ភ្នំពេញៈ អ្នកស្រី ឈាវ ចិន្តា និង​កូនស្រី ម៉ាលីតា ដែល​រងគ្រោះ​ដោយ​ទឹក​អាស៊ីត​កាលពី​ខែ ​កុម្ភៈ ឆ្នាំ​ ២០០៨ នឹង​ទទួល​បាន​ការព្យាបាល​ដោយ​ការវះកាត់ និង​ថែទាំ​រហូត​ជា​សះស្បើយ​នៅ​សហរដ្ឋអាមេរិក​តាមរយៈ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF) ​សហការ​ជាមួយ​អង្គការ Face Forward International ដែលជា​អ្នករ៉ាប់រង​ក្នុង​ការព្យាបាល​នេះ​។

កុមារី ម៉ាលីតា មាន​វ័យ​ ១៤ ​ឆ្នាំ​ ជា​សិស្ស​នៃ​អង្គការ CCF និង​ម្តាយ​នាង​ឈ្មោះ ឈាវ ចិន្តា អាយុ​​ ៤៤ ​ឆ្នាំ ​គ្រោង​ចេញ​ទៅ​អាមេរិក​នៅ​ខែ​កញ្ញា​នេះ ដើម្បី​ទទួល​ការព្យាបាល​ពី​អ្នក​វេជ្ជសាស្ត្រ​ជំនាញ​នៅ​ទីក្រុង​ឡូសអែនជឺលេស​។ រីឯ​ការចំណាយ​គឺ​អង្គការ Face Forward International ជា​អ្នករ៉ាប់រង​ទាំងអស់​ដែល​សរុប​ថវិកា​ប្រមាណ ៣០ ម៉ឺន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ CCF ​កាលពី​ម្សិលមិញ​។

អ្នកស្រី ចិន្ដា មាន​ដើមកំណើត​នៅ​ស្រុក​ស្អាង​ខេត្ដ​កណ្ដាល​ដែល​រងរបួស​រហូត​ងងឹត​ភ្នែក​​ទាំង​ ២ បាន​ថ្លែង​ថា អ្នកស្រី​ និង​កូន​ហាក់​មាន​សង្ឃឹម​ឡើងវិញ នៅពេល​បាន​មក​ដល់​អង្គការ​ CCF កាលពី​ខែ កុម្ភៈ ឆ្នាំ​ ២០១១​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ទោះបី​ភ្នែក​ខ្ញុំ​ងងឹត​មែន ប៉ុន្ដែ​ក្រោយ​មក​រស់នៅ​អង្គការ ជីវិត​ខ្ញុំ​លែង​ងងឹត​ទៀត​ហើយ ព្រោះ​មាន​អ្នក​លើក​ទឹកចិត្ដ​ និង​យកចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ អាណិតអាសូរ​ខ្ញុំ​។ ខ្ញុំ​ពិតជា​អរគុណ​ខ្លាំងណាស់​។ ​ពិតជា​មិន​នឹកស្មាន​ថា​អាច​ទទួល​បាន​ការមើល​ថែ និង​ការព្យាបាល​បែប​នេះ​ទេ​»​។

ចំណែក​កុមារី ម៉ាលីតា បាន​​និយាយ​ថា ការទទួល​បាន​ការមើល​ថែ​ពី​អង្គការ​ CCF កន្លង​មក​រួម​នឹង​ការព្យាបាល​ក្នុង​ពេល​ខាងមុខ​នេះ​ផង​នឹង​ធ្វើឲ្យ​ជីវិត​នាង​ដូច​កើត​ម្ដងទៀត​។

ម៉ាលីតា បន្ដ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា​ក្រោយ​ការព្យាបាល​នឹង​ទទួល​បាន​លទ្ធផល​ល្អ​។ មុនពេល​ខ្ញុំ​មក​រស់នៅ​អង្គការ ជីវិត​ខ្ញុំ​ពិតជា​លំបាក​ និង​ប្រឈមមុខ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ទៀតផង​។ ប៉ុន្ដែ​ក្រោយ​មក​រស់នៅ​ជាមួយ​អង្គការ​ជីវិត និង​ការសិក្សា​របស់​ខ្ញុំ​មាន​ការល្អ​ប្រសើរ​ឡើង​»​។

