ភ្នំពេញៈ ក្រោយ​ពី​ទទួល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក មេបញ្ជាការ​កង​អង្គរក្ស​ដ៏មាន​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋមន្ត្រី លោក​ ហ៊ីង ប៊ុនហៀង បាន​ប្រកាស​វាយបក​ទៅ​លើ​ជនអាមេរិក​ណា​ដែល​មិន​គោរព​អធិបតេយ្យភាព​ និង​មាន​មហិច្ឆតា​ឈ្លានពាន​ប្រទេស​កម្ពុជា ហើយ​បាន​ជំរុញ​ឲ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ​បង្កក​ទ្រព្យសម្បតិ្ត​របស់​លោក​ឲ្យ​បាន​ឆាប់​ចុះ​។

ក្នុង​លិខិត​ចេញ​ពី​ម្សិលមិញ​ ២ ​ថ្ងៃ​ក្រោយ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​មិន​ឲ្យ​ជាន់ដី​អាមេរិក ព្រម​ទាំង​បង្កក​ទ្រព្យសម្បត្តិ​ផង​នោះ នាយឧត្តមសេនីយ៍​ផ្កាយ​មាស​ ៤ ​អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងអង្គរក្ស លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះអាង​ថា លោក​ចង់​ធ្វើ​ជា​មិត្ត​របស់​អាមេរិក​ណាស់ ប៉ុន្តែ​ថា​លោក​មាន​ចិត្ត​យ៉ាង​មុតមាំ ដើម្បី​រក្សា​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ដាច់ខាត​ «​និង​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​វាយបក​ទៅ​លើ​ជន​អាមេរិក​ណា​ដែល​មិន​គោរព​នូវ​អធិបតេយ្យភាព​នៃ​ប្រទេស​ឯករាជ្យ​មួយ​ព្រម​ទាំង​មាន​មហិច្ឆតា​ឈ្លានពាន​មក​លើ​ប្រទេស​ខ្ញុំ ហើយ​ថែម​ទាំង​បាន​គាំទ្រ និង​ញុះញង់​ពួកក្បត់​ជាតិ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បញ្ជាក់​ថា​ថ្វី​ដ្បិត​តែ​លោក​ចង់​ធ្វើ​ជា​មិត្ត​របស់​អាមេរិក​ក៏ពិតមែន​ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​គឺ​លោក​មិន​គោរព​ច្បាប់​របស់​អាមេរិក​នោះ​ទេ​។

លោក​ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​៖ «​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​។ ដូច្នេះ​ខ្ញុំ​មិន​ត្រូវ​បាន​គោរព​តាម​ច្បាប់​របស់​អាមេរិក​នោះ​ទេ ខ្ញុំ ដាច់​ខាត​គោរព​តាម​ច្បាប់​របស់​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​មាន​នីតិរដ្ឋ​ពេញលេញ​នៅ​លើ​ឆាក​អន្តរជាតិ​»​។

ឆ្លើយតប​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍​រូប​នេះ​អះអាង​ថា លោក​មិន​មាន​ទ្រព្យសម្បត្តិ​សម្រាប់​ទុក​ឲ្យ​សហរដ្ឋអាមេរិក​បង្កក​នោះ​ទេ ហើយ​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក​ឲ្យ​បាន​លឿន​បំផុត ប្រសិន​បើ​រកឃើញ​ថា​លោក​មាន​ទ្រព្យសម្បត្តិ​នៅ​អាមេរិក​។ លោក​ក៏​បាន​ថ្លែង​បែប​ចំអក​ឲ្យ​សហរដ្ឋ​អាមេរិក​ថា​មិន​ចាំបាច់​ផ្តល់​ទិដ្ឋាការ​ឲ្យ​លោក​ទេ​ព្រោះ​លោក​មិន​ចង់​ទៅ​អាមេរិក​ឡើយ​។

ជាមួយ​នឹង​ការប្រកាស​នេះ​លោក​ក៏​បាន​ប្រាប់​ទៅ​សហរដ្ឋ​អាមេរិក​អំពី​ការឈឺចាប់​របស់​លោក និង​ក្រុមគ្រួសារ​ក៏​ដូចជា​ប្រទេស​ជាតិ​ដែល​លោក​ថា ការឈឺចាប់​របស់​លោក​គឺ​បង្ក​ឡើង​ដោយសារ​ទង្វើ​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ទម្លាក់​គ្រាប់បែក​រាប់លាន​តោន​មក​លើ​ប្រជាជន​ខ្មែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ក្បត់ជាតិ និង​បក្ខពួក​ប្រឆាំង​ដែល​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មាន​បរទេស​នៅ​ពី​ក្រោយ​ខ្នង​»​។ លោក​ក៏​បាន​ប្រកាស​ប្តេជ្ញា​ការពារ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក្រុម​គ្រួសារ​ឲ្យ​បាន​ជា​​ដាច់ខាត​។

