បន្ទាយមានជ័យៈ លោក ឌិន ពុទ្ធី មេដឹកនាំសហជីព ១ រូប នៅក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីប្តឹងទាស់នឹងសាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលសម្រេចឲ្យរូបលោកមានទោស ពាក់ព័ន្ធនឹងករណីអតីតមន្ត្រីនគរបាលម្នាក់ដែលលោកថា «បានធ្វើពុតដួលសន្លប់» នៅមុខឡានរបស់លោក កាលពីឆ្នាំ ២០១៦។
កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ សាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រកាសសាលក្រម ដោយសម្រេចកាត់ទោសលោក ឌិន ពុទ្ធី ហៅ ម៉ង់ ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាពីបទហិង្សាដោយចេតនាតាមមាត្រា ២១៧ ឲ្យជាប់ពន្ធនាគារ ១ ឆ្នាំ ប៉ុន្តែ អនុវត្តទោស ២១ ថ្ងៃ និងព្យួរទោសដែលនៅសេសសល់ ក្នុងករណីអតីតមន្ត្រីនគរបាលម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ បានដួលសន្លប់នៅមុខរថយន្តរបស់លោក កាលពី ២២ ខែធ្នូ ឆ្នាំ ២០១៦។
លោក ឌិន ពុទ្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រោយមេធាវីរបស់លោកទទួលបានសាលក្រម ដែលសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រកាសដាក់ទោសរូបលោក លោកបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍រួចហើយ កាលពីថ្ងៃទី ១៧ មករា ឆ្នាំ ២០១៩ ដោយប្តឹងទាស់ត្រង់សេចក្តីសម្រេចទាំងមូល។
លោក ពុទ្ធី បញ្ជាក់ថា៖ «សាលក្រមហ្នឹងអយុត្តិធម៌ ខ្ញុំគ្មានកំហុសអីសោះ មកដួលមុខឡានខ្ញុំសោះ ឡានខ្ញុំអត់បានបុក អត់បានប៉ះអីសោះ មកចោទខ្ញុំ កាត់ទោសខ្ញុំ មិនត្រឹមត្រូវ ដែលវាមិនបានចូលពន្ធនាគារទៀតទេ ប៉ុន្តែអ្វីដែលខូចខាតគឺថា បាត់បង់កេរ្តិ៍ឈ្មោះ កិត្តិយស ដែលមានន័យថា ខ្ញុំជាមនុស្សខូច។ សាលក្រមហ្នឹង បើទុកឲ្យចូលជាស្ថាពរ នឹងប៉ះពាល់ដល់ការងាររបស់ខ្ញុំ ព្រោះតែយើងធ្វើការងារសង្គម ហើយជាប្រធានសហជីពទៀត តាមលក្ខខណ្ឌ កាលណាមានទោស គឺអាចប៉ះពាល់ដល់ការងាររបស់ខ្ញុំ»។
លោក គួយ ធុនណា មេធាវីការពារក្តីលោក ឌិន ពុទ្ធី ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា វាជារឿងអយុត្តិធម៌ ដែលកូនក្តីលោកត្រូវមានទោស ខណៈមាន សាក្សី និងភ័ស្តុតាងដែលបញ្ជាក់ថា កូនក្តីលោកគ្មានទោស ព្រោះតែអង្គហេតុវាមិនត្រឹមត្រូវទាល់តែសោះ។
លោកបញ្ជាក់ថា៖ «វាគ្មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់ទោសគាត់ទេ វាគ្មានធាតុផ្សំបទល្មើសសោះ ព្រោះមនុស្សអត់នៅក្នុងឡាន (ពេលកើតហេតុ) ហើយណាមួយ ដើមបណ្តឹងមិនចូលខ្លួនទៅទៀតផង។ ដូច្នេះការប្តឹងបន្ត គឺយើងមានសាក្សី ២-៣ នាក់ ដែលយើងមានសង្ឃឹមថា ខាងសាក្សីទាំងអស់ បានឃើញថា គាត់ (កូនក្តីលោក) អត់បានបុកផង»។
