មណ្ឌលគិរីៈ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បង្ហើប​រឿង​អំពើពុករលួយ លួច​ធ្វើលិខិត​ខុសច្បាប់ ដើម្បី​លក់​ដី​រដ្ឋ​រាប់សិប​ហិកតា​ពី​សំណាក់​អភិបាលស្រុក​អូរាំង​នៃ​ខេត្តមណ្ឌលគិរី ដែល​មាន​មន្ត្រី​ចំនួន​ជាង ១០ ​នាក់​ទៀត​ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​អភិបាលស្រុក​រូបនេះ​បាន​បដិសេធ​។

តាម​គណនី​ហ្វេសប៊ុក​របស់​លោក​ សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​បង្ហោះ​កាលពី​ថ្ងៃទី​ ៦ មីនា អះអាង​ថា​អភិបាលស្រុក​អូរាំង​នៃ​ខេត្តមណ្ឌលគិរី​លោក​ សៀក មុន្នី រួម​នឹង​មន្ត្រី​មួយចំនួនទៀត​លួច​ដី​រដ្ឋ​លក់​រាប់សិប​លាន​ដុល្លារ​។

ការអះអាង​យ៉ាង​ដូច្នេះ​ដោយ​លោក​សំអាងថា ក្រោយ​ការស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​បាន​ពិនិត្យ​លើ​ភ័ស្តុតាង​ឃើញ​ថា អភិបាលស្រុក​អូរាំង​លោក​ សៀក មុន្នី និង​បក្ខពួក​ជាង​ ១០ ​នាក់​បានរៀបចំ​ឯកសារ​ខុសច្បាប់ វាយ​ត្រា​មុន​លើ​ឯកសារ​ជាច្រើន​ច្បាប់​ទាំង​គ្មាន​ចុះ​ថ្ងៃ ខែ​។ ករណីនេះ​មាន​ការសហការ​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការលួច​ដី​របស់​រដ្ឋ​រាប់រយ​ហិកតា ដែល​មាន​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​។

តាម​ការរកឃើញ​នេះ​លោក សាប៊ុង ក៏បាន​បង្ហើប​ឈ្មោះ​អ្នក​ពាក់ព័ន្ធ មាន​ដូចជា លោក​ ខាត់ សាក់ មេបញ្ជាការ​ប្រតិបត្តិការ​សឹករង​ខេត្ត​មណ្ឌលគិរី លោក​ សុខ សុវណ្ណារិទ្ធ ជា​នាយករង​រដ្ឋបាល​សាលាស្រុក​អូរាំង​លោក យាន សុខ ប្រធាន​រដ្ឋបាល​សាលាស្រុក​អូរាំង និង​លោក​ សាលី ប៉ោ មន្ត្រី​ក្នុង​សាលាស្រុក​អូរាំង និង​ឈ្មោះ​ ង៉ែត ប៊ុនធឿន មន្រ្តី​ពន្ធនាគារ​ខេត្ត​។ ពួកគេ​មាន​ឈ្មោះ​លើ​ឯកសារ​ខុស​ច្បាប់​ដើម្បី​យក​ដី​របស់​រដ្ឋ ខណៈ​ឈ្មោះ​ កែវ ប៊ុនថន ជា​អ្នក​ឈរឈ្មោះ​ឲ្យ​លោក​អភិបាលស្រុក​អូរាំង ដើម្បី​រៀបចំ​ឯកសារ​ខុសច្បាប់​យក​ដី​ទាំងនោះ​។