លោក Scott Neeson ប្រធាន​អង្គការ​មូលនិធិ​កុមារ (CCF) ​ឲ្យ​ដឹងថា លោក​បាន​ជួប​កុមារី ម៉ាលីតា ដំបូង​គឺ​នាង​អាយុ​ ៦ ​ឆ្នាំ​ពេល​នាង​កំពុង​រស់នៅ​ជាមួយ​ម្តាយ​នៅ​ម្តុំ​ស្ទឹងមានជ័យ​។

ចាប់ពី​ពេល​នោះ​មក​គ្រួសារ​នាង​ទទួល​បាន​ការផ្គត់ផ្គង់​ទីជម្រក​​ដ៏សមរម្យ​មួយ​និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អង្គការ CCF​។

លោក​បាន​ឲ្យ​ដឹងថា កុមារី ម៉ាលីតា ​ជា​សិស្ស​ម្នាក់​នៅ​សាលា Neeson Cripps Academy ដែល​ទើប​ប្រឡង​ជាប់​ថ្នាក់​ទី​ ៩ ថ្មីៗ​កន្លង​ទៅ​នេះ​។ នាង​បាន​ប្រាប់ថា​ចង់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ផ្នែក​ភាពយន្ត និង​ផ្សព្វផ្សាយ​។ ចំណែក​ម្តាយ​របស់​នាង អ្នកស្រី ចិន្តា កំពុង​បម្រើ​ការងារ​នៅ​ឃ្លាំង​អង្ករ​របស់​ CCF​។

លោកស្រី Deborah Alessi ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ Face Forward International បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា​ថ្មីៗ​នេះ ដើម្បី​ជួប​លោក Scott Neeson ក៏ដូចជា​ស្វែងយល់​ពី​ស្ថានភាព​កុមារី ម៉ាលីតា និង​ម្តាយ​របស់​នាង​នៅ CCF ផងដែរ​។

លោក Scott បាន​ថ្លែង​ថា​លោកស្រី Deborah ជា​មនុស្ស​ជួរមុខ​ដែល​បាន​ចុះទៅ​ជួប​ផ្ទាល់​ជនរងគ្រោះ​កំពុង​រងទុក្ខ​ដែល​ត្រូវ​បាន​គេ​បំភ្លេចចោល​ និង​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់​។

លោក Scott ថ្លែងថា​៖ «​កន្លងមក​ខ្ញុំ​បាន​ឃើញ ម៉ាលីតា លូតលាស់ និង​ចាប់ផ្តើម​រីកចម្រើន​។ ក្នុងអំឡុង​ពេល​នោះ​នាង​ស្ថិតក្រោម​ការព្យាបាល​ដ៏ឈឺចាប់​។ ប៉ុន្តែ​ភាពក្លាហាន​របស់​នាង​គឺ​គួរ​ឲ្យ​កត់សម្គាល់​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​ ម៉ាលីតា និង​ម្តាយ​ទទួល​បាន​នូវ​ការផ្ដល់​ក្ដីសង្ឃឹម​មួយ​នេះ​»​។