លោក រឿន លីណា ប្រធានលេខាធិការដ្ឋានផ្នែករដ្ឋបាលនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានថ្លែងថា លោកបានទទួលពាក្យបណ្តឹងនេះហើយ ដោយកំពុងរៀបចំសំណុំរឿងនេះបញ្ជូនទៅសាលាឧទ្ធរណ៍។ តែលោកមិនអាចឆ្លើយតបបានទេចំពោះការចោទប្រកាន់ថា តុលាការកាត់ក្តីលើសំណុំរឿងនេះយ៉ាងណានោះ ព្រោះជាការសម្រេចរបស់ចៅក្រម។ លោកបញ្ជាក់ថា៖ «យើងទុកពេលឲ្យគាត់ប្តឹងឧទ្ធរណ៍ ហើយការសម្រេចចំពោះយើង បើមានការប្តឹងឧទ្ធរណ៍ គឺហួសសមត្ថកិច្ចហើយ»។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងកាលពីម្សិលមិញថា បណ្តឹងទាស់ទើបតែដាក់ដូច្នេះសាលាដំបូង មិនទាន់បញ្ជូនសំណុំរឿង មកសាលាឧទ្ធរណ៍នៅឡើយទេ ដូច្នេះ លោកមិនអាចបកស្រាយអ្វីបានទេ។ លោកបញ្ជាក់ថា៖«ខ្ញុំមើល ខ្ញុំសិក្សាស្អែកសិនថ្ងៃចូលធ្វើការវិញ។ ចាំមើលអង្គហេតុសិនហើយមើលតាមអង្គច្បាប់សិន ថាបើបានខ្ញុំជម្រាបជូនវិញ»។
លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ដែលតាមឃ្លាំមើលសំណុំរឿងនេះបានលើកឡើងថា ការសម្រេចរបស់តុលាការគឺជាឆន្ទានុសិទ្ធិរបស់គាត់ តែយ៉ាងណាក្នុងករណីនេះ តុលាការ ពិតជារងនូវភាពអាម៉ាស់ ដែលសម្រេចដាក់ទោសអ្នកដែលគ្មានកំហុស ព្រោះកន្លងទៅករណីនេះ បានទទួលរងការរិះគន់យ៉ាងច្រើន ពីសំណាក់មហាជន ហើយក៏បានបង្ហាញថា ការចោទប្រកាន់នេះ ពុំត្រឹមត្រូវដែរ ។ លោក ចាន់គា សង្ឃឹមថា នៅពេលបណ្តឹងនេះឡើងដល់សាលាឧទ្ធរណ៍ ជនរងគ្រោះនឹងទទួលបានយុត្តិធម៌។
លោកបញ្ជាក់ថា៖ «ការប្រើប្រាស់យន្តការឆន្ទានុសិទ្ធិរបស់ចៅក្រម របស់តុលាការខេត្តបន្ទាយមានជ័យជាតុលាការគំរូ វាហាក់ដូចជាប្រើប្រាស់ជ្រុលហួស ព្រោះមនុស្សយើង បើទោះជាដាក់ទោសព្យួរ កំណត់ប៉ុនណាក៏ដោយ ក៏ជាបទល្មើសដែរ ក៏ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ខ្លួនដែរ ព្រោះថា ធ្លាប់ជាប់គុក ឬទទួលនូវទោសទណ្ឌណាមួយក្នុងលិខិតថ្កោលទោសរបស់គាត់។ យើងសុំឲ្យខាងតុលាការជាកន្លែងយុត្តិធម៌ សូមឲ្យពិចារណារក្សានូវសេចក្តីថ្លៃថ្នូររបស់ខ្លួន»។
តាមរបាយការណ៍នគរបាលបានឲ្យដឹងថា កាលពីខែធ្នូ ឆ្នាំ២០១៦ លោក ឌិន ពុទ្ធី បានបិទស្ពានមួយនៅជិតច្រកព្រំដែន នៅពេលដែលនាយរងនគរបាលអន្តោប្រវេសន៍ឈ្មោះ ឈាន ពិសិដ្ឋ បានសុំឲ្យលោក ពុទ្ធី យកឡានរបស់លោកចេញ។ ប៉ុន្តែបើតាមវីដេអូឃ្លីបមួយ ដែលបានចែកចាយពេញបណ្តាញសង្គម បានបង្ហាញថា លោក ពិសិដ្ឋ ត្រូវបានឃើញដួលនៅមុខឡានរបស់លោក ពុទ្ធី ខណៈដែលឡានពុំមានចលនានោះទេ។ ភ្លាមៗក្រោយពីកើតហេតុ លោក ឌិន ពុទ្ធី ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ថា បានបើកឡានបុកលោក ឈាន ពិសិដ្ឋ សន្លប់ ប៉ុន្តែក្រោយមក គឺនៅដើមខែមករា ឆ្នាំ ២០១៧ លោកត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្នវិញ។ លោក ពុទ្ធី បានអះអាងជាបន្តបន្ទាប់ថា លោក ពិសិដ្ឋបាន «ធ្វើពុតជាដួលសន្លប់» នៅមុខឡានរបស់លោក៕
(កែសម្រួលដោយ សូ វិសាល)