ភ្នំពេញៈ ម្ចាស់សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan នៅក្នុងប្រទេសថៃ ចេញលិខិតចំហ ១ ដោយបានសុំទោសដែលបានធ្វើការចម្លងយកផ្នែកខ្លះនៃប្រាសាទកម្ពុជាមកធ្វើជាសណ្ឋាគារដោយគ្មានការជូនដំណឹង ប៉ុន្តែការសាងសង់ និងរចនាប័ទ្មគឺត្រូវបានធ្វើឡើងដោយស្នាដៃក្រុមការងារកម្ពុជា-ថៃ។
បន្ទាប់ពីការរិះគន់ជាបន្តបន្ទាប់បានជំរុញឱ្យម្ចាស់សណ្ឋាគារនេះចេញលិខិតចំហ ១ ច្បាប់ដោយបង្ហោះជាសាធារណៈកាលពីថ្ងៃទី ៤ តុលា ដោយមានខ្លឹមសារបង្ហាញអំពីការសុំទោសអស់ពីដួងចិត្តរបស់សណ្ឋាគារ។
លិខិតសរសេរថា៖ «យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះរឿងដែលបានកើតឡើងធ្វើឱ្យរំខានដល់អ្នក (កម្ពុជា) ហើយអ្វីដែលបានធ្វើកន្លងមកនេះ គឺគ្រាន់តែចង់បញ្ជាក់អំពីចក្ខុវិស័យដែលចេញពីបេះដូង និងបំណងរបស់ស្ថាបនិករបស់ខ្លួន ដែលជាម្ចាស់សណ្ឋាគារតែប៉ុណ្ណោះ»។
ទោះយ៉ាងណាក៏ដោយមន្ត្រីជំនាញនៅកម្ពុជានៅតែបន្តអះអាងប្រកាន់ជំហរក្នុងការសិក្សាជុំវិញរចនាប័ទ្មសំណង់ប្រាសាទនេះ មុននឹងមានការប្រតិកម្មតាមផ្លូវការទូតណាមួយទៅកាន់ប្រទេសថៃ។
ប៉ុន្តែលិខិតដែលចេញផ្សាយដោយសណ្ឋាគារ Le Palais នៅកោះផាង៉ាន់នេះ បានអះអាងថាជាការបំផុសគំនិតដោយភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ដែលមានទីតាំងនៅប្រទេសកម្ពុជា។ ការសាងសង់ឡើងវិញនូវប្រាសាទនេះគឺមិនអាចធ្វើការប្រៀបធៀបជាមួយនឹងប្រាសាទពិតដ៏អស្ចារ្យរបស់កម្ពុជាបានឡើយ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ៥ តុលាថា កម្ពុជានៅតែបន្តការសិក្សាជុំវិញករណីនេះបន្តទៀត មុននឹងមានប្រតិកម្មតាមផ្លូវការទូតណាមួយទៅកាន់ប្រទេសថៃ។
លោក ប៉ុណ្ណាស៊ីរីវត្ថ ថ្លែងថា៖ «ការសុំទោសរបស់សណ្ឋាគារគឺគ្រាន់ជាផ្នែក ១ តែប៉ុណ្ណោះដែលមិនប៉ះពាល់ដល់ការសិក្សាលម្អិតតាមផ្លូវច្បាប់ និងផ្លូវការទូតណាមួយរបស់កម្ពុជាទៅកាន់ប្រទេសថៃនោះទេ ព្រោះថាបើកម្ពុជាមិនមានវិធានការណាមួយនោះក្នុងពេលខាងមុខអាចនឹងមានករណីដដែលៗនេះកើតឡើងបន្តទៀត ហើយក្នុងពេលអនាគតអាចកើតទៅជារឿងផ្សេងដែលមិនអាចនឹកស្មានដល់»។ «យើងនឹងជជែកបន្តទៀត ព្រោះមានរឿងហ្នឹង ១ អាចមានរឿងតទៀតដែលយើងនៅតែសិក្សា និងចេញសេចក្តីជូនដំណឹងមួយជាផ្លូវការជាមួយថៃ។ ការសុំទោសរបស់សណ្ឋាគារនេះបានធ្វើជាសាធារណៈ គឺជាផ្នែក ១ តែអ្វីដែលយើងត្រូវដោះស្រាយនោះគឺតាមផ្លូវទូត ផ្លូវរដ្ឋ គឺនៅតែបន្ត»។
លោក ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងថា តាមទិដ្ឋភាពទូទៅ ការសាងសង់ឡើងវិញរបស់សណ្ឋាគារ ១ នេះគឺមានគុណវិបត្តិ និងគុណសម្បត្តិ ព្រោះចំណុចល្អគឺជួយផ្សព្វផ្សាយវប្បធម៌របស់កម្ពុជាដែលស្របតាមគោលការណ៍របស់អង្គការ យូណេស្កូ ប៉ុន្តែចំណុចមិនល្អ ដោយសារតែសណ្ឋាគារមួយនេះមិនបានជូនដំណឹង ឬសុំការអនុញ្ញាតពីកម្ពុជា ដូច្នេះកម្ពុជាត្រូវតែសិក្សាឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយទាំងលក្ខណៈច្បាប់ជាតិ អន្តរជាតិ ផ្នែកសាសនា ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ។
មន្ត្រីនៃស្ថានទូតថៃប្រចាំកម្ពុជាកាលពីម្សិលមិញមិនអាចសុំការអត្ថាធិប្បាយបានទេជុំវិញករណីនេះ។ សណ្ឋាគារ Le Palais ស្ថិតនៅកោះ ផាង៉ាន់ ខេត្តស៊ូរ៉ាតថានី បានបើកដំណើរការតាំងពីឆ្នាំ ២០០៧ ដោយបានរចនាដូចសណ្ឋាគារជាប្រាសាទបាយ័ន បន្ទាយស្រី និងប្រាសាទអង្គរវត្តរបស់កម្ពុជា ធ្វើជាបន្ទប់សម្រាក អាងហែលទឹក ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើនទៀត៕