ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស​បាន​ឱ្យ​ដឹង​ថា​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) នឹង​ចាប់​ផ្តើម​ដំណើរការ​ចាប់​ពី​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ស្អែក​នេះ។

តាម​សារ​សំឡេង​របស់​លោកស្រី ឱ វណ្ណឌីន ដែល​កាសែត ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​លើក​ឡើង​ថា៖ «ខ្ញុំ​សូម​ជម្រាប​ដល់​សមាជិក សមាជិកា​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ទាំង​អស់​ថា​ ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ សម្រាប់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ នេះ​ហើយ។ ដូចនេះ​ទីតាំង​សំខាន់ៗ​ដែល​បាន​រៀបចំ​រួច​ហើយ​នោះ សូម​ត្រៀម​លក្ខណៈ​ដែល​យើង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី ០១ ទៅ»។

លោកស្រី ឱ វណ្ណឌីន នឹង​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដើម្បី​ឱ្យ​សាធារណជន​បាន​ដឹង​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឱ្យ​បាន ១ លាន​ដូស ក្នុង​រយៈពេល ១ ខែ ដើម្បី​ការពារ​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់។

វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ១,៥ លាន​ដូស ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ដឹក​មក​ដល់​ក្នុង​ប្រទេស​កាល​ពី​ថ្ងៃទី ២៦ ខែ មីនា ​កន្លង​ទៅ​នេះ សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត និង​មិន​គិត​ថ្លៃ៕