ក្រចេះ: ​មេឃុំ​កំពង់ចាម ក្រុម​ប្រឹក្សាឃុំ នាយរង​ប៉ុស្ដិ៍​រដ្ឋបាល និង​មេភូមិ​ចំនួន ៧ ភូមិ ព្រម​ទាំង​ប្រជាពលរដ្ឋ​ចំនួន ១២៩៤ គ្រួសារ​នៅ​ក្នុង​ស្រុក​សំបូរ​កាលពី​ថ្ងៃទី​ ២៨ កញ្ញា បាន​ដាក់​ពាក្យ​ប្ដឹង​លោក ញ៉ែម វិសាល នាយក​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ទៅ​អភិបាលខេត្ត​ក្រចេះ​ពី​បទ​គំរាម​ពលរដ្ឋ និង​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​។ នេះ​បើ​តាម​ពាក្យ​បណ្ដឹង​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​។

លោក​ ឈិត ណន ​មេឃុំ​កំពង់ចាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក និង​ក្រុមប្រឹក្សា​ឃុំ នាយរង​ប៉ុស្ដិ៍​រដ្ឋបាល​ទាំងអស់ មេភូមិ​ចំនួន ៧ ភូមិ និង​ពលរដ្ឋ ១២៩៤ នាក់​បាន​ផ្តិត​មេដៃ​ដាក់​ពាក្យ​ប្ដឹង​ទៅ​លោក​អភិបាលខេត្ដ​រួច​ហើយ ដើម្បី​ស្នើ​ឲ្យ​ជួយ​រក​យុត្តិធម៌​។

លោក​បន្ដ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​ឯកឧត្តម​អភិបាលខេត្ដ គាត់​មិន​នៅ​ស្ងៀម​ទេ ព្រោះ​នេះ​ជា​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​គាត់​រង​ទុក្ខលំបាក ហើយ​ខ្ញុំ​ជា​អាជ្ញាធរ​ដែនដី បើ​មិន​ជួយ​ប្រជាពលរដ្ឋ តើ​ឲ្យ​ខ្ញុំ​ជួយ​ពី​ណា​? ពួកគាត់​ពឹង​យើង តើ​ឲ្យ​យើង​ឱបដៃ​មើល​គេ​ធ្វើបាប ពួកគាត់​យ៉ាង​ម៉េច​?»​។

តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី​ ២០ ខែ​កញ្ញា​ដែល​បាន​ដាក់​ទៅ​លោក​ វ៉ា ថន អភិបាលខេត្ដ​ក្រចេះ​កាលពី​ថ្ងៃទី​ ២៨ ខែ​កញ្ញា​បាន​សរសេរ​ថា​សព្វ​ថ្ងៃនេះ​លោក ញ៉ែម វិសាល បាន​ដឹកនាំ​មន្ត្រី​ប្រដាប់​អាវុធ​ក៏​ដូចជា​ក្រុម​គ្រួសារ​មក​បោះ​ទីតាំង​ស្នាក់ការ​ឈរ​ជើង​នៅ​ចំណុច​កំពត​គយ​ក្នុង​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ​ដោយ​ចាំ​ស្ទាក់​ថ្លឹង​ឈើ​យក​លុយ​ពី​ពលរដ្ឋ​ដែល​ដឹកអុស ដឹកឈើ​តាម​ម៉ូតូ ឬ​គោយន្ត​ចេញ​ពី​ព្រៃ ក្បែរ​តំបន់​ព្រៃឡង់​ដោយ​អាជា្ញធរ​ឃុំ​បាន​លើកឡើង​ថា សកម្មភាព​របស់​ក្រុមមន្ត្រី​ទាំងនោះ​ធ្វើ​មក​លើ​ពលរដ្ឋ​ប្រៀប​ដូច​ «​ចោរប្លន់​»​។

ពាក្យបណ្តឹង​ដដែល​សរសេរ​រៀបរាប់​អំពី​សកម្មភាព​មួយ​ចំនួន​របស់​ក្រុមមន្ត្រី​បរិស្ថាន​ថា​៖ «​កន្លងមក​ពួកក្រុម​មន្ត្រី​ទាំងនោះ​ធ្លាប់​បាន​ចាប់​កូនលោក​មេភូមិ​ធ្វើ​បាប​ព្រមាន​បាញ់​នៅ​ពេល​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​មិន​បាន​បង់លុយ​ឲ្យ​ទៅ​ពួកគេ និង​សកម្មភាព​ចាប់​ពលរដ្ឋ​ក្នុង​ភូមិ​វាយដំ​ដាក់​ខ្នោះ បង្អត់បាយ និង​ជំរិត​ទារលុយ​ដោយសារ​តែ​រកស៊ី​មិន​បង់​លុយ​ឲ្យ​ទៅ​ពួកគេ​គ្រប់​ចំនួន​»​។

