កណ្តាល: សមត្ថកិច្ច​បាន​បញ្ជូន​ម្ចាស់​ទូ​កុងតឺន័រ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ម្សិលមិញ បន្ទាប់ពី​រកឃើញ​មាន​លួចលាក់​ស្ដុក​ពោះវៀន​ជ្រូក ក្បាល​ទា និង​ស្លាបមាន់ មាន​សារធាតុគីមី​ខុសច្បាប់​សរុប​ប្រមាណ ៥ ​តោន នៅក្នុង​​ទូ​កុងតឺន័រ​ចំនួន ២ ដែល​កំពុង​លាក់ទុក​នៅ​ភូមិ​ជ័យឧត្តម ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ​។

លោក ឈឿន សុចិត្ត ស្នងការ​ខេត្តកណ្តាល​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ល្ងាចម្សិលមិញ​ថា ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ៨ ​ខែ​មេសា និង​បាន​ធ្វើការ​សាកសួរ​តាម​នីតិវិធី​រួចរាល់​។

លោក​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​យើង បាន​បំពេញ​តាម​នីតិវិធី និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​។ តុលាការ​សម្រេច​យ៉ាងម៉េច​គឺ​អាស្រ័យ​ទៅលើ​តុលាការ ពីព្រោះ​វា​ផុតពី​ដៃ​យើង​ហើយ​»​។

លោក វង សែ អធិការរង​ស្រុក​កៀនស្វាយ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ទំនិញ​ ១ ​កន្លែង​ដោយ​រកឃើញ​ទូ​កុងតឺន័រ​មាន​ស្ដុក​ពោះវៀន​ជ្រូក ក្បាល​ទា និង​ស្លាបមាន់​នាំចូល​ខុសច្បាប់​ប្រមាណ ៥ ​តោន​។ ការងារ​នេះ​មាន​ការសម្របសម្រួល​ពី​លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូង​ខេត្តកណ្តាល​បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ឈ្មោះ​ ហ៊ីម សុខហឿន ម្ចាស់​ឃ្លាំង បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​។

លោក សែ ថ្លែង​ថា​៖ «​យើង​បាន​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ត្រួតពិនិត្យ​ឃ្លាំង​ផ្ទុក​ពោះវៀន​ជ្រូក ក្បាល​ទា និង​ស្លាបមាន់ នាំចូល​ខុសច្បាប់​នេះ​។ ជា​លទ្ធផល​រកឃើញ​វត្ថុតាង​ប្រហែល ៥ តោន​ដែល​ខូចគុណភាព​ទាំងអស់​»​។

លោក អ៊ូ ម៉ានរិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកណ្ដាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​លោក និង​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​ស្រុក​កៀនស្វាយ​បាន​ចុះបង្ក្រាប​ទីតាំង​ខាងលើ​នេះ​។

លោក​បន្តថា ទូ​កុងតឺន័រ​ទាំង​ ២ ​ទូ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ​ទៅលើ​ពោះវៀន​ជ្រូក ក្បាល​ទា ស្លាបមាន់ ដែល​មាន​សារធាតុ​គីមី ដោយ​មិនទាន់​បានដឹង​ពី​ទម្ងន់​ពិតប្រាកដ​នៅឡើយ​។

ប៉ុន្ដែ​បើ​តាម​ការសាកសួរ​ម្ចាស់​ទូ​កុងតឺន័រ​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មាន​ពោះវៀន​ជ្រូក ក្បាល​ទា និង​ស្លាបមាន់ សរុប​ទម្ងន់​ចំនួន ៥ តោន​ដោយ​បាន​ប្រមូល​ទិញ​នៅក្នុង​ស្រុក​ខ្មែរ ដើម្បី​យកមក​កែច្នៃ​ធ្វើ​សាច់ក្រក​ដោយ​មិនមែន​ជា​ការនាំចូល​ពី​បរទេស​ទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​​មិនទាន់​កំណត់​សារធាតុ​គីមី​ប្រភេទ​អ្វី​ដែល​ដាក់​នៅក្នុង​ពោះវៀន​ជ្រូក​នេះ​ទេ ព្រោះ​ពោះវៀន​ជ្រូក​ទាំងនេះ​មាន​ក្លិនស្អុយ​ទៅហើយ ដោយសារ​ដាក់​ក្លាស្សេ​ក្នុង​ទូ​ ប៉ុន្ដែ​ដាច់​ភ្លើង​ធ្វើឲ្យ​ពោះវៀន​ជ្រូក​ខូចគុណភាព និង​មាន​ក្លិនស្អុយ​សាយភាយ​ចេញ​មកក្រៅ​។ ដូច្នេះ​យើង​មានតែ​កម្ទេចចោល​ទេ​ព្រោះ​វា​ស្អុយ​ទៅហើយ​»​។

លោក​បន្ថែម​ថា ចំពោះ​ចំណាត់ការ​ទៅលើ​ម្ចាស់​ទូ​កុងតឺន័រ​នេះ​លោក​នៅ​មិនទាន់​ដឹង​ពី​នីតិវិធី​នៅឡើយ​ដោយ​លោក​ប្រគល់​សំណុំ​រឿងនេះ​ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល​។

ចំណែក​សម្ភារ​ដែល​ជា​វត្ថុតាង​ទាំងអស់​នៃ​បទល្មើស​នេះ​លោក​កំពុង​រៀបចំ​នីតិវិធី​ប្រមូល​យកមក​រក្សាទុក រីឯ​ពោះវៀន​ជ្រូកក្បាល​ទា និង​ស្លាបមាន់​នេះ​នឹង​រក​កន្លែង​ដុត​បំផ្លាញចោល​៕