ក្រៅពី​មន្ត្រី​ពាក់ព័ន្ធ​ទាំងនេះ​លោក​ សុខ សុវណ្ណវឌ្ឍនា សាប៊ុង បង្ហើប​ទៀត​ថា ក្នុងនោះ​ក៏មាន​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​ការចុះហត្ថលេខា​ដើម្បី​រៀបចំ​ឯកសារ​ខុសច្បាប់​នេះ​។ ក្នុងនោះ​មាន​លោក​ សៀក មុន្នី ដែលជា​អភិបាល ស្រុក​អូរាំង​ផ្ទាល់​ដែល​មាន​ភ័ស្តុតាង​ជា​សំឡេង​បាន​បញ្ជា​ដោយ​ខុសច្បាប់​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ចុះហត្ថលេខា បោះត្រា​លើ​ឯកសារ​ដី​ចំហ​ថ្ងៃ ខែ ឆ្នាំ និង​ចំហ​ទំហំ​ដី និង​បាន​បោះត្រា​ខុស​ច្បាប់​លើ​លិខិត​ទាំងនោះ​ដោយ​រួមមាន​ការសហការ​ជាមួយ​មេភូមិ ចៅសង្កាត់​ជាច្រើនរូប​ផងដែរ​។

ពាក់ព័ន្ធ​នឹង​ការរកឃើញ​នេះលោក​ សាប៊ុង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​បន្ថែមថា ករណី​នេះ​ជា​ការបំពាន​អំណាច​ជា​ការប្រើ​អំណាច​ដោយ​ទុច្ចរិត​លួច​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ លោក​អះអាង​ថា​លោក​មាន​ឯកសារ​ខុសច្បាប់ ជា​ភ័ស្តុតាង​សរុប​ ៥០ ​សន្លឹក​។ បើតាម​ការបញ្ជាក់​ពី​មេបក្ស​រូបនេះ គឺ​ករណីនេះ​លោក​នឹង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ស្នើឲ្យ​មាន​វិធានការ​តាមច្បាប់​ដោយ​លោក​ចាត់ទុកថា អំពើ​ទាំងនេះ​គឺជា​អំពើ​ខុសច្បាប់​។

លោក​បន្ថែមថា​៖ «​ឯកសារ​ទាំងនេះ​យើង​មិនដឹង​តួលេខ ទំហំ​ដី ប៉ុន្មាន​ទេ ព្រោះតែ​ឯកសារ​ទាំងអស់​សុទ្ធតែ​ឯកសារ​ចំហ​ដែល​បានន័យថា យក​ប៉ុន្មាន​ក៏បាន​ដែរ​យក​ធំ​ក៏បាន យក​តូច​ក៏បាន អត់​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ទេ ហើយ​ចង់យក​ ១ ​សន្លឹក ១០០ ​ហិកតា​ក៏​បាន​ដែរ​។ ទាំងនេះ​មិន​អាច​ប្រកែក​បានទេ ដោយសារ​តែមាន​ភ័ស្តុតាង​អស់​ហើយ​នេះ​ជា​នីតិវិធី​ខុសច្បាប់ ព្រោះ​តាម​នីតិវិធី​រដ្ឋបាល​យើង​គឺ​ចុះ​ថ្ងៃខែ​ហើយ​បាន​យើង​បោះត្រា តែ​នេះ​ អត់​អ៊ីចឹង​ទេ​»​។

ក្នុងនាម​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក លោក​អំពាវនាវ​ដល់​សាធារណជន​គួរ​ផ្អាក​ការទិញ​អចលនទ្រព្យ​ដី​នៅ​តំបន់​ស្រុក​អូរាំង ខេត្តមណ្ឌលគិរី ប្រសិន​ជា​ពិនិត្យឃើញ​ឯកសារ​ពាក់ព័ន្ធ​មិន​ត្រឹមត្រូវ ព្រោះ​ឯកសារ​ទាំងនេះ​អាច​ជា​ឯកសារ​ខុសច្បាប់​ទេ​។