លោក​ ឆាយ ដួងសាវុធ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ក្រចេះ​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ព័ត៌មាន​អំពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​ឃុំ​កំពង់ចាម​ប្ដឹង​នោះ​ហើយ ប៉ុន្ដែ​លោក​បាន​បដិសេធ​ធ្វើ​អធិប្បាយ​លម្អិត​អំពី​រឿង​នេះ​ដោយ​លើក​ឡើង​ថា លោក​នឹង​ធ្វើ​របាយការណ៍​បំភ្លឺ​វិញ​។

លោក​ថា​៖ «​ខ្ញុំ​អត់​មាន​អី​ត្រូវ​ដោះស្រាយ​ទេ ខ្ញុំ​នឹង​ធ្វើ​របាយការណ៍​បំភ្លឺ​។ មិន​ដូច​ពួកគាត់​និយាយ​ទេ ពួកគាត់​...​ជួញដូរ​សត្វព្រៃ​អី​សោះ​ដល់​ពេល​គេ​បង្ក្រាប​តាម​នីតិវិធី គាត់​ថា​គេ​ហ្នឹង​គាបសង្កត់ ថា​គេ​ហ្នឹង​ដាក់​ខ្នោះ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​មាន​របាយការណ៍​គ្រប់គ្រាន់​ទាំងអស់​។ ខ្ញុំ​ឲ្យ​យក​មក​អស់​ហើយ មាន​ទាំង​រូបថត​អី​ក៏​មាន​...​ខ្ញុំ​មិន​និយាយ​ទេ​។ បើ​ចង់​ជួបៗ​ផ្ទាល់មាត់ ខ្ញុំ​មិនអាច​សម្ភាស​តាម​ហ្នឹង​ទេ​...​។ បង​ឯង​ចង់​ច្បាស់ បង​ឯង​មក​មន្ទីរ​បរិស្ថាន​ខេត្ដ​ក្រចេះ​។ ខ្ញុំ​ទទួល​បង​ឯង ២៤ ម៉ោង​។ ខ្ញុំ​អត់​អាច​បំភ្លឺ​បាន​ទាំងអស់​...​មក ខ្ញុំ​មាន​ឯកសារ​ឲ្យ​មើល​ទាំងអស់​»​។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​លោក​នាយក​រដ្ឋបាល​ខេត្ដ​ក្រចេះ​ដែល​ទើប​ឡើង​កាន់​តំណែង​បាន​រយៈពេល​ជាង ២ ខែ ដែល​បាន​បដិសេធ​ប្រាប់​ឈ្មោះ​បាន​ថ្លែង​ថា​៖​ «​បើ​ចង់ដឹង​ទាល់តែ​ទៅ​ដល់​ទីតាំង​នោះ ទើប​ដឹងថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ពួកគាត់​កំពុង​ធ្វើ​អ្វី​។ គេ​ទៅ​ឃាត់ គេ​មិន​ទៅ​គំរាម​អី​ទេ គ្រាន់​តែ​ទៅ​ឃាត់ ទៅ​ណែនាំ​ច្រើន​លើក​ច្រើន​សា​»​។

លោក​លើក​ឡើង​ថា កន្លង​មក​ពលរដ្ឋ​នៅ​ឃុំ​កំពង់ចាម​បាន​ចុះ​ទៅ​កាប់​ឈើ​នៅ​តំបន់​អភិរក្ស និង​បាន​សាងសង់​ខ្ទម​នៅ​ទី​នោះ​ថែម​ទៀត ទើប​មាន​ការហាមឃាត់​ពី​អាជ្ញាធរ​។ «​គាត់​ប្ដឹង​ជា​រឿង​របស់​គាត់ ប៉ុន្ដែ​ត្រង់​គាត់​រំលោភ​ព្រៃឈើ គាត់​អត់​ដឹង​ថា ព្រៃ​នោះ​គេ​អភិរក្ស​ទុក​។ គេ​មិន​គំរាម​ទេ​កាលណា​គាត់​ធ្វើ​ល្មើស​ច្បាប់​គេ​ទៅ​ប្រាប់​អ៊ីចឹង ហើយ​បែរ​ជា​ថា​គេ​គំរាម​ពួកគាត់​»​។

លោក​ វ៉ា ថន មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ ហើយ​លោក ខាន់ ចំណាន អភិបាលរង​ខេត្ត​ក្រចេះ​ថ្លែង​ថា​លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យបណ្ដឹង​នោះ​នៅ​ឡើយ​៕