លោកស្រី Deborah បាន​ឲ្យ​​ដឹងថា ពិតជា​មានការ​ស្ញប់ស្ញែង​ចំពោះ​ការងារ​ដ៏អស្ចារ្យ​របស់​លោក Scott និង​ក្រុមការងារ​រួមទាំង​កុមារ​ទាំងអស់​ក៏ដូចជា​ក្រុមគ្រួសារ​របស់​ពួកគេ​ដែល​ទទួល​បាន​ការផ្តល់​ជូន​ផ្សេងៗ​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ពិត​ជាមាន​ក្តីរំភើប​ជា​ពន់ពេក​ដែល​បាន​ប្រកាស​ពី​ភាពជា​ដៃគូ​របស់​យើង​ជាពិសេស​ការមក​ដល់​ក្នុងពេល​ខាងមុខ​របស់​អ្នកជំងឺ​របស់​យើង​រួមមាន ម៉ាលីតា និង​ម្តាយ​របស់​នាង​។ ម៉ាលីតា ជា​ក្មេងស្រី​ក្លាហាន និង​អស្ចារ្យ​ជាខ្លាំង​។ យើង​នឹង​ចាប់ផ្តើម​ធ្វើការ​វះកាត់​ស្ថាបនា​ស្លាកស្នាម​របួស​របស់​ពួកគេ​នៅ​រដូវក្តៅ​នេះ​។ ក្រុមការងារ​របស់​ពួកយើង​នឹង​បន្ត​មើលថែ​ ម៉ាលីតា និង​ម្តាយ​របស់​នាង​ឆ្ពោះ​ទៅ​កាន់​វិថី​ដ៏ភ្លឺស្វាង​នៅពេល​អនាគត​»​។

លោកស្រី​ឲ្យ​ដឹងថា ជំហាន​ដំបូង ម៉ាលីតា និង​ម្តាយ​របស់​នាង​នឹង​ស្នាក់នៅ​ព្យាបាល​ជាប់លាប់​រយ:ពេល​ប្រហែល​ ៣ ​ខែ​នៅ​អាមេរិក​។ ក្រោយមក​អាច​បន្ត​រហូតដល់​ ៥ ​ឆ្នាំ​ ឬ​លើសពីនេះ​។

លោកស្រី Deborah បញ្ជាក់​ថា​៖ «​យើង​មាន​សុទិដ្ឋិនិយម​ថា យើង​នឹង​អាចជួយ​អ្នក​ទាំង​ ២ ​បាន​ច្រើន​ដើម្បី​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ដំណើរ​ជីវិត​ថ្មី​»​។

គួរ​បញ្ជាក់ថា កុមារី ម៉ាលីតា រងគ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ីត​​ដោយ​ជនដៃដល់​កាលពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​ ២០០៨ នៅ​បរិវេណ​មុខផ្ទះ​សាច់ញាតិ​របស់​នាង​នៅ​ក្រុង​ភ្នំពេញ​ខណៈ​នាង​ទើប​មាន​អាយុ​ ២ ​ឆ្នាំ​ ៨ ​ខែ​។ ចំណែក​ម្តាយ​របស់​នាង​ក៏ត្រូវ​រងរបួស​បន្សល់​ស្លាកស្នាម​ពេញ​ផ្ទៃមុខ​ និង​រាងកាយ​ថែម​ទាំង​ពិការភ្នែក​ទាំង​សងខាង​ថែមទៀត​។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​កត់សម្គាល់​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​អំពើ​ហិង្សា​ដោយ​ទឹក​អាស៊ីត​​បាន​ថយចុះ​។

លោក​ថា​៖ «​ទោះបី​មាន​ការថយចុះ​ក៏ដោយ ប៉ុន្ដែ​ករណី​អំពើ​ហិង្សា​ដោយ​ទឹក​អាស៊ីត​ជា​រឿង​ធ្ងន់ធ្ងរ​ចំពោះ​ជនរងគ្រោះ​ដែល​​អាច​បាត់បង់​ជីវិត​ ឬ​ពិការ​ និង​ត្រូវការ​ពេលវេលា​ព្យាបាល​យូរ​»​។

លោក សំអាត ចាត់ទុក​អំពើ​ហិង្សា​ដោយ​អាស៊ីត​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ចំពោះ​អ្នកលក់​ទឹក​អាស៊ីត​ និង​មាន​យន្តការ​បន្ថែម​ទៀត​ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់លាស់​ចៀសវាង​មាន​អ្នកយក​ទឹក​អាស៊ីត​ទៅ​ប្រើ​លើ​ជនរងគ្រោះ​៕