ទណ្ឌកម្ម​ដែល​ធ្វើ​ឡើង​ដោយ​សហរដ្ឋអាមេរិក​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ជា​មេ​អង្គរក្ស​របស់​លោក ហ៊ុន សែន បាន និង​កំពុង​ធ្វើឲ្យ​មាន​ការ​ប្រតិកម្ម​ក្នុង​ជួរ​​មន្ត្រី​ជាន់ខ្ពស់​ក៏​ដូចជា​ស្ថាប័ន​រាជរដ្ឋាភិបាល​ដោយ​បាន​រួម​គ្នា​ចេញ​សេចក្តី​ប្រកាស​ថ្កោលទោស​សហរដ្ឋអាមេរិក​ជា​បន្តបន្ទាប់​។ បើ​តាម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​ក្រសួង​ការពារជាតិ​នឹង​ស្នើ​តាមរយៈ​ក្រសួង​ការបរទេស​កម្ពុជា​ទៅ​ប្រទេស​មហាអំណាច​មួយ​នេះ​សុំ​ឲ្យ​ឆ្លើយ​បំភ្លឺ​រឿង​ការដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​របស់​ខ្លួន​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា​៖ «​យើង​មិន​នៅ​ស្ងៀម​ទេ​។ ខ្ញុំ​ឮថា​ក្រសួង​ការពារ​ជាតិ​តាមរយៈ​ក្រសួង​ការបរទេស​កម្ពុជា​នឹង​សុំ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ពន្យល់​ជា​លម្អិត​ពីព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទទួល​យក​បាន​នូវ​ការដាក់​ទណ្ឌកម្ម ពីព្រោះ​ការដាក់​ទណ្ឌកម្ម​នេះ​វា​អាច​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ការងារ​របស់​សហរដ្ឋ​អាមេរិក ពីព្រោះ​យើង​មាន​លំហ​កិច្ចសហប្រតិបត្តិការ​ច្រើន​ណាស់​ជាមួយ​សហរដ្ឋអាមេរិក​។ គ្មាន​នរណា​មិត្ត​មួយ​ជីវិត ហើយ​ក៏​សត្រូវ​មួយ​ជីវិត​ដែរ​។ ចំពោះ​គោលជំហរ​កម្ពុជា​យើង ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន យើង​មិន​មើល​ឃើញ​សហរដ្ឋអាមេរិក​ជា​ខ្មាំង​ជាមួយ​កម្ពុជា​ទេ​»​។

ស្រប​ពេល​ដែល​ស្ថាប័ន​ផ្សេងៗ​របស់​រដ្ឋាភិបាល​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​សហរដ្ឋ​អាមេរិក​ជា​បន្តបន្ទាប់​ប្រឆាំង​ការដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ីង ប៊ុនហៀង នោះ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ចាត់ទុក​ថា​ខ្លួន​ជា​ព្រលឹង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​បាន​ចេញ​មុខ​គាំទ្រ​វិធានការ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការដាក់​ទណ្ឌកម្ម​លើ​លោក​ ហ៊ីង ប៊ុនហៀង ដោយ​ថា ទណ្ឌកម្ម​លើ​មេអង្គរក្ស​រូប​នេះ​ពិតជា​មាន​ហេតុផល​ត្រឹមត្រូវ ហើយ​ស្វាគមន៍​ឲ្យ​បន្ត​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ចូលរួម​បំផ្លាញ​របប​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​។

សេចក្តី​ថ្លែងការណ៍​ពី​ម្សិលមិញ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​បញ្ជាក់​ថា​៖ «​គណបក្ស​ឆន្ទៈ​ខ្មែរ​ស្នើ​សូមកុំ​ឲ្យ​យក​ចំណាត់ការ​នេះ គ្រាន់តែ​ជា​ថ្នូរ​នយោបាយ ហើយ​ទម្លាក់​ចោល​វិធានការ​ខាង​លើ​តទៅ​ឲ្យ​សោះ​»​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ថ្ងៃទី​ ១៣ មិថុនា​របស់​លោក​ កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ គឺ​កូនស្រី​លោក​ កឹម សុខា កញ្ញា​ កឹម មនោវិទ្យា ​បាន​ជួបពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាមួយ​លោក​ ស្កត់ បាស់ប៊ី (Scott Busby) ឧបការី​រង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ដោយ​កញ្ញា​ស្នើ​សហរដ្ឋអាមេរិក​ «​បន្ត​និង​បន្ថែម​នូវ​ចំណាត់ការ​ផ្សេងៗ​ទៀត​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ត្រឡប់​មក​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​ដើម្បី​ឲ្យ​មាន​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​យូរអង្វែង​ឈរលើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញ​ទៅមក​»​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចាត់ទុក​ការដាក់​ទណ្ឌកម្ម​លើ​លោក​ ហ៊ីង ប៊ុនហៀង ជា​វិធានការ​បរាជ័យ​របស់​សហរដ្ឋអាមេរិក​ដោយ​លោក​ថា​លោក​ ហ៊ីង ប៊ុនហៀង មិន​មាន​ទ្រព្យសម្បត្តិ​ឲ្យ​សហរដ្ឋអាមេរិក​បង្កក​នោះ​ទេ​។

លោក​ សុខ ឥសាន បញ្ជាក់​ថា​៖ «​ចំណាត់ការ​ដាក់​ទណ្ឌកម្ម​នោះ​មិនមាន​ប្រសិទ្ធភាព​ទេ​ហើយ​ក៏​យើង​មិន​ខ្វល់ខ្វាយ​ដោយ​យើង​អត់​មាន​អ្វី​ដែល​ជា​ការខាតបង់​សម្រាប់​អាមេរិក​រឹបអូស​ទេ​។ ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ធ្វើ​សកម្មភាព​អមិត្ត​ជាមួយ​នឹង​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា ពួកគេ​កាន់តែ​បង្កើត​ឡើង​នូវ​ពិរុទ្ធភាព​របស់​ខ្លួន​ហើយ​ខ្ញុំ​យល់​ថា ពួកគេ​គ្មាន​ថ្ងៃ​បាន​ចូល​ស្រុក​វិញ​ទេ​»៕