ទោះយ៉ាងណា​លោក​ សៀក មុន្នី អភិបាលស្រុក​អូរាំង​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងនេះ​ដោយ​បាន​អះអាងថា លិខិត​ទាំងនេះ​មិនមែន​ជា​លិខិតផ្លូវការ​ដែល​ចេញ​ដោយ​អាជ្ញាធរ​នោះទេ​។ ក្រៅពី​អះអាង​ដូច្នេះ​លោក​បន្តថា ជាទូទៅ​អាជ្ញាធរ​មាន​ឯកសារ​ជាច្រើន​ដែល​ចុះហត្ថលេខា ដូច្នេះ​ឯកសារ​ទាំងនោះ​មិនមែន​ជា​លិខិត​ផ្លូវការ​របស់​អាជ្ញាធរ​ដែល​អាច​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ជាមួយ​នឹង​ការពាក់ព័ន្ធ​នឹង​ដី​រដ្ឋ​ដី​អីហ្នឹង ក៏​អត់​មាន​ដែរ​។ ការដែល​មាន​ឯកសារ​បោះត្រា អត់​មាន​ចុះ​ថ្ងៃខែ​នោះ ព្រោះ​ជាធម្មតា​យើង​មាន​ឯកសារ​ច្រើន ដែល​យើង​ចុះហត្ថលេខា​សិន​ទៅ ទើប​យើង​ពិនិត្យ​មើល​សិន​។ ប៉ុន្តែ​មិនទាន់​ចេញ ដើម្បី​ដឹងថា តើ​វា​ធំ​ឬ​យ៉ាងម៉េច​។ ម្យ៉ាងទៀត វា​គ្រាន់តែ​ជា​ការធ្វើការ​របស់​ស្មៀនឃុំ ព្រោះ​ពេល​ខ្លះ​ការងារ​គាត់​ច្រើន​»​។

បន្ថែម​ពីនេះ​លោក​ សៀក មុន្នី ក៏​អះអាង​ដែរ​ថា លោក​នឹង​មិន​ខ្លាច​ចូលទៅ​បំភ្លឺ​រាល់​ការកោះហៅ​ពី​មន្ត្រី​ណាមួយ ជុំវិញ​ករណីនេះ​នោះទេ​។

លោក​ អ៊ុង សេរីវុទ្ធី មេភូមិ​ពូវ៉ាង​លោក​ ញ៉ាង ម្យក់ មេភូមិ​ពូហ្យាម លោក ថ្វាន់ ត្រែល មេឃុំ​សែនមនោរម្យ និង​លោក​ ច្រូត ខន មេឃុំ​ស្ដីទី​ដែល​រង​ការចោទ​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការចុះហត្ថលេខា​បោះត្រា​លើ​លិខិត​ខុសច្បាប់ ដែល​ចំហ​ថ្ងៃ ខែ ឆ្នាំ និង ចំហ​ទំហំ​ដី​ទាំងនេះ​ពី​ម្សិលមិញ មិន​អាច​ទាក់ទង​បានទេ ព្រោះ​មួយចំនួន​លេខ​ទូរស័ព្ទ​មិនអាច​ទាក់ទង​ចូល និង​មួយចំនួនទៀត មិនមាន​ប្រភព​ទាក់ទង​។

លោក​ សុខ សេរ៉ា អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ក្នុងនាម​រដ្ឋបាលខេត្ត​នឹង​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ឲ្យ​ប្រាកដថា ការចោទប្រកាន់​នេះ ពិត ឬ​មិន​ពិត​។

លោក​បញ្ជាក់ថា​៖ «​តែ​កាលណា​មាន​ភាពមិនប្រក្រតី​បែបនេះ យើង​នឹង​ធ្វើការ​ផ្នែក​ផ្លូវច្បាប់​។ បើសិន​ជា​បានដឹង​បុគ្គល​ច្បាស់​យ៉ាងណា​នោះ ចាំមើល​ខ្ញុំ​ចូលធ្វើការ​វិញ​ថ្ងៃ​ចន្ទ យើង​នឹង​ឆ្លើយ​ជូន​បន្ថែមទៀត​»៕