន្តែមន្ត្រីយុត្តិធម៌ថា ការទាមទារនេះពុំមានឥទ្ធិពលលើតុលាការ ខណៈក្រសួងនេះព្រមានក្រុមអ្នកតវ៉ាឲ្យបញ្ឈប់ការប្រមូលផ្ដុំនៅមុខតុលាការ។
លោកមេធាវី សំ សុគង់ បានថ្លែងកាលពីម្សិលមិញថា លោក និងមេធាវី ជូង ជូងី ដែលការពារក្ដីលោក រ៉ុង ឈុន គ្រោងនឹងដាក់ពាក្យបណ្ដឹងចំនួន ២ ទៅសាលាឧទ្ធរណ៍នៅសប្ដាហ៍នេះ ដើម្បីជំទាស់នឹងដីកាសម្រេចឃុំខ្លួនលោក រ៉ុង ឈុន ដោយចៅក្រម វ៉ាន់ សែនវិសុទ្ធ និងប្ដឹងសុំអនុញ្ញាតឲ្យកូនក្ដីលោក នៅក្រៅឃុំបណ្ដោះអាសន្ន។
លោក សំ សុគង់ បានថ្លែងដូច្នេះថា៖ «យើងប្ដឹងទាំង ២ នេះដោយសារតែពួកយើងយល់ឃើញថា ដីកាសម្រេចឲ្យឃុំខ្លួនមិនទាន់ផ្ដល់ភាពយុត្តិធម៌ដល់គាត់ទេ ដោយសារលក្ខខណ្ឌនៃសំអាងហេតុរបស់ចៅក្រមដែលគាត់សម្រេចឃុំខ្លួន មិនទាន់ស្របទៅតាមបញ្ញត្តិមាត្រា ២០៣, ២០៤, និង ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។ កូនក្ដីរបស់ខ្ញុំលោក រ៉ុង ឈុន គាត់មានលក្ខខណ្ឌគ្រប់គ្រាន់ដែលឲ្យតុលាការសម្រេចនៅក្រៅឃុំបណ្ដោះអាសន្ន»។
លោកបន្តថា៖ «បទចោទប្រកាន់នោះមិនមានអ្វីពាក់ព័ន្ធនឹងអំពើញុះញង់ ដោយសារលោក រ៉ុង ឈុន គាត់បានទៅមើលព្រំដែន ហើយអ្វីដែលគាត់ធ្វើសេចក្ដីថ្លែងការណ៍នេះ គ្រាន់តែជាការស្នើសុំ និងជាការរកឃើញរបស់គាត់នៅពេលគាត់ចុះទៅត្រួតពិនិត្យព្រំដែនហ្នឹង។ ចំណុចទាំងអស់នេះហើយដែលមេធាវីយល់ឃើញថា ការឃុំខ្លួនកូនក្ដីមិនមានភាពយុត្តិធម៌ មិនទាន់មានលក្ខណៈត្រឹមត្រូវ ហេតុដូច្នេះហើយបានជាមេធាវីសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីឲ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញលើដីកាសម្រេច»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីថ្ងៃសៅរ៍ ដោយចោទពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចោទនេះ បន្ទាប់ពីលោកបានចុះជួបពលរដ្ឋនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយពលរដ្ឋអះអាងថា កម្ពុជាបាត់ដីទៅវៀតណាម ហើយអាជ្ញាធរវៀតណាមបានរុញច្រានពលរដ្ឋ ២០០ ម៉ែត្រមកក្នុងទឹកដីកម្ពុជា។
ក៏ប៉ុន្តែគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៃទីស្ដីការគណៈរដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបដិសេធសេចក្ដីថ្លែងការណ៍របស់លោក រ៉ុង ឈុន ហើយថាជាការបំភាន់សាធារណមតិ ផ្សព្វផ្សាយព័ត៌មានមិនពិត ។
ស្របពេលជាមួយគ្នានេះសង្គមស៊ីវិល និងសមាគមរួមទាំងសហជីពក្នុងស្រុកចំនួន ១៤១ បានចេញសេចក្ដីថ្លែងការណ៍រួមមួយពីម្សិលមិញ ស្នើសុំទៅតុលាការ និងរដ្ឋាភិបាលឲ្យទម្លាក់បទចោទលើលោក រ៉ុង ឈុន ។ សេចក្ដីថ្លែងការណ៍រួមបានលើកឡើងថា ការចោទប្រកាន់ និងឃុំខ្លួនលោក រ៉ុង ឈុន គឺជាការរំលោភសិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ។
នេះជាលើកទី ៣ ហើយដែលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួនលើកទី ១ មានរយៈពេល ៣ ខែធ្វើឡើងកាលពីឆ្នាំ ២០០៥ ពាក់ព័ន្ធនឹងអត្ថាធិប្បាយរឿងសន្ធិសញ្ញាព្រំដែនរវាងកម្ពុជា និងវៀតណាម។
រីឯការចាប់ខ្លួនលើកទី ២ គឺនៅឆ្នាំ ២០១៤ ករណីចូលរួមតវ៉ាឲ្យដោះលែងមនុស្ស ២០ នាក់ដែលត្រូវបានចាប់ខ្លួនរឿងតវ៉ាក្រោយការបោះឆ្នោតឆ្នាំ ២០១៣។ នេះបើតាមអង្គការសង្គមស៊ីវិលដដែល។
សេចក្ដីថ្លែងការណ៍នោះ អះអាងថា៖ «បន្ទាប់ពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាង ១ ទសវត្សរ៍ ការចាប់ខ្លួនចុងក្រោយនៃប្រធានសហជីពគួរឲ្យសរសើររូបនេះ គឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះពលរដ្ឋកម្ពុជាដែលគ្រាន់តែប្រើសិទ្ធិធានាដោយរដ្ឋធម្មនុញ្ញរបស់ខ្លួនក្នុងការសម្ដែងមតិ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងពីម្សិលមិញថា សេចក្ដីថ្លែងការណ៍រួមនេះ ភាគច្រើនជាអង្គការសង្គមស៊ីវិលដែលមិនសូវមានសកម្មភាព។ លោកថានេះជាសិទ្ធិសេរីភាពនៃការសម្ដែងមតិរបស់សង្គមស៊ីវិលប៉ុន្តែជាទិដ្ឋភាពផ្លូវច្បាប់ ការទាមទារនេះមិនអាចដាក់សម្ពាធលើតុលាការបានទេ។
លោកថា៖ «ករណីលោក រ៉ុង ឈុន តុលាការ និងសមត្ថកិច្ចអនុវត្តច្បាប់ និងនីតិវិធីតុលាការដែលមានជាធរមាន ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់។ មធ្យោបាយដែលជួយដល់លោក រ៉ុង ឈុន មានតែមួយទេគឺចូលរួមក្នុងនីតិវិធីរបស់តុលាការ ហើយការពារតាមផ្លូវច្បាប់ ដើម្បីបង្ហាញភ័ស្តុតាង និងមូលដ្ឋានរឹងមាំដែលដោះបន្ទុកថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់»។
ទាក់ទិននឹងបញ្ហានេះដែរកាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញសេចក្ដីប្រកាសមួយ ដោយព្រមានចំពោះការជួបជុំតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញឲ្យដោះលែងលោក រ៉ុង ឈុន ដោយបានចាត់ទុកថា ពុំមែនជាទង្វើត្រឹមត្រូវតាមច្បាប់ទេ។
សេចក្តីប្រកាសនេះបញ្ជាក់ថា «សូមបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់ខ្លួនមុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់»៕
វីដេអូ៖